ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ត្រូវ​ចាប់ខ្លួន​បន្ទាប់ពី​ទុក​កូន​​អាយុ៥ឆ្នាំចោល​ហើយ​ទៅ​លេង​ល្បែង​​នៅ​កា​ស៊ីណូ

14 ឆ្នាំ មុន

ក្មេងប្រុសម្នាក់បាន​ទូរស័ព្ទមកកាន់លេខ​​៩​១១ ជា​លេខសង្គ្រោះ​បន្ទាន់នៅសហ​រដ្ឋអាមេ​រិក ដោយ​សា​រ​មិន​ដឹងថា ម្តាយរបស់វានៅឯ​ណា ។ ទី​បំផុត​ស្ត្រីជាម្តាយ​រស់នៅក្នុង​ទីក្រុង​​ញូវ​យ៉ក​ បានចូល​ដេកគុក បន្ទាប់ពី​ទុក​កូន​​ប្រុស​អាយុ​៥​​ឆ្នាំ ឱ្យ​នៅ​តែឯក​ឯងក្នុងពេលខ្លួនទៅ​​លេង​ល្បែង​ក្នុង​កា​ស៊ីណូ ។ លោកស្រី Xiao Xu Wu វ័យ៣៨ឆ្នាំ បាន​ទុក​កូន​ប្រុស​របស់គាត់​ក្នុងបន្ទប់សណ្ឋាគារ​ពេល ដែលគាត់ចេញ​ទៅលេងល្បែង​ក្នុងកាស៊ីណូ​Mohegan Sun ។ នេះបើតាមសារ​ព័ត៌មាន​Hartford ​Courant ។

ក្មេងប្រុស​វ័យ៥ឆ្នាំ បានទូរស័ព្ទទៅ​កាន់​ប៉ូលិស ព្រោះវាមិនដឹងថា​ម្តាយរបស់វាទៅទី​ណា ។ ពេលនោះ​វានិយាយថា ខ្លួនវានៅក្នុង​​បន្ទប់​​សណ្ឋាគារ​​តែម្នាក់ឯង ។  ក្រោយមក លោក​ស្រី Wu ក៏ត្រូវគេរក​ឃើញ និងចាប់ខ្លួន ចំណែកកូន​ប្រុស​របស់​គាត់ក៏ត្រូវ​​កន្លែងថែ​ទាំ​កុមារ​យក​​ទៅ​ការ​ពារ​ ។ លោក​ស្រី Wu ត្រូវ​បាន​តុលាការចេញដីកា និងបញ្ជាឲ្យ​បង់ប្រាក់​ចំនួន​​១៥០.០០០ដុល្លារ ។ លោកស្រីត្រូវ​ចូល​​ខ្លួន​មកតុលាការ​នៅថ្ងៃ​ទី​២៤ កុម្ភៈ ខាង​មុខជា​ថ្មីទៀត ។

ក្នុងសេចក្តីប្រកាស​​ព័ត៌មានរបស់​កាស៊ីណូ​​និយាយថា នៅ​កាស៊ីណូ ​Mohegan Sun យើង​ធ្វើអ្វីគ្រប់យ៉ាង​ដែល​យើងអាចធ្វើបាន​ដើម្បី​ផ្តល់​ជូននូវឱកាស​សម្រាប់ភ្ញៀវគ្រប់គ្នា ។ ប្រសិន​បើ​​ត្រូវ​ការ​​ថែ​ទាំ​ក្មេងយើងមាន​ជម្រើសជា​ច្រើន​​សម្រាប់​អតិថិជន ដូចជាកន្លែង​ក្មេងលេង និង​សួនកុមារ។ យើងគ្មានការ​ទទួលខុសត្រូវ​ចំពោះ​​រឿងបែប​នេះ​ឡើយ ហើយ​យើងក៏មាន​កិច្ច​​សហ​ការ​ពេញ​ទីជាមួយអាជ្ញា​ធរ​លើ​បញ្ហានោះ ៕