Tomas Berdych បានយកឈ្នះពានជើងឯកតឺន្នីសកម្មវិធី Open Sud de France World tour ATPនៅទីក្រុង Montpellierភាគខាងត្បូងប្រទេសបារាំងកាលពីថ្ងៃអាទិត្យទី៥ កុម្ភៈ។ កីឡាករ Berdychបានក្លាយជាម្ចាស់ពានបន្ទាប់ពីយកឈ្នះកីឡាករម្ចាស់ផ្ទះ Gael Monfils នៅវគ្គផ្តាច់ព្រ័ត្រជាមួយលទ្ធផល៦-២,៤-៦និង៦-៣ ។ អំឡុងពេលប្រកួតក្នុងសិតផ្តាច់ព្រ័ត្រ Berdychបាននាំមុខ៥-៣គឺក្នុងខណៈដែលកីឡាករ Monfilsធ្វើឱ្យមានកំហុស Double Faultចំនួន១លើក ។ គេបញ្ចប់ការប្រកួតជាមួយនឹងសឺវីសខ្លាំងលើកទី១២។
Berdychបានថ្លែងថា៖«វាប្រដេញគ្នាយ៉ាងប្រផិតប្រផើយនៅទីបញ្ចប់។ ខ្ញុំសប្បាយចិត្តដែលអាចបញ្ចប់ការប្រកួតដោយទទួលបានជ័យជម្នះ។ អ្វីដែលពិសេសបំផុតនោះគឺអាចបំបាក់បានកីឡាករជើងខ្លាំងរបស់ម្ចាស់ផ្ទះ វាជាបញ្ហាមិនសប្បាយចិត្តសម្រាប់អ្នកគាំទ្រនៅទីនេះ »។ ការនាំមុខការប្រកួតដែលឈានទៅដល់ការទទួលបានជ័យជម្នះរបស់Berdychបានកើតមានឡើងដោយសឺវីសខ្លាំងមួយលើក តែយ៉ាងណាក្តី នៅសិតទី២ គេបានធ្វើឱ្យមានកំហុស Unforced Errorsច្រើន។ សម្រាប់Berdych នេះគឺជាពានជើងឯកលើកទី៧របស់គេហើយនៅក្នុងអាជីព ។
ចំណែកកីឡាករ Monfils និយាយបន្ទាប់ពីបរាជ័យថា៖«កីឡាករ Berdychពិតជាប្រកួតបានល្អមែន។ ចេញដំណើរដំបូងគេធ្វើបានល្អណាស់។ ខ្ញុំបានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព។ ខ្ញុំបានព្យាយាមសងសឺវីសទៅគេវិញបានយ៉ាងល្អ»។ ដោយឡែកក្នុងថ្ងៃជាមួយគ្នានោះដែរ នៅក្នុងទីក្រុង Zagrebប្រទេសក្រូអាស៊ី កីឡាកររុស្ស៊ី Mikhail Youzhnyបានយកឈ្នះពានជើងឯកកម្មវិធី Zagreb Indoorsបន្ទាប់ពីបានបំបាក់កីឡាករ Lukas Lackoក្នុងលទ្ធផល៦-២និង៦-៣ ។
បើគិតពីឆ្នាំ២០១០មក នេះគឺជាពានជើងឯកលើកទី១ហើយសម្រាប់កីឡាករវ័យ២៩ឆ្នាំ Mikhail Youzhny។ គេនិយាយថា៖«នេះគឺជាការប្រកួតដ៏ល្អបំផុតមួយរបស់ខ្ញុំ ។ ខ្ញុំទទួលបានជំនឿចិត្តលើខ្លួនឯងខ្លះដែរមុនមកប្រកួតនៅទីនេះ តែការឡើងទៅកាន់លំដាប់ទី១០លើតារាងចំណាត់ថ្នាក់ពិភពលោកជាថ្មីម្តងទៀត ខ្ញុំមិនហ៊ានអះអាងថាយ៉ាងណាទេ» ៕


ចែករំលែកព័តមាននេះ