យោងទៅតាមការសម្រេចចុងក្រោយរបស់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) បានប្រកាសកាលពីថ្ងៃសុក្រ ទី៤ កុម្ភៈ ថា សហព័ន្ធបានសម្រេចដកហូតតំណែងប្រធានក្រុមពីកីឡាករចន ធៀរី បន្ទាប់ពីកីឡាកររូបនេះកំពុងរងការចោទប្រកាន់ពីបទរើសអើងពូជសាសន៍ដល់កីឡាករ Anton Ferdinand របស់ក្លឹប QPR ក្នុងអំឡុងពេលប្រកួតកាលពីខែតុលា ឆ្នាំ២០១១ ។ ការបើកសវនាការទៅលើសំណុំរឿងរបស់កីឡាករចន ធៀរី ត្រូវបានគេគ្រោងធ្វើឡើងនៅថ្ងៃទី៩ កក្កដា ឆ្នាំ២០១២ គឺរយៈ ពេល៨ថ្ងៃ បន្ទាប់ពីបញ្ចប់ការប្រកួតបាល់ទាត់យូរ៉ូ ក៏ប៉ុន្តែសហព័ន្ធបាល់ទាត់អង់គ្លេសចង់ឱ្យការកាត់ទោសនោះធ្វើឡើងមុនការប្រកួតបាល់ទាត់យូរ៉ូវិញ ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អង់គ្លេសបាននិយាយថា ៖ សហព័ន្ធ នឹងមិនទុកតំណែងប្រធានក្រុមឱ្យកីឡាករចន ធៀរីនោះទេ ប្រសិនបើការចោទប្រកាន់នោះមិនទាន់ត្រូវបានដោះស្រាយឱ្យរួចរាល់ ។ សេចក្តីថ្លែងការណ៍នោះបានបន្តឱ្យដឹងទៀតថា ៖ កីឡាករចន ធៀរី នៅតែមានសិទ្ធិក្នុងក្រុមជម្រើសជាតិដដែល ហើយលោកកាប៉េលឡូអាចជ្រើសរើសយកកីឡាកររូបនេះចូលទីលានប្រកួតបានគ្រប់ពេលទាំងអស់ ។
គួររំលឹកដែរថា នេះគឺជាលើកទី២ហើយសម្រាប់កីឡាករចន ធៀរីដែលត្រូវបានដកហូតតំណែងប្រធានក្រុមក្នុងរយៈពេល២ឆ្នាំនេះ ។កីឡាករចន ធៀរី ធ្លាប់បានបង្ហាញវត្តមាន៧១ ប្រកួតឱ្យក្រុមជម្រើសជាតិ ហើយស៊ុតបាល់បានចំនួន៦គ្រាប់ ។ ក្នុងចំណោម៧១ប្រកួតចន ធៀរីធ្លាប់បានធ្វើជាប្រធានក្រុមចំនួន៣៤លើក ៕
ចែករំលែកព័តមាននេះ