ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនីអាមេរិកលីនសេ វ៉ុនឈ្នះជើងឯកស្គីចុះជម្រាល World Cupជាលើកទី50

14 ឆ្នាំ មុន

​កីឡាការិនី​អា​មេរិក​លីនសេ វ៉ុន​​បាន​សម្តែង​​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​ដណ្តើម​បាន​ជ័យ​ជម្នះ​ស្គី​ចុះ​ជម្រាល​ World Cupជា​លើក​ទី​៩​​ប្រ​ចាំ​រដូវ​កាល​និង​ជា​លើក​ទី​៥០​​ក្នុង​អា​ជីព​របស់​ខ្លួន​ក្រោយ​ពី​​យក​ឈ្នះ​ពាន​ជើង​ឯក​ក្នុង​កម្ម​វិធី​ Audi FIS Alpine Ski World Cup Women’s Downhillនៅ​ទី​ក្រុង​ Garmisch-Partenkirchen​​​​ប្រ​ទេសអាល្លឺ​ម៉ង់​​កាល​ពី​ថ្ងៃ​សៅរ៍​ទី​០៤​​កុម្ភៈ​​​កន្លង​មក​នេះ​ ។​ ស្ថិត​នៅ​លើ​ទី​លាន​ប្រកួត​Kandaharដែល​មាន​សីតុណ្ហ​ភាព​ដក​១៣​អង្សា​សេ​ នាង​វ៉ុន​ដែល​ជា​ម្ចាស់​ជើង​​ឯក​អូឡាំ​ពិក​បាន​បញ្ចប់​ការ​ប្រ​កួត​ក្នុង​ថិរវេលា​១​នាទី​និង ៤៤.៨៦​វិ​នា​ទី​​នាំ​មុខកីឡាការិនី​ស្វ៊ី​ស​ Nadja Kamerដែល​ប្រើ​ពេល​ច្រើន​ជាង​០.៤១​វិ​នា​ទី​និង​ឈ្នះ​​នាង​ Tina Weiratherមក​ពី​ប្រ​ទេស​ឡេ​តូ​នីដែល​ប្រើ​ពេល​ច្រើន​ជាង​០.៧៩​វិ​នា​ទី ។​

​ថ្លែង​បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ​ នាង​វ៉ុន​បាន​បញ្ជាក់​ថា​៖«វា​ជា​រឿង​ឆ្កួតៗ​ខ្ញុំ​ត្រេក​អរ​រក​ពាក្យ​និយាយ​មិន​បាន​។ ជ័យ​ជម្នះ​លើក​នេះ​ធ្វើ​ឱ្យ​ខ្ញុំទប់​ទឹក​ភ្នែក​មិន​បាន​។ សម្រាប់​ខ្ញុំ​ការ​យំ​ពិត​ជា​គ្រប់​គ្រា​ន់​ហើយក្នុង​ថ្ងៃ​នេះ​។ ឈ្នះ​ជើង​ឯក​ក្នុង​កម្រិត World Cupជា​លើក​ទី​៥០​ក្នុង​អា​ជីព​គឺ​ពិត​ជា​អ្វី​មួយ​ដែល​ធំ​ធេង​បំ​ផុត​។ ខ្ញុំ​ចង់​បាន​បែបនេះ​ជា​យូរ​មក​ហើយ​»។ វា​ពិត​ជា​រឿង​មួយ​កម្រ​ដែល​នាង​លីន​សេ វ៉ុន​យក​ឈ្នះ​ជើង​ឯក​ដល់​ទៅ​៥០​លើក​ក្នុង​អាជីព​។ មាន​តែ​កីឡាការិនី​ពី​រ​ទៅ​៣​រូប​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន​លើស​នាង​បន្តិច​បន្តួច​ក្នុង​នោះ​មាន​កីឡាការិ​នី​អូ​ទ្រីស Annemarie Moser-Proell​ឈ្នះ​៦២លើក និង​កីឡាការិនី​ស្វ៊ី​ស​ Vreni Schnerderឈ្នះ​៥៥​លើក ។

ដោយ​ស្ថិត​នៅ​ក្នុង​វ័យ​២៧​ឆ្នាំ នាង​វ៉ុន​ចាស់​ជាង​នាង​Moser-Proell​បើ​គិត​ពី​ពេល​​ដែល​កីឡាការិនី​រូបនេះ​យក​ឈ្នះ​ជើង​ឯក​ជា​លើក​ទី​៦២​ ប៉ុន្តែ​ធៀប​ជា​មួយ​នាង​Schnerder​វិញគឺ​នាង​វ៉ុន​ក្មេង​ជាង ។​ វ៉ុន​បាន​និយាយ​ថា​៖«គោល​បង​បំណង​របស់​ខ្ញុំ​គឺ​ចង់​យក​ឈ្នះ​ជើង​ឯក​តែ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ» ។​ នៅ​លើ​តារាង​ជើង​ឯក​ពិភពលោក World Cup នាង​វ៉ុន​ពេល​នេះ​កំពុង​តែ​នាំ​មុខ​គេ​ដោយ​ពិន្ទុ​ ៤៨២​ ។​ នាង​កំពុង​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ដណ្តើម​យក​តំណែង​ជើង​ឯក​ពិភពលោក​ពី​នាង​ Hoefl-Riesch។ នាង​បាន​និយាយ​ថា​៖«ខ្ញុំ​តែ​ង​សប្បាយ​ចិត្ត​គ្រប់​ជ័យ​ជម្នះ​រាល់​លើក​។ តែ​លើក​ទី​៥០​នេះ​ធំ​ជា​ង​គេ​​បំ​ផុត​។

ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ថ្ងៃ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ងាក​មើល​ក្រោយ​ពី​អ្វី​ដែល​ធ្វើ​បាន​ក្នុង​ពេល​កន្លង​មក​។ ខ្ញុំ​រៀន​សូត្រ​បន្ត​ទៀត​»។​ នេះ​គឺជា​ជ័យ​ជម្នះ​បន្ត​បន្ទាប់​គ្នា​បន្ទាប់​ពី​នៅ​ប្រ​ទេស​ស្វ៊ី​ស​កាល​ពី​ចុង​ខែ​មក​រា​កន្លង​មក​។ ​​កាល​ពី​រដូវ​កាល​កន្លង​ទៅ នាង​Maria Hoefl-Rieschបាន​បង្អាក់​ដំណើរ​របស់​នាង​វ៉ុន​ក្នុង​ការ​គ្រង​ជើង​ឯក​ World Cupជា​លើក​ទី​៤​ ។​ ​ដោយ​ឡែក​នៅ​ឆ្នាំ​នេះ​ លីនសេន វ៉ុន​គ្មាន​អា​រម្មណ៍​ដែល​សង្ស័យ​ថា ខ្លួន​មិន​អាច​ដណ្តើម​ជ័យ​ជម្នះ​ World Cupលើក​ទី​៤​នោះ​ទេ​។ ពេល​នេះ​នាង​នៅ​​ខ្វះ​តែ​១០០​​ពិន្ទុ​ទៀត​​ប៉ុណ្ណោះនឹង​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​ម្នាក់​ ៕​