រដ្ឋមន្ត្រីក្រសួងប្រេងកាតអ៊ីរ៉ង់ លោករ៉ូស្តាម កាសឺមី ថ្លែងកាលពីថ្ងៃទី៤ កុម្ភៈ ថា អ៊ីរ៉ង់នឹងបញ្ឈប់ជាស្ថាពរនូវការនាំចេញប្រេងរបស់ខ្លួនទៅកាន់ប្រទេសអឺរ៉ុបមួយចំនួន។ លោកកាសឺមី ពុំបានបញ្ជាក់ពីឈ្មោះរបស់ប្រទេសទាំងនេះឡើយ ក៏ប៉ុន្តែសេចក្តីថ្លែងការណ៍របស់លោកនេះធ្វើឡើងក្រោយការព្រមព្រៀងគ្នារបស់បណ្តាមេដឹកនាំសហភាពអឺរ៉ុប លើការដាក់ទណ្ឌកម្មថ្មីៗប្រឆាំងការនាំចេញប្រេងអ៊ីរ៉ង់ ហើយទណ្ឌកម្មបែបនេះត្រូវបានអនុម័តដោយបណ្តារដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប កាលពីថ្ងៃទី២៣ មករា ។
ក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីអ៊ីរ៉ង់រូបនេះបានអំពាវនាវដល់បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុបឱ្យពិនិត្យឡើងវិញលើការសម្រេចចិត្តរបស់ពួកគេហ៊ុមព័ទ្ធប្រេងអ៊ីរ៉ង់ ដោយបន្តថា ការនាំចេញប្រេងអ៊ីរ៉ង់ ទៅកាន់បណ្តាប្រទេសអឺរ៉ុបតំណាងឱ្យត្រឹម១៨% នៃការនាំប្រេងចេញសរុបរបស់ប្រទេសតែប៉ុណ្ណោះ ។ លោកកាសឺមី អះអាងថា ការនាំចេញប្រេងអ៊ីរ៉ង់ទៅកាន់អឺរ៉ុបមានមិនដល់២០%នៃការនាំចេញប្រេងអ៊ីរ៉ង់ផង ហើយតាមការពិត គឺពួកអឺរ៉ុបខ្លួនឯងដែលជាអ្នកទទួលរងផលវិបាកធ្ងន់ធ្ងរជាងអ៊ីរ៉ង់ ។ លោកបន្តថា ការហ៊ុមព័ទ្ធនឹងពុំបង្កបញ្ហាដ៏ពិតប្រាកដសម្រាប់ការនាំចេញប្រេងអ៊ីរ៉ង់ឡើយ ទោះបីក្នុងករណីមានការផ្អាកទាំងស្រុងនៃការលក់ប្រេងឆៅទៅអឺរ៉ុបក៏ដោយ ៕
ចែករំលែកព័តមាននេះ