ក្រុមហ៊ុនផលិតយន្តហោះបារាំង DAS-SUALT ទទួលបានកុងត្រាពីឥណ្ឌាទិញយន្តហោះប្រដេញធុន RAFALE ដល់ទៅ១២៦គ្រឿង។ នេះជាការអះអាងកាលពីថ្ងៃទី៣១ មករា របស់រដ្ឋលេខាធិការបារាំងទទួលបន្ទុកខាងពាណិជ្ជកម្មក្រៅប្រទេសលោក PIERRE LELLOUCHE ។ តាមវិទ្យុបារាំងមួយ លោក LEL-LOUCHE បានអះអាងពីរឿងនេះដែលលាតត្រដាងក្នុងថ្ងៃតែមួយដោយទីភ្នាក់ងារព័ត៌មានឥណ្ឌា PTI ។ លោកអះអាងថា ពេលនេះកំពុងមានការចរចាគ្នាយ៉ាងសកម្មជាមួយក្រុងញូវដែល្លី ក្រោយពីឥណ្ឌាសម្រេចជ្រើសរើសយកក្រុមហ៊ុន DASSAULT មុនក្រុមហ៊ុនជាដៃគូប្រជែងឯទៀត ដូចជាក្រុមហ៊ុនអាេមរិក រុស្ស៊ី ឬក្រុមហ៊ុនអឺរ៉ុប EUROFIGHTER ជាដើម ។
លោក PIERRE LELLOUCHE អះអាងថា នេះជាដំណឹងល្អមួយសម្រាប់ឧស្សាហកម្មយន្តហោះរបស់យើង និងសម្រាប់ឧស្សាហកម្មការពាររបស់យើង ដែលជាឧស្សាហកម្មដ៏ប្រសើរមួយក្នុងចំណោមឧស្សាហកម្មយន្តហោះធំៗនៃពិភពលោក ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា គេនៅត្រូវបង្ហើយរឿងរ៉ាវមួយចំនួនទៀត។ ទឹកប្រាក់នៃកុងត្រាទិញយន្តហោះចម្បាំងធុន RAFALE បារាំងទាំង១២៦គ្រឿង នេះត្រូវមានដល់រវាងពី១០ទៅ១៥ពាន់លានដុល្លារ ៕
ចែករំលែកព័តមាននេះ