ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cesar Chavez Jrការ​ពារ​​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBCរបស់​ខ្លួនដោយឈ្នះពិន្ទុ ​Antonio Rubio

14 ឆ្នាំ មុន

Julio Cesar Chavez Jrរក្សា​បាន​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBCក្នុង​ប្រ​ភេទទម្ងន់​ middleweight​​របស់​ខ្លួន​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​ Marco Antonio Rubioដោយ​ពិន្ទុ​ជា​ឯកច្ឆ័ន្ទនៃ​ការ​ប្រកួត​ពេញ​១២​ទឹក​នៅ​ក្រុង​ San Antonioរដ្ឋ​តិច​សាស់​ សហរដ្ឋ​អា​មេរិក​ កាល​ពី​ថ្ងៃ​ទី​៥​ កុម្ភៈ។ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ពេញ​១២​ទឹក​ កីឡា​ករ​Chavez Jrរក្សា​ខ្សែ​ក្រវាត់​របស់​ខ្លួន​បាន​ទាំង​លំ​បាក​ក្នុង​លទ្ធផល​ពិន្ទុ ១១៨-១១០​,១១៦-១១២ និង​​១១៥-១១៣ ។​

​អំ​ឡុង​ជិត​ចប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​១​ Chavez Jrបាន​រង​កណ្តាប់​ដៃ​ស្តាំ​មួយ​ដៃ​ពី​កីឡា​ករ​Rubio។ តែ​ក្នុង​ទឹក​ទី​៣ ​ការ​វាយ​សម្រុក​របស់​គេ​ចាប់​មាន​សន្ទុះ​ខ្លាំង​ និង​បាន​បញ្ជូន​មួយ​ដៃ​ចំ​ក្បា​ល​គូ​ប្រកួត​។ នៅ​ក្នុង​ទឹក​នេះ ​កីឡាករ​ទាំង​២​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ហើប​គូទ​ពី​កៅ​អី​ខណៈ​ពួក​គេ​បាន​ប្តូរ​កណ្តាប់​ដៃ​គ្នា​នៅ​ចុង​ទឹក​។  ទោះ​ជា​យ៉ាង​ណា​នៅ​ចុង​ទឹក​ទី​៤​ Chavez Jrហាក់​វង្វេង​ស្មា​រតី​មួយ​ពេល​ខ្លី​ បន្ទាប់​ពី​រង​កណ្តាប់​ដៃ​ដ៏​ធ្ងន់​របស់​កីឡាករ​​ Rubio។ ចូល​ដល់​ទឹក​ទី​៥​  Chavez Jrចាប់​ស្តា​រមុខ​មាត់​ឡើង​វិញ​ដោយ​បាន​វាយ​ចូល​ដង​ខ្លួន​Rubioជា​ច្រើន​ដៃ។ បើ​ទោះ​ជា​វា​មិន​បាន​ធ្វើ​ឱ្យ​Rubioត្រូវ​អាជ្ញា​កណ្តាល​រាប់​ក៏​ដោយ តែ​វា​ក៏​ធ្វើ​ឱ្យ​គេ​ឈឺ​ចាប់​បន្តិច​ដែរ ។

​ជា​ថ្មី​​ម្តង​ទៀត​ក្នុង​ទឹក​ទី​៧ Rubioបាន​បញ្ជូន​កណ្តាប់​ដៃ​ដ៏​ធ្ងន់​មួយ​លើក​ទៀត​ចំ​ផ្ទៃ​មុខ​ខាង​ស្តាំ​របស់​កីឡាករ​ Chavez Jr។ តែ​នៅ​ក្នុង​ទឹក​ទី​៨​ Chavez Jrធ្វើ​បាន​ល្អ​ឡើង​វិញ​ដោយ​បញ្ជូ​​ន​​កណ្តាប់​ដៃ​ចំ​ផ្ទៃ​មុខ​Rubio យ៉ាង​ច្រើនធ្វើ​ឱ្យ​គេ​វង្វេង​វង្វាន់​។ ​ក្នុង​​​ទឹក​ទី​៩​និង​ទី​១០​ Rubioមានសកម្ម​ភាព​តិច​តួច​ប៉ុណ្ណោះ​។ ដោយ​សង្កេត​ឃើញ​គូ​ប្រកួត​ហាក់​ដូចជា​ធ្លាក់​ដៃ Chavez Jrបាន​បង្កើន​ការ​វាយ​សម្រុក​។ បន្ទាប់​ពី​ឱ្យ​ទឹក​រួច​ ចាប់​ផ្តើម​ទឹក​ទី​១១​ Rubioបង្កើន​សកម្ម​ភាព​វាយ​លុក​ជា​ថ្មី​ម្តង​ទៀត ប៉ុន្តែ​ការ​សម្រុក​ចូល​របស់​គេ​មិន​បាន​ផល​ទេ​ និង​ជា​ញយ​ដង​ត្រូវ​រង​កណ្តាប់​ដៃ​ Chavez Jr ហើយ​បាន​យក​ខ្សែ​រេញ​ធ្វើ​ជា​បង្អែក ។​ រីឯ​ទឹក​ផ្តាច់​ព្រ័ត្រ​ ការ​ប្រកួត​រវាង​កីឡាករ​ទាំង​២​មិន​មាន​​ចំណុច​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ប៉ុន្មាន​ទេ ។​

បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ Chavez Jr​បាន​ថ្លែង​ថា​៖«ខ្ញុំ​មាន​បញ្ហា​បន្តិច​បន្តួច​ជា​មួយ​នឹង​ទម្ងន់​ខ្លួន​។ បន្ទាប់​ពី​បញ្ចប់​ទឹក​ទី​៧​និង​ទី​៨​ ជើង​របស់​ខ្ញុំ​ហាក់​ដូចជា​ចុក​ស្រពន់​។ ខ្ញុំ​ពិត​ជា​មិន​ចង់​ឡើង​វាយជា​មួយ​គី​ឡូ​ដូចជា​កីឡាករ Rubioនេះ​ម្តង​ទៀត​ទេ »។​ បន្ទាប់​ពី​ប្រកួត​លើក​នេះ Chavez Jr​បង្កើត​បានឯតទគ្គកម្ម​ថ្មី​ដោយ​ឈ្នះ​៤៥លើក​មិន​ដែល​ចាញ់ ស្មើ​១លើក ​និង​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​៣១​លើក។ ឯ​កីឡាករ Rubioវិញ ការ​បរាជ័យ​របស់​គេ​ឡើង​ដល់​៦លើក ស្មើ​១លើក​ ឈ្នះ​៥៣​លើក​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​៤៧លើក ៕