រាជធានីភ្នំពេញ ៖ រថយន្ដសាមុយគ្លីនិកច្បារអំពៅត្រឡប់ពីដឹកជនរងគ្រោះយកទៅដាក់នៅមន្ទីរពេទ្យរដ្ឋវិញបានបុកម៉ូតូគុបជ្រុងសេ៥០ ពណ៌ទឹកប៊ិច បណ្ដាលឱ្យរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ មករា នៅមុខវិទ្យាល័យព្រះស៊ីសុវត្ថិ តាមមហាវិថីព្រះនរោត្ដមកែងផ្លូវព្រះសុគុណមានបុណ្យក្នុងភូមិ១២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ជនរងគ្រោះជិះម៉ូតូគុបជ្រុងសេ៥០ ពណ៌ទឹកប៊ិច ឈ្មោះព្រហ្ម ច័ន្ទសុបិន្ដ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូគុបជ្រុង សេ៥០ បើកចេញពីផ្លូវព្រះសុគុណមានបុណ្យ ពីកើតទៅលិច មកដល់កែងមហាវិថីព្រះនរោត្ដម ស្រាប់តែមានរថយន្ដសាមុយសង្គ្រោះបន្ទាន់ របស់គ្លីនិកច្បារអំពៅដែលត្រឡប់ពីដឹកជនរងគ្រោះយកទៅដាក់នៅមន្ទីរពេទ្យរដ្ឋ បើកបរក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូគុបជ្រុងរបស់ ជនរងគ្រោះពេញទំហឹងបណ្ដាលឱ្យផ្លោងទៅបោកនឹងកញ្ចក់រថយន្ដរួចរមៀលធ្លាក់ទៅចិញ្ចើមផ្លូវ ចំណែកម៉ូតូអូសជាប់ពីក្រោមរថយន្ដប្រមាណពី៣០ទៅ៤០ម៉ែត្រទើបរបូតចេញ ឯរថយន្ដជ្រុលទៅបុកបង្គោលស្លាកសញ្ញាចរា ចរណ៍នៅចិញ្ចើមផ្លូវបណ្ដាលឱ្យទ្រេតផងដែរ ។
ប្រភពព័ត៌មានបន្ដទៀតថា ក្រោយពេលកើតហេតុជនរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹងត្រូវរថយន្ដសាមុយឯកជនផ្សេងទៀតដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។ ចំណែកម៉ូតូរបស់ជនរងគ្រោះដែលខូចខាតស្ទើរទាំងស្រុងនិងរថយន្ដបង្កហេតុត្រូវ សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោកដើម្បីដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