ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករបែលហ្ស៊ិក ថំ ប៊ូណិនឈ្នះដំណាក់បើកឆាកប្រណាំងកង់ Tour of Qatar

14 ឆ្នាំ មុន

កីឡាករ​បែល​ហ្ស៊ិក​ថំ ប៊ូ​ណិន​បាន​បើក​រ​ដូវ​កាល​ប្រ​ណាំង​ឆ្នាំ​ថ្មី​របស់​ខ្លួន​ជា​មួយ​​ជ័យ​ជម្នះ​ក្នុង​ដំ​ណាក់​បើក​ឆាក​​កម្ម​វិធី​ Tour of Qatar ឆ្នាំ​2012​​​​កាល​ពី​ថ្ងៃ​អាទិត្យ​​​ទី៥ កុម្ភៈ កន្លង​មក​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​លាន​វាយ​កូន​ហ្គោល​​ ​Doha Golf Club ស្ថិត​ក្នុង​ទី​ក្រុង​ដូ​ហា ប្រទេស​កាតា​។ ​ប៊ូណិន​ដែល​ជា​អ្នក​ជិះ​កង់ឱ្យ​​ក្រុម​Omega Pharma-QuickStep​​​បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ១៤២,៥​​​​​​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​Barzan Towers​ឆ្ពោះ​ទៅ​កាន់​ទី​លាន​វាយ​កូន​ហ្គោល​​ ​Doha Golf Clubស្ថិត​ក្នុង​ទី​ក្រុង​ដូ​ហាប្រ​​ទេស​កាតា​ដោយ​ប្រើ​អស់​ថិរវេ​លា​​៣ម៉ោង​១១​នាទី​និង​៣២​​វិនាទី​​យក​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​របស់​អង់​គ្លេស​​​​ Adam Blythe ដែល​ជិះ​ឱ្យ​​ក្រុម BMC Racing Team​​​និង​​​បានយក​ឈ្នះ​កីឡាករស្លូ​វ៉ា​គី​​ ​​Peter Sagan​ជិះ​ឱ្យ​​ក្រុម ​Liquigas-Cannondale​​​​​​​​ដែល​ទាំង​ពីរ​នាក់​បាន​ប្រើ​ថិរវេលា​ច្រើន​ជាង​ស្មើៗគ្នា​​ ​។​

ថ្លែងបន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​​កីឡាករ​ប៊ូណិន​​បាន​បញ្ជាក់​ដោយ​ក្តី​រីក​រាយ​ថា​៖«ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា​ ខ្លួន​ឯ​ង​នៅ​តែ​អាច​ចូល​រួម​ប្រកួត​ប្រជែង​ជា​មួយ​បណ្តា​កីឡាករ​ខ្លាំង​ៗ​បាន​។ កាល​ពី​ឆ្នាំ​ទៅ​មិញ​​ ខ្ញុំ​កំ​ពុង​តែ​សម្រាក​ព្យាបាល​របួស​ជើង​ឆ្វេង​។​ របួស​នោះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ខាត​ពេល​អស់​ជា​ច្រើន​ខែ​។ បន្ទាប់​ពី​នោះ​មក​ ខ្ញុំ​ក៏​បាន​រង​គ្រោះ​ម្តង​ទៀត​ដោ​យ​បាក់​ឆ្អឹង​ដៃ​នៅ​​អំឡុង​ការ​ប្រ​ណាំង​កម្ម​វិធី Tour of Spain។ ប៉ុន្តែ​ក្នុង​ពេល​នេះ​ អ្វី​លែង​កើត​មាន​លើ​ខ្លួន​ខ្ញុំ​ទៀត​ហើយ​។​ ទី​បំ​ផុត​ខ្ញុំ​បាន​រួច​​ផុត​ពី​របួស​ទាំងអស់ »។​

​អតី​ត​ជើង​ឯក​ពិភពលោក​រូបនេះ​បានថ្លែង​ទៀត​ថា ខ្លួន​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ដែល​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​ថ្ងៃ​អា​ទិត្យ​។ ប៊ូណិន​និយាយ​​ថា ខ្លួន​​​បាន​ចំណាយ​ពេល​តែ​៣​ម៉ោង​ប៉ុណ្ណោះ​ធ្វើ​ដំណើរ​មក​ដល់​ប្រ​ទេស​កា​តា ។​ ឯនៅ​លើ​តារាង​ពេល​វេលា​សរុប​វិញ បន្ទាប់​ពី​បញ្ចប់ដំ​ណាក់​ទី​១​នេះ កីឡាករ​ប៊ូ​ណិន​ស្ថិត​នៅ​លំ​ដាប់​លើ​គេ​ដោយ​ប្រើ​ថិរវេលា​សរុប​អស់​៣​ម៉ោង​ ១១​នា​ទី​និង​២២​វិនា​ទី​នាំ​មុខ​កីឡាករ​អង់​គ្លេស​    Adam Blythe​​​ដែល​ប្រើ​អស់​ថិរវេលា​ច្រើន​ជាង​៤​​វិនា​ទី​។ ចំណែក​កីឡាករ​ស្លូ​វ៉ា​គី​​ Peter Sagan ជិះ​ឱ្យ​ក្រុម​ Liquigas-Cannondaleស្ថិត​នៅ​លំ​ដាប់​ទី​៣​ដោយ​ប្រើ​អស់​ថិរវេលា​ច្រើន​ជាង​៦​វិនា​ទី​។​

សូម​បញ្ជាក់​ថា​ ការ​ប្រណាំងកម្ម​វិធី​​ Tour of Qatarឆ្នាំ​2012​​​នេះ​ចែក​ចេញ​ជា​៦​ដំណាក់​និង​មាន​ចម្ងាយ​ផ្លូវ​សរុប៧២៧,៣​​គីឡូ​ម៉ែត្រ​។ ដោយ​ឡែក​ដំ​ណាក់​ទី​២ដែល​ជា​ដំ​ណាក់បន្ត​​មាន​ចម្ងាយ​ផ្លូវ១១,៣​​​​​​​​​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ​ដោយ​ការ​ប្រ​ណាំអ​ធ្វើ​នៅ​ជុំ​វិញ​​​ទី​ក្រុងទើប​បង្កើត​ថ្មី​​​​ឈ្មោះ​ Lusail​​​ស្ថិត​នៅភាគ​ខាង​ជើង​ទី​ក្រុង​ដូ​ហា​ប្រ​ទេស​កាតាប្រហែល​ជា​១៥​គីឡូ​ម៉ែត្រ​ ៕