ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារាជធានីហាមប្រើដំរីរកស៊ីដឹកភ្ញៀវនៅវត្តភ្នំ

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានីភ្នំពេញ​បាន​សម្រេច​ធ្វើ​ការ​ផ្អាក​មិន​ឱ្យ​មាន​សត្វ​ដំរី​ ធ្វើ​ចរា​ចរណ៍​ដឹក​ភ្ញៀវ​ទេសចរ ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​​ទៀតទេ​ចាប់​ពី​ពេល​នេះ​តទៅ​ ព្រោះ​ពេល​ដែល​ដំរី​មួយ​ក្បាល​ឈ្មោះ​សម្បូរ​ដែល​​តែង​ដឹក​ភ្ញៀវ​ទេស​ចរ​នៅ​ ទី​នោះ​នា​ពេល​កន្លង​មក ​ពេល​នេះ​មាន​​វ័យ​​ចំណាស់​ និង​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​ហើយ​ក៏ចាត់​ទុក​ថាជា​ការ​ចូល​និវត្ត​ន៍​ ​របស់​ដំរី​ចំណាស់​

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានីភ្នំពេញ​បាន​សម្រេច​ធ្វើ​ការ​ផ្អាក​មិន​ឱ្យ​មាន​សត្វ​ដំរី​ធ្វើ​ចរា​ចរណ៍​ដឹក​ភ្ញៀវ​ទេសចរ ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​​ទៀតទេ​ចាប់​ពី​ពេល​នេះ​តទៅ​ ព្រោះ​ពេល​ដែល​ដំរី​មួយ​ក្បាល​ឈ្មោះ​សម្បូរ​ដែល​​តែង​ដឹក​ភ្ញៀវ​ទេស​ចរ​នៅ​ទី​នោះ​នា​ពេល​កន្លង​មក ​ពេល​នេះ​មាន​​វ័យ​​ចំណាស់​ និង​មាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​ហើយ​ក៏ចាត់​ទុក​ថាជា​ការ​ចូល​និវត្ត​ន៍​​របស់​ដំរី​ចំណាស់​នេះ​ផង​ដែរ ។

ដំរី​ឈ្មោះ​សម្បូរ​​ដែល​មាន​ជំងឺ​មាន​អាយុ​៥២​ឆ្នាំ​ហើយ​ជា​ដំ​រី​ញី​ ហើយ​ម្ចាស់​របស់​វា​បាន​យក​ដំរី​​នេះ​ដឹក​ភ្ញៀវ​ទេសចរ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ រាជធានី​ភ្នំពេញ​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម៉្លេះ​ រហូត​ដល់​ចុង​ឆ្នាំ​២០១០​ ក្នុង​ខែ១២ ត្រូវ​បាន​ផ្អាក​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​សុខភាព​ និង​ព្យាបាល​ក្នុង​រយៈ​​ពេល​ប្រមាណ​១ទៅ​២​ឆ្នាំ ទើបអាច​ចេញ​ធ្វើ​​ចរា​ចរណ៍​វិញបាន​​ ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​អាជ្ញា​ធរ​​រាជធានី​ភ្នំ​ពេញ ​ហាក់​មិន​កំណត់​ឱ្យ​បាន​ច្បាស់​លាស់​ថា នឹង​ឱ្យ​​មាន​​ដំ​រី​ធ្វើ​​ចរាចរណ៍​ដឹក​ភ្ញៀវ​ទេសចរ​នៅ​វត្ត​ភ្នំ​នេះ​ពេល​ណា​ ឬ​ចាំ​ដំរី​ឈ្មោះ​សម្បូរ​នេះ​ជា​វិញ​នោះទេ គឺ​គ្រាន់​តែ​និយាយ​ថា មិន​ឱ្យ​មាន​សត្វ​ដំរី​ធ្វើ​ចរាចរណ៍​ដឹក​ភ្ញៀវ​នៅ​វត្ត​ភ្នំ​ចាប់​ពី​ពេល​នេះ​តទៅ​ ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ បាន​ឱ្យ​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិភាព​ដឹង​​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ មករា នេះ​ថា ​តាម​ប្រសាសន៍​របស់​លោក​កែប ជុតិមា ថា​សាលា​រាជធានី​ភ្នំពេញ​ បញ្ឈប់​ឱ្យ​មាន​សត្វ​ដំរី​ធ្វើ​ចរាចរណ៍​ដឹក​ភ្ញៀវ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ចាប់​ពី​ពេល​នេះតទៅ​ ។ ចំ​ពោះ​ដំរី​ឈ្មោះ​សម្បូរ​ដែល​ផ្អាក​និង​សម្រាក​ព្យា​បាល​នេះ​ សាលា​រាជធានី​ភ្នំពេញ​ តែង​បាន​ទទួល​លិខិត​តា​មរយៈ​អីុមែល​សាលា​រាជធានី​ភ្នំពេញ​ពី​ភ្ញៀវ​ទេសចរ​បរទេស​រាប់​ពាន់​ច្បាប់​មក​ហើយ​ថា​ មិន​គួរ​ឱ្យ​​​​ដំរី ​ដែល​មាន​​ជំ​ងឺ​ និង​ចាស់​ជរា​ធ្វើ​ចរាចរ​ណ៍​ដឹក​ភ្ញៀវ​ទៀត​នោះ​ទេ ។

