ស្នងការជាន់ខ្ពស់ អ.ស.ប ទទួលបន្ទុកខាងជនភៀសខ្លួន HCR រាយការណ៍កាលពីថ្ងៃទី៣១ មករា ថា ជនអន្តោប្រវេសន៍អាហ្វ្រិកជាង១.៥០០នាក់ ជាចំនួនយ៉ាងច្រើនមួយបានស្លាប់ក្នុងឆ្នាំ២០១១ ពេលពួកគេប៉ុនប៉ងធ្វើដំណើរផ្សងព្រេងកាត់សមុទ្រមកកាន់អឺរ៉ុប។ HCR បន្តទៀតថា មនុស្សជាង៥៨.០០០នាក់ ដែលជាចំនួនយ៉ាងច្រើនបំផុតដែរអាចឆ្លងកាត់សមុទ្រមេឌីទែររ៉ាណេ មកដល់អឺរ៉ុប ក្នុងឆ្នាំ២០១១ ជារឿយៗតាមទូក ។ ការរត់ភៀសខ្លួនយ៉ាងច្រើនបែបនេះ គឺដោយសារបដិវត្តន៍ «និទាឃរដូវអារ៉ាប់» ពិសេសនៅទុយនីស៊ី និងលីប៊ី ។
លោកស្រី SYBELLA WILKES អ្នកនាំពាក្យរបស់ HCR មានទីស្នាក់ការនៅក្រុងហ្សឺណែវថ្លែងថា យោងតាមការវាយតម្លៃរបស់ HCR ថា មនុស្សជាង១.៥០០នាក់ត្រូវលង់ទឹកស្លាប់ ឬបាត់ខ្លួនពេលពួកគេប៉ុនប៉ងឆ្លងកាត់សមុទ្រមេឌីទែររ៉ាណេ ទៅកាន់អឺរ៉ុប ក្នុងឆ្នាំ ២០១១ ។ លោកស្រីបន្តថា ឆ្នាំ២០១១ ជាឆ្នាំដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងតំបន់នេះ ចាប់តាំងពី HCR ចាប់ផ្តើមធ្វើស្ថិតិពីឆ្នាំ២០០៦ មក ៕
ចែករំលែកព័តមាននេះ