ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនីកូរ៉េខាងត្បូង Yeon Ryuឈ្នះជុំទី៣ប្រកួតវាយកូនហ្គោលនៅអូស្ត្រាលី

14 ឆ្នាំ មុន

​ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌ U.S Openនាង So Yeon Ryuបាន​បញ្ចប់​ជុំ​ទី​៣​ប្រកួត​វាយ​កូន​ហ្គោល​ Australian Ladies Mastersដោយ​ធ្វើ​បាន​៣​អាន់​ឌ័រ ប៉ា ៦៩​នាំ​មុខ​៣ស្រ្តូក​ឈាន​ចូល​ជុំ​ផ្តាច់​ព្រ័ត្រ​។ ព្រឹត្តិការណ៍​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទីក្រុង Gold Coastប្រ​ទេស​អូ​ស្ត្រា​លី​កាល​ពី​ថ្ងៃ​សៅរ៍​ទី​៤​ខែ​កុម្ភៈ​ ។​ នាង​ Ryuដែល​កាល​ពី​ជុំ​ទី​២​ធ្វើ​បាន​១១​អាន់​ឌ័រ​ប៉ា ៦៩​ឆ្លង​កាត់​ការ​ប្រកួត​៥៤​រន្ធនៅ​ទី​លាន​ Royal Pinesធ្វើ​បាន​លទ្ធផល​២០​អាន់​ឌ័រ ១៩៦។​

​ចំណែក​កីឡាការិនី​ហូ​ឡង់​ Christel Boeljonធ្វើ​បាន​ពិន្ទុ ៦៨​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លំ​ដាប់​ទី​២​ តាម​ពី​ក្រោយ​​កីឡាការិនី​កូ​រ៉េ​ខាង​ត្បូង Kim Ha-neulនិងកីឡាការិនី​អ៊ី​តាលី​ Diana Luna។ អ្នក​ទាំង​២​បញ្ចប់ការ​ប្រកួត​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៣ស្ទួន​និង​មាន​គម្លាត​ពិន្ទុ​៥​ស្ត្រូក​ពី​នាង Yeon Ryu។  នាង​ Frances Bondadសញ្ជាតិ​អូ​ស្ត្រា​លី​ដើម​កំណើត​អា​មេរិក​ធ្វើ​បាន​ល្អ​ជាង​ថ្ងៃ​ទី​១និង​ទី​២​ជា​​មួយ​នឹង​ពិន្ទុ​៦៣​​។​ ជុំ​ទី​៣​នេះ​នាង​បាន​ឡើង​មក​ដល់​ចំ​ណាត់​ថ្នាក់​លេខ​៥​និង​មាន​គម្លាត​ពិន្ទុ​តែ​៧​ស្ត្រូក​ប៉ុណ្ណោះ​ពី​នាង​Yeon Ryu។ នាង​បាន​ថ្លែង​ថា​៖«នេះ​ជា​ជុំ​ដែល​មាន​លក្ខណៈ​​អំ​ណោយ​ផលល្អ​បំ​ផុត​។ លទ្ធផល​នេះ​នឹង​ជួយ​​​ឱ្យ​ខ្ញុំ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​»។ នាង​ Bondad ក្នុង​ការ​ប្រកួត​លើក​នេះ​ធ្វើ​បាន​ពិន្ទុ​បឺឌី​នៅ​៥​ឡូ​ចុង​ក្រោយ ។​

កីឡាការិនី​អង់​គ្លេស​ Laura Daviesធ្វើ​បានពិន្ទុ​​៧០​ស្ថិត​នៅ​គម្លាត​១៧​ស្ត្រូក​ពី​នាង Yeon Ryu។​ ឯ​ម្ចាស់​ជើង​ឯក​កម្ម​វិធី​នេះ​៧​ជំ​នាន់​នាង Karrie Webbមិន​បាន​ចូល​ប្រកួត​ក្នុង​សប្តាហ៍​នេះ​ទេ​ តែ​នាង​នឹង​ចាប់ផ្តើម​បើក​រដូវ​កាល​ថ្មី​របស់​ខ្លួន​ក្នុង​កម្ម​វិធី Australian Open​នៅ​សប្តាហ៍​ក្រោយ ៕