លោក​​ស៊ិន សន អាយុ​៥៥​ឆ្នាំ ដែល​ជា​ហ្ម​ដំរី​ញី​ឈ្មោះ​សម្បូរ​នេះ​បាន​ឱ្យ​​កោះ​សន្តិភាព​ដឹង​តាម​រយៈ​ទូរ​ស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៣០​ មករា នេះ​ថា គាត់​បាន​ប្រកប​មុខ​របរ​យក​ដំរី​ធ្វើ​អាជីវកម្ម​ជា​មួយ​សម្បូរ​នៅ​រមណី​យដ្ឋាន​វត្តភ្នំ​នេះ​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​ មក​ម៉្លេះ​ ម្យ៉ាង​បាន​​កម្រៃ​យក​ចិញ្ចឹម​ជីវ​ភាព​​គ្រួសារ​ដែល​មាន​ប្រពន្ធ​ និង​​កូន​សរុប​៦​នាក់​ និង​មួយ​ផ្នែកយក​ថវិការ​ទៅ​ទិញ​ចំណី​ដូច​ជា​ចេក​អំពៅ​ ឬ​ផ្លែ​ឈើ​ផ្សេង​ៗ​ឱ្យ​​​ដំរី​នេះ​ស៊ី​ធ្វើ​ជា​អាហារ ។

លោក​ស៊ិន សន បាន​ឱ្យ​ដឹង​ថា ដំរី​ឈ្មោះ​សម្បូរ​ ដែល​ដឹក​ភ្ញៀវ​នៅ​វត្ត​ភ្នំ​នេះ​ ការ​រកចំណូល​មិន​ទៀង​ទាត់​ ថ្ងៃ​ខ្លះ​បាន​ភ្ញៀវ​ពី២​ទៅ​៥​នាក់​ដែល​ក្នុង​ភ្ញៀវ​ជិះ​ម្តង​មួយ​ជុំ​វត្ត​ភ្នំ​បាន​តម្លៃ​ចំនួន​១៥​ដុល្លារ សម្រាប់​បរទេស​ ។ តែ​បើ​ខ្មែរ​យក​តែ​១០​ដុល្លារ​ទេ​ហើយ​ថ្ងៃ​ខ្លះ​ក៏​អត់​មាន​រហូត​ដល់​២ឬ​៣​ថ្ងៃ​ជាប់​គ្នា​ក៏​មាន​ ​។ ​មាន​ពេល​ខ្លះ​ភ្ញៀវ​ជិះ​ពី​៥​ទៅ​១០​ជុំ​ឯណោះ ។ ចំពោះ​ដំរី​ឈ្មោះ​សម្បូរ​​មិន​មែន​ ទើប​តែ​មាន​ជំងឺ​ក្នុង​ពេល​នេះ​​ទេ គឺ​វា​មាន​ជំងឺ​ប្រេះ​ជើង​​តាំង​ពី​ជំនាន់​ប៉ុល ពត មក​ម៉្លេះ​ដែល​សម័យ​នោះ​ប៉ុល ពត​ តម្រូវ​ឱ្យ​យក​ដំរី​សម្បូរ​នេះ​រួម​ជា​មួយ​ដំរី​ជាង​១០​ក្បាល​ផ្សេង​ទៀត​ឱ្យ​ជាន់​ដី​ភក់​ ដើម្បី​ស្ទូង​ស្រូវ​ត្រាំ​ត្រែង​ដែល​មាន​ជំងឺ​ទឹក​ស៊ី​ជើង​ ឬ​ជំងឺ​ប្រេះ​ជើង​តែម្តង ។

