បណ្តាអង្គការប្រឆាំងស៊ីរីអះអាងថា មនុស្សដល់ទៅជាង២០០នាក់បានស្លាប់ក្នុងការវាយប្រហារប្រឆាំងទីក្រុងហូម កាលពីយប់ថ្ងៃទី៣ កុម្ភៈ ដោយកងទ័ពស៊ីរី។ ចាប់តាំងពីចាប់ផ្តើមចលនាបះបោរនៅស៊ីរីពីខែមីនា ឆ្នាំទៅមិញមកពួកប្រឆាំងពុំដែលលើកឡើងពីតុល្យការធ្ងន់ធ្ងរបំផុតបែបនេះឡើយ ។ ក៏ប៉ុន្តែអាជ្ញាធរស៊ីរីបានបដិសេធពីការវាយប្រហារលើទីក្រុងហូមនេះ ហើយអះអាងថា វីដេអូទាំងឡាយដែលបង្ហាញបណ្តាសាកសពជនរងគ្រោះគឺជារូបភាពប្រឌិត។
អង្គការសិទ្ធិមនុស្សស៊ីរី OSDH មានមូលដ្ឋាននៅទីក្រុងឡុងដ៍និយាយពីមនុស្សស្លាប់យ៉ាងតិច២១៧នាក់ រួចអង្គការសិទ្ធិមនុស្សប្រឆាំងក្នុងស្រុកមួយលើកឡើងពីតូលេខប្រហាក់ប្រហែលគ្នានេះដែរ ។ ក្រុមប្រឹក្សាជាតិស៊ីរី CNS និយាយពីជនស៊ីវិលស្លាប់២៦០នាក់ ក្រោមគ្រាប់ផ្លោង ហើយបរិហារពីការសម្លាប់រង្គាលយ៉ាងសែនទារុណមួយ។ ប្រជាជនទីក្រុងហូមនិយាយថា ការបាញ់កាំភ្លើងធំ និងកាំភ្លើងត្បាល់ចាប់ផ្តើមពីយប់ថ្ងៃទី៣ កុម្ភៈ ពីម៉ោង២០ម៉ោងក្នុងស្រុកទៅ ប្រឆាំងសង្កាត់ខាលីដឌីយ៉ា។
យោងតាមអង្គការ USDH ថា កងទ័ពស៊ីរីបានបាញ់កាំភ្លើងត្បាល់លើការប្រមូលផ្តុំមនុស្សប្រឆាំងរបបលោកបាចាអាល់អាសាដ ។ សង្កាត់ខាលីដឌីយ៉ា រងការវាយប្រហារខ្លាំងក្លាជាងគេ។ ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា បានស្នើកាលពីថ្ងៃទី៤ កុម្ភៈ ដល់ប្រធានាធិបតីស៊ីរី លោកបាចា អាល់អាសាដ ឱ្យបញ្ឈប់ការកាប់សម្លាប់ ហើយចាកចេញពីអំណាចដើម្បីអាចបង្កើតការឆ្លងកាត់ប្រជាធិបតេយ្យមួយក្នុងប្រទេស។
ក្នុងសេចក្តីប្រកាសមួយ លោកអូបាម៉ា មានប្រសាសន៍ថា កាលពីថ្ងៃទី៣ កុម្ភៈ រដ្ឋាភិបាលស៊ីរីបានសម្លាប់ពលរដ្ឋស៊ីរីជាច្រើនរយនាក់ក្នុងនោះមាននារី និងកុមារ ។ ខ្ញុំថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃទាំងនេះរបស់រដ្ឋាភិបាលស៊ីរីប្រឆាំងប្រជាជនទីក្រុងហូម ហើយខ្ញុំសូមសម្តែងសមានចិត្តចំពោះបណ្តាអ្នកដែលបាត់បង់សាច់ញាតិ ៕
ចែករំលែកព័តមាននេះ