ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យជម្នះរបស់នាងសារ៉ាប៉ូវ៉ាជួយឱ្យរុស្ស៊ីនាំមុខ2-0លើអេស្ប៉ាញប្រកួតតឺន្នីសFed Cupនៅមូស្គូ

14 ឆ្នាំ មុន

នាង​ម៉ា​រី​យ៉ា​ សា​រ៉ា​ប៉ូ​វ៉ា​រួម​នឹង​កីឡាការិនី​មិត្ត​រួម​ជាតិ​របស់​ខ្លួន​នាង ស្វេត​ឡា​ណា គូ​នេតសូ​វ៉ា​បាន​ជួយ​ឱ្យ​ក្រុម​រុស្ស៊ី​នាំ​មុខ​លើ​ក្រុម​អេស្ប៉ាញ​ ២-០​បន្ទាប់​ពី​ពួកគេ​បាន​យក​ឈ្នះ​គូ​ប្រកួត​រៀងៗ​ខ្លួន​ក្នុង​ជុំ​ទី​១​កម្ម​វិធី Fed Cup។ ការ​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​មូ​ស្គូ ប្រ​ទេស​រុស្សុី​កាល​ពី​ថ្ងៃ​សៅរ៍​ទី​០៤​ខែ​កុម្ភៈ​កន្លង​មក​នេះ ។  នាង​សារ៉ា​ប៉ូ​វ៉ា​បាន​បំ​បាក់​នាង Silvia Soler-Espinosa​​ក្នុង​លទ្ធផល​ ៦-២​និង​៦-១​ខណៈ​នាង​គូ​នេត​សូ​វ៉ា​យក​ឈ្នះ​នាង​​​​Carla Suarez Navarroក្នុង​លទ្ធផល​៦-៣​និង​៦-១ ។ អំ​ឡុង​ពេល​ប្តូរ​សឺ​វីស​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ដំ​បូង នាង​សា​រ៉ា​ប៉ូ​វ៉ា​បាន​យក​ឈ្នះ​ពិន្ទុ​លើ​គូ​ប្រកួត​៤​វគ្គ​ជាប់​ៗគ្នា​ក្នុង​សិត​ទី​១​និង​បន្ទាប់​មកក្នុង​សិត​ទី​២​នាង​បាន​យក​ឈ្នះ​៤​​វគ្គ​បន្ថែម​ទៀត​។

បន្ទាប់​ពី​នោះ​មក​ ពិន្ទុ​សឺវីស​Forehandទី​១​របស់​សារ៉ា​ប៉ូ​វ៉ា​បាន​បញ្ចប់​ការ​ប្រកួត​ទាំង​ស្រុង​។ ក្រោយ​​​ពី​ទទួល​បាន​ជោគជ័យ​ សារ៉ា​ប៉ូ​វ៉ា​បាន​និយាយ​ថា​៖«ខ្ញុំ​ភ័យ​បន្តិច​ដែរ​នៅ​ពេល​ចាប់​ផ្តើម​ប្រកួត​ដ្បិតកាល​ពី​ប្រកួត​កម្ម​វិធី​នេះ​ពី​មុន​មក​ ខ្ញុំ​ធ្លាប់​បាន​បរាជ័យ​»។  ​នេះ​គឺ​ជា​លើក​ទី​៣​ហើយ​ដែល​សារ៉ា​ប៉ូ​វ៉ា​ចូល​ប្រកួត​ក្នុង​កម្ម​វិធី Fed Cupឱ្យ​រុស្ស៊ី​។ ការ​ចូល​រួម​កាល​ពី​ឆ្នាំ​២០០៨ ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌធំ​៣​សម័យ​រូបនេះ​បាន​យក​ឈ្នះ​ក្រុម​អ៊ី​ស្រា​អែល​ទាំង​ប្រកួត​ឯកត្ត​ជន​ទាំង​ប្រកួត​ជា​គូ​ តែ​កាល​ពី​ឆ្នាំ​ទៅ​មិញ​នាង​បរាជ័យ​ក្រោម​ថ្វី​ដៃ​ក្រុម​បា​រាំង​។

នាង​បាន​ថ្លែង​ថា​៖«ការ​ប្រមូល​អា​រម្មណ៍​ឱ្យ​បាន​មូល​វា​ពិត​ជា​មាន​សារ​សំ​ខាន់​ខ្លាំង​ណាស់​។ បន្ថែម​ពី​លើ​នេះ​ទៀត​ភាព​ជឿ​ជាក់​ក៏​អាច​បង្ហាញ​ពី​ការ​ប្រកួត​របស់​ខ្ញុំ​ហើយ​ឈាន​ទៅ​ដណ្តើម​បាន​ជោគជ័យ​ក្នុង​ថ្ងៃ​នេះ ។​ ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​លេង​របស់​ខ្ញុំ »។​ ចំណែក​នាង​គូ​នេត​សូ​វ៉ា​វិញ​​បាន​យក ឈ្នះ​ពិន្ទុ​៤​វគ្គ​បន្ត​បន្ទាប់​គ្នា​មុន​ពេល​នាង​ Suarez Navarro ពង្រួញ​គម្លាត​ពិន្ទុ​មក​នៅ​៤-៣​ក្នុង​សិត​ទី​១។ ប៉ុន្តែ​នៅ​សិត​ទី​២​ គូ​ណេត​សូ​វ៉ា​ដែល​ជា​ម្ចាស់​ពាន​ក្រប​ខណ្ឌធំ​ចំនួន​២លើក​បាន​យក​ឈ្នះ​ពិន្ទុ​៥​វគ្គ​បន្ត​បន្ទាប់​គ្នា​ជា​ថ្មី​ទៀត​នាំ​មុខ​ក្នុង​លទ្ធផល​៣-០​។ ទី​បំ​ផុត​នាង​យក​ឈ្នះ​គូ​ប្រកួត​ទាំង​ស្រុង​ដោយ​ពិន្ទុ​សឺវីស​លើក​ទី​២ ។​

នាង​បាននិយាយ​ថា​៖«ការ​ប្រកួត​នេះ​បើមើល​ទៅ​ ហាក់​មិន​ពិ​បាក​ទេ​ តែ​ការ​ពិត​មិន​ដូច្នោះ​ទេ​។ ​ការ​ប្រកួត​ក្នុង​ថ្ងៃ​នេះ​ពិត​ជា​ល្អ​ណាស់​ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ណាស់​ដែរ​ចំពោះ​លទ្ធផល​លើក​នេះ​»។ នៅ​ក្នុង​ការ​ប្រកួត​ខ្វែង​ នាង​សារ៉ា​​ប៉ូ​វ៉ា​នឹង​ជួប​ជា​មួយ​នាង ​​​​Carla Suarez Navarroខណៈ​គូ​នេត​សូ​វ៉ា​ជួប​ជា​មួយ​នាង Silvia Soler-Espinosa​​។ សម្រាប់​រុស្ស៊ី​ចាប់​តាំង​ពី​ឆ្នាំ​២០០៤​មកធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​វិធី Fed Cupនេះ​ចំនួន​៤លើក​រួច​មក​ហើយ​។ ចំណែក​អេស្ប៉ាញ​ធ្លាប់​បាន​យក ឈ្នះ​ជើង​ឯក​៥​លើក​ចន្លោះ​ពី​ឆ្នាំ​១៩៩១​និង​ឆ្នាំ​១៩៩៨៕