ពួកប្រឆាំង និងពួកអ្នកគាំទ្រនាយករដ្ឋមន្ត្រីរុស្ស៊ី លោកវ៉្លាឌីមៀរ ពូទីន ជាច្រើនពាន់នាក់បានលើកគ្នាធ្វើបាតុកម្មកាលពីថ្ងៃទី៤ កុម្ភៈ នៅទីក្រុងមូស្គូ។ បាតុកម្មគាំទ្រលោកពូទីន ប្រមូលផ្តុំគ្នាប្រមាណជា១៣៨.០០០នាក់នៅសង្កាត់មួយនាភាគខាងលិចក្រុងមូស្គូ ចំណែកបាតុកម្មប្រឆាំងដែលតាមប៉ូលិសថា ប្រមូលផ្តុំមនុស្សប្រមាណជា៣៦.០០០នាក់ នៅក្បែរវិមានក្រឹមឡាំង ក៏ប៉ុន្តែពួកអ្នករៀបចំបាតុកម្មប្រឆាំងអះអាងថា មានមនុស្សចូលរួមដល់ជាង១២០.០០០នាក់។
ពួកអ្នកគាំទ្រលោកពូទីន បានស្នើដល់ពួកប្រឆាំងកុំស្វែងរកធ្វើបដិវត្តន៍មានពណ៌មួយនៅរុស្ស៊ី ចំណែកពួកប្រឆាំងវិញអំពាវនាវឱ្យមានយុត្តិធម៌ ក្នុងការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើនាថ្ងៃទី៤ មីនា ខាងមុខនេះ។ លោកពូទីន បានសម្តែងការអរគុណចំពោះ ពួកអ្នកគាំទ្រលោកដែលបានបង្ហាញពីការគាំទ្ររបស់ពួកគេដល់បេក្ខភាពប្រធានាធិបតីរបស់លោក ដោយលោកមានប្រសាសន៍ថា «ខ្ញុំយល់ស្របតាមទស្សនៈពួកគេ»។
នេះជាលើកទី៣ហើយ ដែលពួកប្រឆាំងបានរៀបចំធ្វើបាតុកម្មនៅក្រុងមូស្គូចាប់តាំងពីការបោះឆ្នោត សភាពីខែធ្នូ ឆ្នាំ២០១១មក ដែលការបោះឆ្នោតនេះពួកប្រឆាំងនិយាយថា ពោរពេញដោយការក្លែងបន្លំ ហើយដែលជោគជ័យបានទៅលើគណបក្សរុស្ស៊ី រួបរួមជាគណបក្សកាន់អំណាចដឹកនាំដោយលោកពូទីន ៕


ចែករំលែកព័តមាននេះ