ខេត្តកំពង់ធំ ៖ ស្ត្រីម្នាក់បានរងរបួសជាទម្ងន់ដោយសារតែប្តីទី៥ របស់នាង ខណៈផឹកស្រាស្រវឹង ក៏បង្កជម្លោះជាមួយដោយសាររឿងប្រចណ្ឌ ហើយចាក់ស្រ្តីរងគ្រោះចំនួន២កាំបិត។ អំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២៩ មករា ឆ្នាំ២០១២ នៅភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោង ហើយក្រោយពេលកើតហេតុជនដៃដល់បានត្រូវកម្លាំងប៉េអឹមស្រុកស្ទោងចាប់ឃាត់ខ្លួន ។
តាមមន្ត្រីប៉េអឹមស្រុកស្ទោង ឱ្យដឹងថា ជនដៃដល់ជាប្តីឈ្មោះទន់ ហាន់ អាយុ២៨ឆ្នាំ ឯប្រពន្ធរងគ្រោះឈ្មោះសៅ វ៉ាន់ អាយុ២៧ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុ មុខរបរធ្វើស្រែចម្ការ ។ លោកឃុន ប៊ុនហូរ មេប៉េអឹមស្រុកស្ទោង បានប្រាប់តាមទូរស័ព្ទឱ្យដឹងថា ក្រោយពេលឃាត់ខ្លួនជនដៃដល់បានសារភាពថា ប្រពន្ធរបស់ខ្លួនលែងប្តីអស់៤ហើយ ហើយខ្លួនគឺជាប្តីទី៥ ។ កន្លងមកក្នុងគ្រួសាររបស់ខ្លួនតែងមានជម្លោះជាញឹកញាប់ដោយសារពេលទៅធ្វើចម្ការប្រពន្ធរបស់ខ្លួនតែងឈរនិយាយលេងជាមួយបុរសឈ្មោះបឿនដែលរស់នៅភូមិ-ឃុំជាមួយគ្នាធ្វើឱ្យខ្លួនមានការប្រចណ្ឌទៅលើនាង ។ ដោយឡែកនៅថ្ងៃកើតហេតុ បន្ទាប់ពីផឹកស៊ីស្រវឹងខ្លួនបានឡើងទៅលើផ្ទះស្តីបន្ទោសប្រពន្ធកុំឱ្យនិយាយលេងជាមួយឈ្មោះបឿនទៀត ពេលនោះក៏ផ្ទុះជម្លោះប្រវាយប្រតប់គ្នារហូតខ្លួនដណ្តើមកាំបិតចិតបន្លែមុខពីរពីប្រពន្ធក៏ចាក់ទៅលើនាងវិញ បណ្តាលឱ្យរយះថ្ពាល់ខាងស្តាំមួយកន្លែង និងចាក់ចំបំពង់កផ្នែកខាងស្តាំមួយកន្លែងទៀត បាញ់ឈាមហូរស្រោចពេញខ្លួនប្រពន្ធ ។
ពេលនោះក៏មានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងកម្លាំងប៉េអឹមដែលកំពុងបំពេញបេសកកម្មក្បែរកន្លែងកើតហេតុ ចុះមកឃាត់ខ្លួនជនដៃដល់ជាប្តី និងបញ្ជូនស្ត្រីរងគ្រោះមកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្ទោង ។ ជនដៃដល់ត្រូវបានប៉េអឹមស្រុកស្ទោងកសាងសំណុំរឿងបញ្ជូនមកកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