ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌​មាន​​ដោះដូរ​កីឡា​ករ​ក្នុង​តំបន់​អឺរ៉ុប​ សម្រាប់​ដំណាច់​​ខែ​មករា​

14 ឆ្នាំ មុន

*កីឡា​ករ​ផាភ្លីវ​ ឆេន​កូ ខ្សែ​ប្រយុទ្ធ​​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី​ ​ចាក​ចេញ​ពី​ក្លឹប​​ទៅ​លេង​​ឱ្យ​ក្លឹប Lokomotiv
កីឡា​​ករ​រ៉ូ​ម៉ាន់ ផា​ភ្លី​​វ​ឆេន​កូ ខ្សែ​ប្រយុទ្ធ​​បម្រុង​របស់​ក្លឹប Spurs បានចា​ក​ចេញ​ពី​ក្លឹប​​ក្រោយ​ពី​ចុះ​ហត្ថ​លេខា​រយៈ​ពេល​៣​ឆ្នាំ​កន្លះ​ផ្លាស់​ទៅ​ក្លឹប​ Lokomotiv ​ជា​ស្រុក​កំណើត ។ ការ​ផ្លាស់​ក្លឹប​​ខាង​លើ​​មិន​បាន​​បង្ហើប​ឱ្យ​ដឹង​​ពី​​តម្លៃ​ខ្លួនទេ ប៉ុន្តែ​រំពឹង​ថា តម្លៃ​​ខ្លួន​​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​ប្រហែល​៨​លាន​ផោន ។ ​ស្រប​ពេល​ជា​មួយ​​គ្នា​នេះ​ដែរ ​វ៉េបសាយ​​របស់​ក្លឹប Lokomotiv បាន​បង្ហើប​ឱ្យ​ដឹង​ថា «កីឡា​ករ​រ៉ូ​ម៉ាន់ ផា​​ភ្លី​វ​ឆេន​កូ បាន​ចុះហត្ថ​លេខា​ជា​មួយ​ក្លឹប​ ក្នុង​កិច្ចសន្យា​​រយៈ​ពេល​៣​ឆ្នាំ​កន្លះ» ។ ​គួរ​បញ្ជាក់​ថា ​ការផ្លាស់​ចេញ​របស់​កីឡា​កររូប​នេះ​ ព្រោះ​ស្ថាន​ភាព​លេង​នៅ​ក្នុង​ក្លឹប Spurs មាន​លក្ខណៈ​​ជា​កីឡា​ករ​បម្រុង ​មិន​បាន​ចូល​លេង​​ញឹក​ញាប់​​ ទើប​សម្រេច​ចិត្ត​ផ្លាស់​​​​ទៅ​លេង​ឱ្យ​ក្លឹប​ក្នុង​ក្រប​ខណ្ឌ​​បាល់​ទាត់​​រុស្ស៊ី​ដែល​ជា​​ស្រុក​កំណើតវិញ ។

*ក្លឹប AC Milan ចុះហត្ថ​លេខា​ខ្ចី​កីឡា​ករ​សាល​ឡេ ​ម៉ុន​តារី ពី​ក្លឹប Inter Milan
ក្លឹប​​ Inter Milan បាន​សម្រេច​ចិត្ត​បញ្ចេញ​កីឡា​ករ​សាល​ឡេ ម៉ុន​តារី ខ្សែ​បម្រើ​​ក្រុម​ជម្រើស​ជាតិ​ហ្គា​ណា ទៅ​លេង​ឱ្យ​ក្លឹប​​ AC Milan ​ក្នុង​កិច្ច​សន្យា​ខ្ចី​ រហូត​ដល់​ចប់​រដូវ​កាល​នៅ​ក្នុង​​អំឡុង​ពេល​ចុង​​ក្រោយ​នៃ​ការ​បិទ​​ទីផ្សារ​ជុំទី​២ ក្នុង​ខែ​មករា ។ ​កីឡា​ករ​អាយុ​២៧ឆ្នាំ​​រូប​នេះ​ ដែល​ធ្លាប់​​ឆ្លង​កាត់​បទ​ពិសោធន៍​​ជា​មួយ​ក្លឹប​​កំពូល​ដូចជា​ក្លឹប Portsmouth និង Sunderland ជាដើម បច្ចុ​ប្បន្ន​​បាន​ចូល​ទៅ​លេង​​ឱ្យ​ក្លឹប​ AC Milan ​ដែល​កំពុង​​បាត់​បង់​កីឡា​ករ​ល្បីៗ​ជា​ច្រើន​នាក់​ដោយ​សារ​​របួស ។ ​កីឡា​កររូប​នេះ​​បាន​បញ្ជាក់​ថា ​ការ​មក​លេង​នៅ​​ក្លឹប AC Milan ​លើក​នេះ ស្ថិត​នៅ​ក្នុង​​កិច្ច​សន្យា​ខ្ចី ប៉ុន្តែ​មិន​បាន​បង្ហើប​ឱ្យ​ដឹង​ពី​ប្រាក់​ឈ្នួល​ទេ ។

