ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​អ្នក​គ្មាន​​​ការងារ​​ធ្វើ​នៅ​​តំបន់​​អឺរ៉ុប​​​កើន​ដល់​​១០,៤%

14 ឆ្នាំ មុន

តាមទីភ្នាក់​ងារ​​​ព័ត៌​មាន​​​AFP ​ផ្សាយ​​​ឱ្យ​ដឹង​ថា  អត្រា​​​អ្នក​គ្មាន​​ការងារ​ធ្វើ​​នៅ​​ក្នុង​ក្រុម​​​​​ប្រទេស​នៅអឺរ៉ុប​កើន​ខ្ពស់​​ជាឯតទគ្គ​កម្ម​​ថ្មី​គឺប្រហែល​​១០,៤% នៅក្នុង​ខែវិច្ឆិកា និង​​ខែធ្នូ ​ឆ្នាំ​កន្លង​មក​​ និង​ចាត់​​ទុក​ថា​ជាតួលេខ​​ផ្លូវ​ការ​ដែល​​​បង្ហើប​ឱ្យ​ដឹង​កាលពី​​ថ្ងៃទី៣១ មករា  ។​ កាលពី​មុននេះ​​ វិទ្យា​​ស្ថាន​​ស្ថិតិ «អឺរ៉ូស្តេត»​ ​ធ្លាប់​បាន​​​ធ្វើ​ការ​​​វាយ​​តម្លៃ​​​ថា​ អត្រា​​អ្នក​គ្មាន​​​ការ​ងារ​​ធ្វើ​នឹង​ស្ថិត​ក្នុង​កម្រិត​​១០,៣%​ ​នៅក្នុង​ខែ​វិច្ឆិកា ​ប៉ុន្តែ​ធាតុ​ពិត​ បែរជា​កើន​ដល់​​ទៅ​​១០,៤% ។  បច្ចុប្បន្ន​​​ អត្រា​អ្នក​គ្មាន​ការងារ​​ធ្វើ​នៅ​​តំបន់​​អឺរ៉ុប​​ ស្ថិត​នៅ​​ត្រឹម​​ឬច្រើន​ជាង​​១០% ក្នុង​រយៈ​​ពេល​​​ប្រហែល​​៨ខែ​ជាប់​ៗគ្នា​ ។

ក្រៅពី​​នេះ នៅក្នុង​ខែធ្នូ មាន​ប្រជា​ជន​១៦,៤៦​លាន​នាក់​​ក្នុងចំណោម​១៧​ប្រទេសជាសមាជិក​អឺរ៉ុប​គ្មានការងារ​ធ្វើ​​គឺ​​កើន​លើសពី​​ខែ​វិច្ឆិកា ដល់​ទៅ​​២០.០០០​នាក់ ។ នេះ​​បើ​តាម​​​ការ​ឱ្យ​ដឹង​ពី​វិទ្យា​​ស្ថាន​​​ស្ថិតិ​ «អឺរ៉ូស្តេត» ។​ ស្របពេល​ជាមួយគ្នា​នេះ អេស្ប៉ាញ​​ជា​​ប្រទេស​ដែល​មាន​​​អត្រា​អ្នក​គ្មាន​​ការងារ​ធ្វើ​ខ្ពស់​​​ដល់ទៅ​​​២២,៩% ក្នុងខែ​​វិច្ឆិកា ខណៈពេល​​​ប្រទេសក្រិក​​ស្ថិត​នៅ​​លំដាប់​​ទី២ មាន​មនុស្ស​គ្មាន​ការងារ​ធ្វើ​​ប្រហែល​​១៩,២%។​ ​ដោយ​ឡែក​​​ ប្រទេស​អូទ្រីស​បាន​​​គ្រប់​គ្រង​​ស្ថិតិ​​​មនុស្ស​​​គ្មាន​ការងារ​​​ធ្វើ​ក្នុង​កម្រិត​​ទាបគឺ​៤,១%​ ​បន្ទាប់​មក​​ប្រទេស​​ហូឡង់​៤,៩%  និង​លុច​សំបួ ​៥,២% ។ 

ចំណែក​​នៅអាល្លឺម៉ង់​​​ម្ចាស់​​សេដ្ឋកិច្ច​​លំដាប់​​​​ទី​១​នៅអឺរ៉ុប​​​មាន​អត្រា​​​អ្នក​គ្មាន​​ការងារ​​ធ្វើ​ចំនួន  ​៥,៥​%​ ខណៈពេល​​ប្រទេស​​សេដ្ឋកិច្ច​​លំដាប់​​​ទី២ គឺបារាំង មានអត្រា​​អ្នក​គ្មានការងារ​ធ្វើ​​​កើន​ឡើង​​តិចតួចគឺពី៩,៨​ទៅ៩,៩% ។ ទោះជាយ៉ាង​ណា​ក៏ដោយ ​ក្នុង​ទិដ្ឋភាព​​ជារួម​របស់​​ណ្តា​ប្រទេស​ជា​សមាជិក​​​ទាំង​២៧​ប្រទេស​​ នៅសហគមន៍​​អឺរ៉ុប ​អត្រា​អ្នក​គ្មាន​ការងារ​​​ធ្វើ​ក្នុង​​ខែ​ធ្នូ​ ឆ្នាំ២០១១ ស្ថិត​នៅ​៩,៩% ដោយ​មាន​​មនុស្ស​គ្មាន​​ការងារ​​ធ្វើ​ចំនួន​២៣,៨១​លាននាក់ ៕​