រដ្ឋាភិបាលកូរ៉េខាងជើង បានហាមប្រជាជនមិនឱ្យចាយវាយក្រដាសប្រាក់យាន់របស់ចិនក្នុងការទិញទំនិញរួមទាំងប្រាក់បរទេសផ្សេងៗទៀត ដោយមានអំណះអំណាងថា ជាផ្នែកមួយក្នុងបទបញ្ជាចុងក្រោយរបស់មេដឹកនាំគីម ជុងអ៊ីល ។ នេះបើតាមការឱ្យដឹងរបស់អង្គការសម្រាលទុក្ខកង្វល់នៅកូរ៉េខាងជើងកាលពីថ្ងៃទី៣១ មករា ។ ជនជាតិកូរ៉េខាងជើង បានទទួលបទបញ្ជាពីរដ្ឋាភិបាលឱ្យយកប្រាក់បរទេសទៅប្តូរយកប្រាក់វ៉ុនទាំងអស់ ហើយអ្នកណាម្នាក់ដែលល្មើសយកប្រាក់យាន់មកធ្វើចរាចរណ៍នៅលើទីផ្សារនឹងទទួលទោស ព្រមទាំងត្រូវរឹបអូសយក។
នេះបើតាមការឱ្យដឹងរបស់សារព័ត៌មានជាភាសាអង់គ្លេសរបស់ក្រុម«ហ្គោដ ហ្វ្រែន» ។ មន្ត្រីកូរ៉េខាងជើងមួយរូបដែលមិនបង្ហើបឱ្យដឹងឈ្មោះបានគូសបញ្ជាក់ថា «យើងគ្រាន់តែប្រតិបត្តិតាមនយោបាយដែលប្រកាសឱ្យប្រើចាប់តាំងពីខែតុលាឆ្នាំមុន » ។ ក្រុម «ហ្គោដហ្វ្រែន» បញ្ជាក់ឱ្យដឹងថា បទដ្ឋានចុងក្រោយនេះ ជាផ្នែកមួយនៃនយោបាយកាត់បន្ថយការពឹងពាក់លើសេដ្ឋកិច្ចរបស់ចិន ព្រោះបច្ចុប្បន្នប្រាក់យាន់ដែលយកមកធ្វើចរាចរណ៍លើទីផ្សារកូរ៉េខាងជើងបានកើនឡើងចាប់តាំងពីផែនការកំណែទម្រង់ប្រាក់វ៉ុនរបស់ក្រុងព្យុងយ៉ាងបានបរាជ័យកាលពីឆ្នាំ២០០៩ ដែលធ្វើឱ្យស្ថានភាពកង្វះអាហារមានសភាពធ្ងន់ធ្ងរ ហើយប្រជាជនមួយចំនួនចាប់ផ្តើមចេញមុខប្រឆាំងនឹងរដ្ឋាភិបាល ។
ក្រុមខាងលើបានបង្ហើបឱ្យដឹងទៀតថា អាជីវករកូរ៉េខាងជើងរមែងលក់ទំនិញដល់អតិថិជនដែលចាយប្រាក់យាន់ឬដុល្លារ ដែលជាការលំបាកដល់អ្នកស្រុកដែលគ្មានប្រាក់បរ ទេស ។ កាលពីដើមខែមករាកន្លងមក វ៉េបសាយ«ដេលី អិនខេ» ដែលដំណើរការដោយក្រុមភៀសខ្លួនកូរ៉េខាងជើងនៅទីក្រុងសេអ៊ូល បានផ្សាយក្នុងទស្សនៈស្របគ្នាថា ការដែលក្រុងព្យុងយ៉ាងហាមប្រជាជនមិនឱ្យចាយវាយប្រាក់យាន់និងដុល្លារអាចធ្វើឱ្យទីផ្សារមានស្ថានភាពជ្រួលច្របល់ ព្រោះចររាចរណ៍ហិរញ្ញវត្ថុភាគច្រើនផ្អែកទៅលើប្រាក់យាន់ទាំងស្រុង៕
ចែករំលែកព័តមាននេះ