ការធ្វើបានពិន្ទុបន្ថែម១អ៊ីហ្គលនិង១បឺឌីបានបើកផ្លូវឱ្យអតីតជើងឯក British Openកីឡាករផូល ឡារីក្លាយជាម្ចាស់ជើងឯកថ្មីកម្មវិធី Qatar Openដែលមានទឹកប្រាក់រង្វាន់សរុប២លាននិង៥សែនដុល្លារអាមេរិក ។ ព្រឹត្តិការណ៍ប្រកួតដែលបំព្រួញមកនៅត្រឹម៣ជុំនេះត្រូវបានរៀបចំធ្វើនៅទីលានវាយកូនហ្គោល Doha Golf Clubស្ថិតក្នុងទីក្រុងដូហាប្រទេសកាតាកាលពីថ្ងៃអាទិត្យទី៥កុម្ភៈកន្លងមកនេះ ។ ផូល ឡារីឆ្លងកាត់ការប្រកួត៣ជុំធ្វើបានលទ្ធផលសរុប១៥អាន់ឌ័រ២០១យកឈ្នះពានជើងឯកដោយគម្លាតពិន្ទុ៤សត់។ នេះគឺជាលើកទី២ហើយដែលរូបគេដណ្តើមបានពានជើងឯក Qatar Openនិងជាលើកទី៨នៅក្នុងក្របខណ្ឌទេសចរណ៍អឺរ៉ុប។
ជ័យជម្នះលើកទី១របស់គេនៅកាតានេះបានកើតមានឡើងកាលពីខែមីនាឆ្នាំទៅមិញ ហើយជ័យជម្នះនាពេលនោះក៏បានបញ្ចប់ផងដែរនូវភាពសោះកក្រោះរយៈពេល៩ឆ្នាំដែលរូបគេមិនដែលបានយកឈ្នះកម្មវិធីណាមួយ។ ក្នុងពេលនេះ ឡារីរកបានកន្លែងមួយរួចជាស្រេចនៅក្នុងកម្មវិធី Ryder Cupឆ្នាំ២០១២។ គេបាននិយាយថា៖«ពេញមួយសប្តាហ៍នេះ ការប្រកួតរបស់ខ្ញុំពិតជាល្អគួរសម»។
ឡារីបានអួតថា ការប្រកួតរបស់ខ្លួនគឺល្អជាងកាលពីឆ្នាំ១៩៩៩ជាពេលដែលគេបានយកឈ្នះពានជើងឯក British Open។ គេបានបន្ថែមថា ការវាយputtរបស់ខ្លួនរីកចំរើនខ្លាំងណាស់ធៀបនឹងរយៈពេលប្រហែលបីខែមុន។ ឡារីបាននិយាយថា៖«អ្នកចាស់បន្តិចហើយហើយអ្នកគឺជាចំណុចស៊ីបដែលគេគិតថា ជាអ្នកចាញ់ក្នុងពេលប្រកួតម្តងៗ។ សម្រាប់ខ្ញុំគឺខ្ញុំគិតផ្ទុយពីនេះ។ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងពូកែជាងមុន។ ខ្ញុំយល់ថា ការវាយកូនបាល់របស់ខ្ញុំពិតជាបានរីកចំរើន ពោលគឺចាប់ពីពេលដែលឈានចូលដល់អាយុ៤០ឆ្នាំ។ ដូច្នេះជារឿងដ៏អស្ចារ្យបំផុតដែលបានឈ្នះជើងឯកលើកនេះ »។
កីឡាករអូស្ត្រាលី Jason Dayនិងកីឡាករស៊ុយអែត Peter Hansonបញ្ចប់៣ជុំប្រកួតធ្វើបានលទ្ធផលស្មើគ្នា ១១អាន់ឌ័រ ២០៥ស្ថិតនៅចំណាត់ថ្នាក់លេខ២ស្ទួននាំមុខ២ស្ត្រូកលើកីឡាករអាមេរិក John Dalyដែលបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ៤។ John Dalyឆ្លងកាត់ការប្រកួត៣ជុំធ្វើបានលទ្ធផលសរុប៩អាន់ឌ័រ ២០៧។ ចំណែកកីឡាករអេស្ប៉ាញ Sergio Garciaបញ្ចប់៣ជុំធ្វើបានលទ្ធផលសរុប៨អាន់ឌ័រ ២០៨ស្ថិតនៅចំណាត់ថ្នាក់លេខ៥ស្ទួនជាមួយកីឡាករSoren Hansen, Ricardo Gonzalezនិងកីឡាករ Jean-Baptiste Gonnet។
កីឡាករជើងខ្លាំងលំដាប់ពិភពលោករបស់អាល្លឺម៉ង់ ម៉ាទីន ឃេម័របញ្ចប់៣ជុំប្រកួតធ្វើបានលទ្ធផល ៧អាន់ឌ័រ២០៩ល្អជាងកីឡាករជើងខ្លាំងលំដាប់ពិភពលោករបស់អង់គ្លេសលី វេសវូដដែលធ្វើបានត្រឹម៦អាន់ឌ័រ ២១០ស្ថិតនៅចំណាត់ថ្នាក់លេខ១២ស្ទួន ។ ការបែងចែកទឹកប្រាក់រង្វាន់ ម្ចាស់ជើងឯកផូល ឡារីទទួលបាន៣១ម៉ឺននិង៦ពាន់ដុល្លារខណៈកីឡាករ Peter Hansonនិង Jason Dayជ័យលាភីលេខ២ទទួលបានទឹកប្រាក់ក្នុងម្នាក់ៗ ១៦ម៉ឺននិងជាង៦ពាន់ដុល្លារ ៕


ចែករំលែកព័តមាននេះ