*ក្លឹប Mainz របស់​អាល្លឺ​ម៉ង់​​ទិញ​កីឡា​ករ​ម៉ូ​ហា​ម៉េដ ​ស៊ី​ដាន ​ខ្សែ​ប្រយុទ្ធ​ក្លឹប Dortmund
Mainz ដែល​ជា​ក្លឹប​​ល្បី​មួយ​ក្នុង​ក្រប​ខណ្ឌ Bundesliga អាល្លឺ​ម៉ង់​ បាន​ទិញ​កីឡា​ករ​ម៉ូហា​ម៉េដ ស៊ី​ដាន ​ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​​អេហ្ស៊ីប ដោយ​ចុះហត្ថ​លេខា​​រហូតចប់​រដូវ​កាល​​នេះ រួម​ទាំង​​អាច​បន្ត​កិច្ច​​សន្យា​បន្ថែម​បាន​រយៈ​ពេល​២​ឆ្នាំ​​ទៀត ក្រោយ​ពី​​ចប់​កិច្ច​សន្យា​​ចាស់ ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ពីតម្លៃ​ខ្លួន​អ្វីឡើយ ។ កីឡា​ករ​ស៊ី​ដាន ​បង្ហាញថា ខ្លួន​មាន​សេចក្តី​សុខ​ដែល​ការផ្លាស់​ក្លឹប​បាន​បញ្ចប់​រួច​រាល់​មុន​ពេល​​​បិទទី​ផ្សារ​ដោះ​ដូរ​ជុំទី​២ ។ ​ខ្លួន​ត្រូវ​ការ​​វិល​ទៅ​លេង​នៅ​ក្លឹប Mainz ហើយ​ការ​ផ្លាស់​ក្លឹប​​នេះ​ធ្វើ​ឱ្យ​ខ្លួន​​អាច​ចូល​លេង​បាន​គ្រប់​គ្រាន់​ និង​មិន​បាន​ក្លាយ​ជា​កីឡា​ករ​បម្រុង​​ដូច​​នៅ​ក្លឹប Dortmund។

*ក្លឹប Sunderland ខ្ចី​កីឡា​ករ​វ៉េន ​ប្រ៊ីដ ពី​ក្លឹប Man City ​រហូត​បញ្ចប់​រដូវ​កាល​២០១១-២០១២
កីឡា​ករ​​វ៉េន​ប្រ៊ីដ ​ខ្សែ​ការពារ​បម្រុង​របស់​​ក្លឹប Man City បាន​ផ្លាស់​​ទៅ​លេង​​ឱ្យ​ក្លឹប​​ Sunderland ជា​គូ​ប្រជែង​នៅ​ក្នុង​លីក ដោយ​កិច្ច​សន្យា​​​​ខ្ចី​រហូត​ដល់​ចប់​រដូវ​កាល កាលពី​ថ្ងៃទី​៣១ មករា កន្លង​មក ។ ​លោក​ម៉ា​ទីន អូនីល អ្នក​ចាត់​ការ​ទូទៅ​ក្លឹប Sunderland បាន​បង្ហាញ​នូវ​ក្តី​​សង្ឃឹម​ថា បទ​ពិសោធន៍​ និង​សមត្ថ​ភាព​​របស់​គេ​អាច​ជួយក្លឹប​​បានច្រើន​រហូត​ដល់​ដំណាច់​រដូវ​កាល​នេះ ។  គួរ​បញ្ជាក់ថា អតីត​ខ្សែ​ការពារ​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស​​អាយុ​៣១​ឆ្នាំរូប​នេះ ​ទើប​ចូល​លេង​ឱ្យ​ក្លឹប Man City ​ក្រោម​ការ​ដឹក​នាំរបស់​លោក​រ៉ូ​ប៊ែរតូ ម៉ាន់​សីុ​នី គ្រូបង្វឹក​​ជនជាតិ​អ៊ី​តាលី បាន​តែ​១​លើក​​ក្នុង​រដូវកាល​នេះ ក្នុង​ការ​ប្រកួត Carling Cup ដោយ​ឈ្នះ​ក្លឹប​​ Birmingham ២-០ ​កាល​ពី​ថ្ងៃទី​២១ កញ្ញា ឆ្នាំកន្លង​ទៅ ។

*ក្លឹប Everton ត្រៀម​​បង្ហាញ​ខ្លួន​កីឡា​ករ​​យេឡា​វិក ដែល​ផ្លាស់​​ចេញពី​ក្លឹប Rangers
ក្លឹប Everton អាច​​ព្រម​ព្រៀង​លើ​តម្លៃ​ខ្លួន​កីឡា​ករ​​នីគីហ្គា យេឡា​វិក ខ្សែ​ប្រយុទ្ធ​​​ក្រុម​ជម្រើស​ជាតិ​​ក្រូអាស៊ី​ ​របស់​ក្លឹប Rangers រួច​រាល់​​​ហើយ ​និង​នៅ​សល់​តែ​កិច្ចសន្យា​ផ្ទាល់​ជា​មួយ​​ខ្សែ​ប្រយុទ្ធ​​ខាង​លើប៉ុណ្ណោះ ក្រោយ​ពី​កីឡា​ករ​​យេឡា​វិក បង្ហាញ​ទម្រង់​​លេង​នៅ​ក្នុង​​លីក​កំពូល​របស់​ស្កុត​ឡែន ​ដោយ​លេចធ្លោ​ក្នុង​អំឡុង​ពេល​ពាក់​កណ្តាល​រដូវ​កាល​​ដំបូង​កន្លង​មក ។ ខ្សែ​ប្រយុទ្ធ​​អាយុ​​២៦ឆ្នាំរូបនេះ ​បាន​ផ្លាស់​ទៅ​លេង​ឱ្យ​ក្លឹប​ Rangers ​កាល​ពី​ឆ្នាំ​​២០១០ ​ក្នុង​តម្លៃ​ខ្លួន​​៤​លាន​អឺរ៉ូ ​ហើយ​ចូល​លេង​ឱ្យ​ក្លឹប​​បាន​៥៥​លើក និង​ស៊ុត​បញ្ចូល​ទី​បានចំនួន​៣៦​គ្រាប់ ៕