នាង Christel Boeljonបានក្លាយទៅជាម្ចាស់ពានជើងឯកវាយកូនហ្គោលកម្មវិធីAustralian Ladies Mastersបន្ទាប់ពីធ្វើបានពិន្ទុ១បឺឌីនៅឡូចុងក្រោយកាលពីថ្ងៃអាទិត្យទី៥កុម្ភៈ។ ព្រឹត្តិការណ៍ប្រកួតនេះត្រូវបានរៀបចំធ្វើនៅទីក្រុង Gold Coastប្រទេសអូស្ត្រាលី ។ នាងBoeljonវ័យ២៤ឆ្នាំបញ្ចប់ជុំផ្តាច់ព្រ័ត្រធ្វើបានលទ្ធផល ៤អាន់ឌ័រប៉ា ៦៨។ សរុបការប្រកួត៤ជុំនាងធ្វើបានលទ្ធផល ២១អាន់ឌ័រ ២៦៧នាំមុខ១សត់ដាច់ប៉ាត់លើកីឡាការិនីកូរ៉េខាងត្បូងSo Yeon Ryuដែលបាននាំមុខកាលពីជុំទី៣។
ថ្លែងបន្ទាប់ពីដណ្តើមបានជ័យជម្នះ នាងBoeljonបានថ្លែងដោយក្តីរីករាយថា៖«ខ្ញុំមិនដែលនឹកគិតថា អាចទទួលបានឱកាសមកឈរទទួលពាននេះទេ។ វាពិតជាពិសេសបំផុត ។ ចាប់ផ្តើមរដូវកាលថ្មីជាមួយនឹងពានជើងឯកបែបនេះវាពិតជាគួរឱ្យភ្ញាក់ផ្អើលបំផុត »។ នេះគឺជាជ័យជម្នះលើកទី២ហើយសម្រាប់នាងBoeljonដែលទើបតែចេញមុខប្រកួតលើកដំបូងក្នុងក្របខណ្ឌទេសចរណ៍អឺរ៉ុបកាលពីឆ្នាំទៅមិញ ។
ចំណែកជើងឯក U.S Openនាង So Yeon Ryuបានចាប់ផ្តើមជុំទី៤ដោយការនាំមុខ៣ស្ត្រូក ប៉ុន្តែត្រូវបានគេវ៉ានៅក្នុងឡូចុងក្រោយ។ នាងបាននិយាយថា៖«ខ្ញុំគិតថា ខ្ញុំត្រូវជឿជាក់លើខ្លួនឯងឱ្យបានខ្លាំងជាងនេះសម្រាប់ការប្រកួតលើកក្រោយ។ ចិត្តរបស់ខ្ញុំពិតជាមិនជ្រះស្រឡះសោះ។ ខ្ញុំចាំបាច់ត្រូវតែគិតរឿងងាយៗ» ។ កីឡាការិនីកូរ៉េខាងត្បូង Kim Ha-neulនិងកីឡាការិនីអុីតាលី Diana Lunaបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ២ស្ទួនបន្ទាប់ពីធ្វើបានពិន្ទុ៦៧។
នាង Frances Bondadសញ្ជាតិអូស្ត្រាលីដើមកំណើតអាមេរិកធ្វើបានល្អជាងថ្ងៃទី១និងទី២ជាមួយនឹងពិន្ទុ៦៣ ខណៈកីឡាការិនីវ័យក្មេងរបស់នូវែលហ្សេឡង់ Lydia Koដែលទើបដណ្តើមបានជ័យជម្នះនៅអូស្ត្រាលីក្នុងពេលថ្មីៗធ្វើបានពិន្ទុដល់ទៅ៦អាន់ឌ័រ ។ កីឡាការិនីជើងខ្លាំងមកពីអង់គ្លេស Laura Daviesធ្វើបានពិន្ទុ៧១នៅជុំផ្តាច់ព្រ័ត្រ សរុបលទ្ធផល៤ជុំប្រកួតនាងធ្វើបានតែ៤អាន់ឌ័រប៉ុណ្ណោះ ។ ឯម្ចាស់ជើងឯកកម្មវិធីនេះ៧ជំនាន់នាង Karrie Webbមិនបានចូលប្រកួតក្នុងសប្តាហ៍នេះទេ តែនាងនឹងចាប់ផ្តើមបើករដូវកាលថ្មីរបស់ខ្លួនក្នុងកម្មវិធី Australian Openនៅសប្តាហ៍ក្រោយ ៕


ចែករំលែកព័តមាននេះ