ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកស្រីហ៊ីល​ឡារី ចូលរួមក្នុង​កិច្ចប្រជុំ​​​ក្រុមប្រឹក្សា​សន្តិសុខ​​ អ.ស.ប ស្តីពី​ស៊ីរី​

14 ឆ្នាំ មុន

​​​ឯកអគ្គរដ្ឋទូត​​​អាមេ​រិក​ប្រចាំ​ អ.ស.ប លោក​ស្រី​​​ស៊ូសាន ​រ៉ៃ ​ថ្លែង​កាលពី​ថ្ងៃទី​​៣០ មករា ថា រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​លោកស្រីហ៊ីលឡារី​គ្លីនតុន ​​និង​អ្នកទទួលខុសត្រូវ​​​ជាន់ខ្ពស់​​​អាមេរិក​​​ដទៃ​ៗ​ទៀត​ត្រូវចូលរួម​នា​ថ្ងៃទី​​៣១ មករា ក្នុង​​កិច្ច​ប្រជុំ​​របស់ក្រុម​ប្រឹក្សា​សន្តិសុខ​ អ.ស.ប ស្តី​ពី​​ស៊ីរី​។​ ក្នុង​កិច្ច​ប្រជុំ​​ដែលគ្រោង​​ធ្វើ​នា​ថ្ងៃទី​៣១ មករា ​ប្រទេស​ទាំង១៥ជាសមាជិកក្រុមប្រឹក្សា​ សន្តិសុខ អ.ស.ប ត្រូវពិភាក្សា​គ្នា​ពី​វិបត្តិ​​បច្ចុប្បន្ន​​នៅស៊ីរី និង​គម្រោង​ដំណោះស្រាយ​មួយដែល​ស្នើ​ដោយ​​​គណៈប្រតិភូ​ម៉ារ៉ុក​ ដើម្បី​​​ប្រឈម​មុខ​​​នឹង​សភាពការណ៍​​ក្នុងប្រទេស​​នៅមជ្ឈិមបូព៌ា​​នេះ ។​

សហរដ្ឋអាមេ​រិក​គាំទ្រ​​គម្រោង​​​ដំណោះ​ស្រាយ​របស់​​​​ម៉ារ៉ុក ខណៈដែល​​​រុស្ស៊ី​​បានសម្តែង​ពី​ការ​​ប្រឆាំង​យ៉ាង​ខ្លាំង​​ចំពោះ​គម្រោង​​ដំណោះ​ស្រាយ​នោះ​ដែល​តែង​តាំង​រួមគ្នា​ដោយ​បណ្តា​ប្រទេស​អារ៉ាប់​​ អង់​គ្លេស ​បារាំង និង​អាល្លឺម៉ង់ ។ បណ្តាមេដឹកនាំ​អឺរ៉ុប​​​បានស្នើ​​កាលពីយប់​ថ្ងៃទី​​​​៣០ មករា ដល់ អ.ស.ប ​ឱ្យបញ្ចេញ​ប្រតិ​កម្ម​​ ដើម្បី​​​បញ្ចប់​ការ​​បង្ក្រាប​​នៅ​ស៊ីរី ​មុនកិច្ចប្រជុំ​​របស់​ក្រុមប្រឹក្សា​​សន្តិសុខ អ.ស.ប ។ ​លោក​ស្រី​ហ៊ីលឡារី គ្លីនតុន ក៏ដូចជា​​សហភាពអឺរ៉ុប​ដែរ ​អំពាវ​នាវ​​​ដល់​ អ.ស.ប ​ឱ្យធ្វើយ៉ាង​ណា​​បញ្ចប់​​​អំពើ​ហិង្សា​នៅស៊ីរី​។​

ក្នុង​សេចក្តី​​ប្រកាស​មួយ​ លោកស្រី​​គ្លីនតុន ​មាន​​ប្រសាសន៍​ថា ​សហរដ្ឋអាមេរិក​​​ថ្កោលទោស​យ៉ាងម៉ឺង​ម៉ាត់​​​បំផុត​ចំពោះ​​​ការ​បង្កើន​​ការ​វាយ​ប្រហារ​​យ៉ាង​សាហាវ​របស់របប​ស៊ីរី​ប្រឆាំង​​​ប្រជា​ជន​​​ឯង​។​ ចំណែក​រុស្ស៊ី​​វិញបាន​ស្នើ​ទទួល​​រៀបចំ​​ធ្វើ​ការ​​ចរចា​​ក្រៅផ្លូវការ​​មួយ​រវាង​អាជ្ញាធរ​​ស៊ីរី និង​ពួក​ប្រឆាំង​​​។ នេះជា​​​ការ​ប្រកាស​កាលពីថ្ងៃទី​​៣០ មករា ​របស់​ក្រសួង​​ការបរទេសរុស្ស៊ី តាម​រយៈ​​​​សេចក្តី​ប្រកាស​មួយ ។

សេចក្តី​​ប្រកាស​នេះ​គូស​បញ្ជាក់​​ថា រុស្ស៊ី​សង្ឃឹម​​​ថា ​សំណើ​នោះ​នឹង​ជួយ​ឱ្យ​ប្រជាជន​​ស៊ីរី ពិភាក្សាគ្នា​​ពីបញ្ហាទាំង​ឡាយ​​ដើម្បី បញ្ចប់​អំពើ​ហិង្សា​​ក្នុងប្រទេស​​របស់​​ខ្លួន​ឱ្យ​បាន​​​​ឆាប់រហ័ស​បំផុត ។ ​​អាជ្ញាធរ​ស៊ីរី​បាន​ទទួល​យក​​​សំណើនេះ​​​របស់ក្រុង​​​មូស្គូ ហើយរុស្ស៊ី​​សង្ឃឹម​ថា ពួកប្រឆាំង​ស៊ីរី​​នឹង​អាច​ផ្តល់​​​​ចម្លើយ​វិជ្ជមាន​មួយ​ក្នុង​​ពេលឆាប់​ៗ​៕​