សាធារណរដ្ឋឆែកដែលជាក្រុមការពារជើងឯកចាស់បានធ្វើដំណើរចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រកួតតឺន្នីសជាក្រុម FedCup World Groupបន្ទាប់ពីកីឡាការិនីរបស់ខ្លួននាងប៉េត្រា គ្វីតូវ៉ាបានបំបាក់គូប្រកួតរបស់ខ្លួននាងសាប៊ីន លីស៊ិកគីកាលពីថ្ងៃអាទិត្យទី៥កុម្ភៈ។ ការប្រកួតនេះរៀបចំធ្វើនៅទីក្រុង Stuttgartប្រទេសអាល្លឺម៉ង់។ នាងគ្វីតូវ៉ាបានបំបាក់នាងលីស៊ិកគីដែលជាកាពីតែនក្រុមរបស់អាល្លឺម៉ង់ក្នុងលទ្ធផល៦-៧,៦-៤និង៦-១ជួយឱ្យក្រុមឆែកយកឈ្នះក្រុមអាល្លឺម៉ង់ ៤-១ ។
កាលពីថ្ងៃសៅរ៍ ទី៤ កុម្ភៈ ឆែកបានយក ឈ្នះក្រុមអាល្លឺម៉ង់ម្តងរួចមកហើយដែរដោយពេលនោះនាងគ្វីតូវ៉ាឈ្នះនាង Julia Goergesខណៈនាង អ៊ីវេតា បេណេសូវ៉ាឈ្នះនាងលីស៊ិកគី។ សម្រាប់អាល្លឺម៉ង់មានតែនាង Angelique Kerberដែលដណ្តើមបានជ័យជម្នះជូនក្រុមខ្លួន។ នាងយកឈ្នះកីឡាការិនីឆែក Lucie Hradecka ក្នុងលទ្ធផល២សិតផ្ទួនៗគ្នា ៦-៤និង៦-៤ តែឆែកនៅតែនាំមុខអាល្លឺម៉ង់ដដែល។
គ្វីតូវ៉ាក្រោយពីបំបាក់នាងលីស៊ិកគីលើកនេះរួចបានថ្លែងថា៖«នៅពេលចាប់ផ្តើម ខ្ញុំមានបញ្ហាខ្លះៗក្នុងការសងសឺវីសទៅគូប្រកួតវិញ ប៉ុន្តែក្រោយមកខ្ញុំរកឃើញវិធីដោះស្រាយហើយអ្វីៗគ្រប់យ៉ាងបានល្អប្រសើរឡើងវិញក្នុងសិតទី២។ ខ្ញុំសប្បាយចិត្តដែលបានដឹងពីវិធីសងសឺវីសទៅគូប្រកួតវិញ។ នាងលីស៊ីកគីពិតជាលេងបានល្អណាស់។ ការប្រកួតរបស់ខ្ញុំនៅពេលនេះគឺមានលក្ខណៈខុសគ្នាដាច់ពីការប្រកួតរបស់នាងជាមួយអ៊ីវេតា តែយ៉ាងណា ខ្ញុំពិតជាសប្បាយចិត្តដែលក្រុមយើងរកបាន៣ពិន្ទុយ៉ាងឆាប់រហ័សបែប
នេះ» ។ នៅវគ្គបន្ទាប់ដែលនឹងធ្វើនៅខែមេសាខាងមុខ ក្រុមឆែកនឹងជួបប្រកួតជាមួយនឹងក្រុមអ៊ុយក្រែនឬអ៊ីតាលី ៕



ចែករំលែកព័តមាននេះ