ក្រុមអ្នកស្រាវជ្រាវរបស់សហរដ្ឋអាមេរិកនិយាយថា ស្ត្រីផឹកកាហ្វេ២ពែងក្នុងមួយថ្ងៃជួយបង្កើនកម្រិតអ័រម៉ូនភេទ oestrogen ប៉ុន្តែបញ្ហានេះវាក៏អាស្រ័យលើជាតិសាសន៍ផ្សេងៗគ្នាផងដែរ។ នេះមានន័យថា ការកើនឡើងឬថយចុះវាអាស្រ័យទៅតាមជាតិសាសន៍។ សម្រាប់បណ្តាស្ត្រីអាស៊ី អ្នកស្រាវជ្រាវរកឃើញថា អ្នកដែលប្រើប្រាស់សារធាតុកាហ្វេអ៊ីនប្រមាណ២០០មីល្លីក្រាម ក្នុងមួយថ្ងៃដែលស្មើនឹង២ពែងរបស់ជនជាតិអាមេរិក កម្រិតអ័រម៉ូនoestrogenមានការកើនឡើងធៀបនឹងអ្នកដែលប្រើប្រាស់តិចតួច។
ផ្ទុយពីនេះសម្រាប់បណ្តាស្រ្តីស្បែកសដែលប្រើប្រាស់កាហ្វេក្នុងបរិមាណស្មើគ្នានឹងស្ត្រីអាស៊ី កម្រិតអ័រម៉ូនoestrogenរបស់ពួកគេមានការថយចុះតិចតួចធៀបនឹងអ្នកដែលប្រើប្រាស់ម្តងម្កាល។ ចំណែកបណ្តាស្ត្រីស្បែកខ្មៅវិញ គឺមានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ ។ លទ្ធផលនៃការសិក្សានេះធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ University of Utahរបស់សហរដ្ឋអាមេរិកដែលបានពិសោធលើស្ត្រីជាង២៥០នាក់ចន្លោះពីឆ្នាំ២០០៥ដល់២០០៧ ។
បណ្តាស្ត្រីដែលទទួលទានសារធាតុកាហ្វេអ៊ីនតាមរយៈការទទួលទានភេសជ្ជៈមានពពុះនិងតែបៃតង កម្រិតអ័រម៉ូន oestrogenកើតឡើងខ្ពស់មិនថាពួកគេជាជាតិសាសន៍អ្វីទេ ។ យ៉ាងណាក៏ដោយការផ្លាស់ប្តូរទាំងនោះមិនប៉ះពាល់ដល់ការបញ្ចេញអូវ៉ុល ក្នុងចំណោមបណ្តាស្ត្រីមួយចំនួននោះទេ។ វេជ្ជបណ្ឌិត Enrique Schistermanមកពីវិទ្យាស្ថានជាតិសុខភាពនិយាយថា៖«លទ្ធផលនៃការសិក្សាលើកនេះបានចង្អុលបង្ហាញថា ការប្រើប្រាស់កាហ្វេអ៊ីនក្នុងចំណោមស្ត្រីដែលស្ថិតក្នុងវ័យមានកូនពិតជាមានឥទ្ធិពលលើកម្រិតអ័រម៉ូន oestrogen។ រយៈពេលខ្លី ការប្រែប្រួលកម្រិតoestrogenក្នុងចំណោមក្រុមស្ត្រីជាតិសាសន៍ផ្សេងគ្នាមិនបានបង្ហាញថា មានផលប៉ះពាល់ណាមួយឡើយ។
យើងដឹងថា ការប្រែប្រួលកម្រិតអ័រម៉ូន oestrogenវាជាប់ទាក់ទងទៅនឹងភាពមិនប្រក្រតីមួយចំនួនដូចជា Endometriosis(ទាក់ទងទៅនឹងជំងឺស្បូនមួយបែប)osteoporosis(ជំងឺពុកឆ្អឹង)ជំងឺមហារីកស្បូន (endometrial) មហារីកដោះនិងមហារីកអូវែរ»៕
ចែករំលែកព័តមាននេះ