ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រុស្ស៊ី និង​ចិន​​ប្រើ​វេតូ​ប្រឆាំង​ដំណោះស្រាយ​​​ អ.ស.ប ស្តីពី​ស៊ីរី​

14 ឆ្នាំ មុន

​​ប្រទេស​រុស្ស៊ី​​ និងចិន កាលពីថ្ងៃទី​​​៤ កុម្ភៈ ​បាន​ប្រើ​វេតូ​​​ប្រឆាំង​នឹង​​ដំណោះស្រាយ​​​ដាក់​ដោយ​បណ្តាប្រទេស​អឺរ៉ុប ​​និង​អារ៉ាប់​ស្តីពីស៊ីរី​​​ដែលគាំទ្រ​វិធានការ​សម្ព័ន្ធ​អារ៉ាប់​ឱ្យ​មានការ​ផ្លាស់​ប្តូរ​​​របប​នៅ​ស៊ីរី ដែលនេះជា​​លើកទី​២​ហើយ ​​​ចាប់តាំង​ពី​ខែតុលា ឆ្នាំ​​២០១១ មក​។​ គម្រោង​ដំណោះស្រាយ​​​​របស់ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប ដាក់​ដោយ​​ប្រទេសម៉ារ៉ុក​ ហើយគាំទ្រ​​​ដោយ​សហរដ្ឋអាមេ​រិក និង​​ពួក​មហា​អំណាច​អឺរ៉ុប​​ទទួលការ​គាំទ្រ​​​​១៣សំឡេង ក្នុង​​ពេលបោះឆ្នោត​​​។ ដើម្បី​​អាច​អនុម័ត​គម្រោង​​​ដំណោះស្រាយ​មួយ​​​ត្រូវទទួលការ​​គាំទ្រ​ដោយ​​​៩​សំឡេង​ ហើយ​ពុំមានសមាជិក​​អចិន្ត្រៃយ៍​​ណា​មួយរបស់​ក្រុម​ប្រឹក្សា​សន្តិសុខ​​​ដាក់វេតូ​​ជំទាស់។​

រុស្ស៊ី និង​ចិន​​​ធ្លាប់​​ប្រើ​​​វេតូ​​កាលពីថ្ងៃទី​​៤ តុលា ​ឆ្នាំ​​២០១១ ​​ប្រឆាំង​គម្រោង​​​ដំណោះស្រាយ​​​មួយ​​​​​ដាក់​ដោយ​បណ្តា​​អឺរ៉ុប ​ដែល​ថ្កោល​ទោស​​ការ​រំលោភធ្ងន់ធ្ងរ និងជា​បន្ត​បន្ទាប់​​​ដល់​សិទ្ធិ​​​មនុស្ស​ពីសំណាក់​​អាជ្ញាធរ​ស៊ីរី​ ហើយ​ដែល​​​គំរាម​កំហែង​​​​​ដាក់ទណ្ឌ​កម្ម​ប្រឆាំង​​របប​ស៊ីរី​។​ គម្រោង​ដំណោះស្រាយ​ថ្មីគាំទ្រ​​​ដោយ​ពេញ​ទំហឹង​​​​ចំពោះ​ការ​​សម្រេច​ចិត្ត​​កាលពី​ថ្ងៃទី​​​២២ មករា ​របស់​សម្ព័ន្ធ​​​អារ៉ាប់ ​សម្រួល​ឱ្យមានការ​ឆ្លង​កាត់​​ខាង​នយោបាយ​​មួយ​​ឆ្ពោះទៅ​​រក​ប្រព័ន្ធ​​​ប្រជា​ធិបតេយ្យ​​​ និង​ពហុបក្ស​​នៅស៊ីរី តាមរយៈ​ការ​ចរចា​​រវាង​រដ្ឋាភិបាល និង​ពួកប្រឆាំង​​ស៊ីរី​។ ​​

ផែនការ​​សម្ព័ន្ធអារ៉ាប់​ស្នើ​ដល់​​លោកប្រធានាធិប​តី​​បាចា​អាល់​អាសាដ ​​ឱ្យ​ចាកចេញពី​អំណាច​ដើម្បី​​​បើកផ្លូវ​ទៅរកការ​បង្កើត​រដ្ឋាភិបាល​​រួប​រួម​ជាតិ​មួយ និង​​រៀបចំការបោះឆ្នោត​ក្នុងប្រទេស​។ ​រុស្ស៊ី និង​​ចិន បានសម្តែង​​​ការ​ប្រឆាំង​យ៉ាងខ្លាំង ចំពោះ​​ការ​ផ្លាស់ប្តូរ​​របប​​​ដោយ​ចាប់​បង្ខំ​​នៅ​ស៊ីរី ៕​