តុល្យការនៃរលកធាតុអាកាសត្រជាក់ខ្លាំងបំផុត ដែលរាតត្បាតចាប់តាំងពី១សប្តាហ៍មកហើយនៅអឺរ៉ុបអ្នកស្លាប់ឡើងដល់យ៉ាងតិច២៦០នាក់ មកដល់ថ្ងៃទី៤ កុម្ភៈ ពិសេសនៅភាគខាងកើតអឺរ៉ុប ដែលប្រទេសអ៊ុយក្រែន និងប៉ូឡូញរងការប៉ះពាល់ខ្លាំងជាងគេជាមួយមនុស្សស្លាប់ដល់១៦៧នាក់។ នៅអ៊ុយក្រែនពេលនេះគេរាប់ឃើញអ្នកស្លាប់១២២នាក់ ។ សីតុណ្ហភាពក្នុងប្រទេសនេះធ្លាក់ដល់២១អង្សាសេ ក្រោមសូន្យនាពេលថ្ងៃ និងដល់៣០អង្សាសេក្រោមសូន្យនាពេលយប់ ក៏ប៉ុន្តែអាចធូរស្រាលខ្លះវិញនាថ្ងៃទី៤ កុម្ភៈ ។
នៅប៉ូឡូញសីតុណ្ហភាពធ្លាក់ដល់២៧អង្សាសេ ក្រោមសូន្យនាពេលយប់នៅភាគឦសានប្រទេស ដែលធាតុអាកាសត្រជាក់បណ្តាលឱ្យមនុស្សស្លាប់ថ្មី៨នាក់ទៀតធ្វើឱ្យចំនួនអ្នកស្លាប់សរុបឡើងដល់៤៥នាក់។ នៅបូស្នីនាថ្ងៃទី៤ កុម្ភៈ ក៏មានការស្ទះ ដោយសារព្រិលធ្លាក់ខ្លាំងដែរ គឺដល់កម្រាស់១ម៉ែត្រនៅក្រុងសារ៉ាយ៉េវ៉ូ។ ប្រធានាធិបតីក្រូអាស៊ីលោកអ៊ីវ៉ូ ចូស៊ី ប៉ូវិក និងប្រធានាធិបតីស៊ែរប៊ី លោកបូរីស តាឌីក ត្រូវជាប់ទៅណាមិនរួច ក្នុងសណ្ឋាគារនៅទីក្រុងចាហូរីណា ជាទីក្រុងកម្សាន្តលេងស្គីមួយស្ថិតនៅក្បែរទីក្រុងសារ៉ាយ៉េវ៉ូ ដែលលោកទាំង២ជួបគ្នាកំពូលនៅទីនោះ។
នៅម៉ុងតេណេហ្គ្រោ ធាតុអាកាសត្រជាក់ខ្លាំងបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ ហើយតំបន់ភ្នំភាគខាងជើងប្រទេសត្រូវស្ថិតនៅឯកោ ។ នៅរូម៉ានី តុល្យការអ្នកស្លាប់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះគិតដល់ថ្ងៃទី៤ កុម្ភៈ មាន២៨នាក់ ហើយសាលារៀនជាច្រើនរយកន្លែងត្រូវបិទទ្វារ។ នៅប៊ុលហ្គារី ធាតុអាកាសត្រជាក់ខ្លាំងសម្លាប់មនុស្ស១៦នាក់ ៕
ចែករំលែកព័តមាននេះ