ខេត្តក្រចេះ ៖ ប៉ូលិសព្រហ្មទណ្ឌបានចាប់បញ្ជូនបុរសជនជាតិខ្មែរអ៊ិស្លាមម្នាក់ទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី៣០ មករា ពីបទឆបោក។ ជននេះ និងបក្សម្នាក់ទៀតបានគំរាមតាមទូរស័ព្ទទារប្រាក់ពីមន្រ្តីនគរបាលដោយយកឈ្មោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃប្រើ និងត្រូវសមត្ថកិច្ចចាប់ខ្លួនបានកាលពីថ្ងៃទី២៨ មករា នៅផ្ទះផ្ទេរប្រាក់មួយក្នុងរាជធានីភ្នំពេញ ។
ជនជាប់ចោទឈ្មោះសុះ សេន អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិនិគមន៍ក្រោម ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម រីឯនារីជាមេខ្លោងផ្តើមគំនិត បានគេចខ្លួននឹងកំពុងតែស្ថិតក្រោមការតាមរករបស់ នគរបាល ។
មន្រ្តីនគរបាលការិយាល័យបុគ្គលិកនៃស្នងការរដ្ឋាននគរខេត្តឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៨ មករា មានលេខទូរស័ព្ទមួយហៅចូលទូរស័ព្ទដៃរបស់លោកដោយមាន នារីម្នាក់សួររកលោកវរសេនីយ៍ត្រីចាន់ សុគីម នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តនារីរូបនោះអះអាងថា មានការចាំបាច់។
ក្រោយពីទទួលបានព័ត៌មាននេះដោយសង្ស័យថា មិនប្រក្រតីលោកក៏រាយការណ៍បន្ទាន់ទៅកាន់លោកស្នងការខេត្តហើយលោកស្នងការដាក់បទបញ្ជាឱ្យលោកមិនបាច់ទាក់ទងលេខ ទូរស័ព្ទមួយខ្សែនេះទេ ។ លោកស្នងការបានចាត់វិធានការឱ្យចាប់មុខសញ្ញានេះ ។
លោកនាយការិយាល័យបន្តថា ក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ស្នងការខេត្ត បានយកទូរសព្ទ័ប្រចាំបញ្ជា ជាមួយនារីនោះដោយបន្លំថា ជារូបលោក ចាន់ សុគីម ។ ក្នុងការសន្ទនាជាមួយនារីរូបនោះ ដើម្បីកំណត់មុខសញ្ញា លោកឧត្តមសេនីយ៍ស្នងការបានសួរថា ឈ្មោះអ្វី? «មាននាទីអ្វី?» នារីរូបនោះឆ្លើយអះអាងបន្លំថា នាងជាជំនួយការរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយរូប និងបានបង្គាប់ឱ្យរូបលោកជានាយការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់ត្រូវយកលុយអោយនាងចំនួន១ពាន់ដុល្លារប្រសិនបើចង់ផ្ទេរតំណែងទៅនៅកន្លែងណាផ្សេងទៀតនោះ។
ក្រោយពីបញ្ចប់ការចរចាតាមទូរស័ព្ទរួចមក លោកឧត្តមសេនីយ៍ស្នងការបានចាប់ផ្តើមបើក ដោយផ្ទេរលុយចំនួន១ពាន់ដុល្លារ ពីខេត្តក្រចេះ ទៅភ្នំពេញយកទៅឱ្យនារីរូបនោះ តបតាមតម្រូវការទាមទាររបស់នាង ។ ដោយប្រើប្រាស់គ្រប់វិធានការជំនាញ និងមានការសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ រហូតដល់ម៉ោង១រសៀលថ្ងៃដដែល សមត្ថកិច្ចតាមចាប់បុរសឈ្មោះសុះ សេន ជាបក្សពួករបស់នារីរូបនោះក្នុងបទល្មើសជាក់ស្តែង ពេលប្រគល់និងទទួលលុយនៅផ្ទះលេខ១៤០ ផ្លូវលេខ១៣០ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
បុរសជាប់សង្ស័យនេះបានឆ្លើយសារភាពថារូបគេមិនសូវស្គាល់ នារីរូបនោះច្បាស់ទេ ដោយកន្លងមកធ្លាប់ទាក់ទងគ្នាម្តងម្កាល ។ កាលពីថ្ងៃ កើតហេតុរូបគេជិះម៉ូតូឌុបនារីរូបនោះចេញពីផ្ទះសំណាក់មួយនៅរាជធានីភ្នំពេញ ដោយនាងឱ្យរូបគេទៅទទួលលុយចំនួន១ពាន់ដុល្លារ ដែលគេផ្ទេរមកពីខេត្តក្រចេះ និងឱ្យទូរសព្ទ័ដៃមួយគ្រឿងសម្រាប់ផ្ទៀងផ្ទាត់លេខ ។ ក្រោយពីគេទទួលលុយហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
ចាប់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចដកហូតលុយចំនួន១ពាន់ ដុល្លារ និងទូរស័ព្ទដៃមួយគ្រឿង។
លោកឧត្តមសេនីយ៍ត្រីជួង ស៊ាងហាក់ ស្នងការនគរបាលខេត្តមានប្រសាសន៍ថា ក្រោយទទួលបានព័ត៌មានពីមន្រ្តីរបស់លោក
ភ្លាម លោកដឹងថា នេះជាពួកសង្គមងងឹតដែលតែងតែប្រើប្រាស់ទូរស័ព្ទគំរាមទារប្រាក់ពីមន្រ្តីរាជការកន្លងមក ៕
ចែករំលែកព័តមាននេះ