ហ្ម​ដំរី​រូប​នេះ​បាន​បញ្ជាក់​ថា សម្បូរ​ត្រូវ​បាន​ផ្អាក​ដឹក​ភ្ញៀវ​ប្រមាណ​២​ខែ​មុន​នេះ​ ហើយ​ពេល​នេះ​ចាប់​ផ្តើម​សម្រាក​ព្យាបាល​នៅ​តំបន់​ភ្នំពេញ​ថ្មី​ដែល​ព្យាបាល​ដោយ​អង្គការ«​អៀរ»​ជា​អង្គការ​​អភិ​រក្សសត្វ​ព្រៃ​មាន​ទី​ស្នាក់​ការ​ធំ​នៅ​ហុង​កុង​ ដែល​ត្រូវ​ព្យាបាល​រយៈ​ពេល​៦​ខែ​ តាម​ការ​អះ​អាង​របស់​អង្គការ​ បុ៉ន្តែ​លោក​បាន​កំណត់​ការ​ព្យាបាល​ និង​ឱ្យ​ដំរី​របស់​គាត់​សម្រាកឱ្យ​ជា​ដាច់​ពី​មួយ​ទៅ​ពីរ​ឆ្នាំ​ ទើប​ធ្វើ​ចរាចរ​ណ៍​ដឹក​ភ្ញៀវ​វិញ​ ដែល​ការព្យា​បាល​នេះ​មិន​អស់​លុយ​កាក់​អ្វី​នោះ​ទេ ។

លោក​ស៊ិន សន បាន​រំ​លឹក​ពី​ប្រវត្តិ​ដំរី​សម្បូរ​នេះ​ថា កាលពី​ឆ្នាំ​១៩៦០​ គាត់​​មាន​អាយុ​១៤​ឆ្នាំ ជា​មួយ​ឪពុក​របស់​គាត់​ឈ្មោះ​ព្រុំ សុង​ ជា​កសិករ​រស់​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ បាន​ទៅ​ទាក់​ដំរី​ នៅ​​ក្នុង​ព្រៃ​ភ្នំ​ឳរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​ ។ ពេល​នោះ​ក៏​ទាក់​បាន​ដំរី​ញី​មួយ​ក្បាល​ដែល​មាន​អាយុ​ប្រមាណ​៨​ឆ្នាំ យក​ទៅ​ចិញ្ចឹម​ជាមួយ​នឹង​ដំរី​៤​ក្បាល​ទៀត​ ដែល​គាត់​ចិញ្ចឹម​នៅឃុំ​សំរោងទង​ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ ​។ ក្នុង​សម័យ​ប៉ុល ពត សម្បូរ​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ម្ចាស់​​ទៅ​រស់​នៅ​តំបន់​ឃុំ​អម​លាំង ដើម្បី​អូស​ឈើ​ចេញពីក្នុង​​ព្រៃ​ ។ នៅ​ក្នុង​​ឆ្នាំ​១៩៧៧ សម្បូរ​ត្រូវ​បាន​ជម្លៀស​ម្តង​ទៀត ​ទៅ​ខេត្ត​បាត់​ដំបង​ រួច​ទៅ​ខេត្ត​ពោធិ៍​សាត់ទៀត ។​ដោយ​បាន​ទទួល​ដំណឹង​ច្បាស់​លាស់​នេះ​ ក្រោ​យ​ឆ្នាំ​១៩៧៩ ​លោក​ស៊ីន សន បាន​ទៅ​សុំ​ពី​គេ​មក​វិញ​ ព្រម​ទាំង​មាន​ការ​សម្គាល់​ និង​ភិនភាគ​យ៉ាង​ច្បាស់​លាស់​ទៀត​​ផង​នោះ​ម្ចាស់​ក្រោយ​​ក៏​បាន​ប្រគល់​សម្បូរ​ឱ្យ​គាត់​ជា​ម្ចាស់​ដើមវិញ ។ ហើយ​នៅ​ឆ្នាំ​១៩៩៣ គាត់​​ក៏​បាន​យក​សម្បូរ​ទៅ​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេស​ចរ​ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​រហូត​​មក​ដល់​សព្វ​ថ្ងៃ​​នេះ ។

យោង​តាម​វ៉េបសាយ​សាលា​រាជធានី​ភ្នំពេញ​បាន​​សរសេរ​ថា ក្រៅ​ពី​មុខរបរ​​ជា​អ្នក​ដឹក​ភ្ញៀវ​ទេសចរ ​សម្បូរ​បាន​ចូលរួម​ក្នុង​សកម្មភាព​សម្តែង​ដូច​ជា​យុទ្ធ​នាការ​ផ្សព្វ​ផ្សាយ​បន្តក់​ថ្នាំ​ជំងឺ​ស្វិត​ដៃ​ជើង​ ​យុទ្ធ​នាការ​បោះ​ឆ្នោត​ និង​ចូល​រួម​ពិធី​ផ្សេងៗ​ទៀត​ផង​ ៕