រាជធានីភ្នំពេញ ៖ ទីតាំងក្រុមហ៊ុនយ៉ុងហ្វាត់ ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផលិតផល ស្ថិតនៅអគារលេខ១៨៩AB វិថីព្រះមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវក្រុមចោរដែលក្នុងនោះមានម្នាក់ជាសន្តិសុខឯកជនយាមក្រុមហ៊ុន បានសមគំនិតគ្នាធ្វើសកម្មភាពកាត់សោម៉ាកសូឡិច ចូលលួចយករថយន្តម៉ាកឡិចសីុស RX300 ពណ៌ខ្មៅ មួយគ្រឿង ម៉ូតូធុន C100 កូរ៉េពណ៌ក្រហមមួយគ្រឿង កុំព្យូទ័រចំនួន៦គ្រឿង ប្រព័ន្ធកុំព្យូទ័របំពាក់កាមេរ៉ាសុវត្ថិភាពមួយកំប្លេ និងប្រាក់ចំនួន៣៨.៥០០ដុល្លារ ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ។
េហតុការណ៍ចោរកាត់សោចូលលួចនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣០ មករា នៅពេលដែលបុគ្គលិកក្រុមហ៊ុនបានចូលធ្វើការ ហើយប្រុងចាក់សោចូលបែរជាឃើញសោត្រូវចោរកាត់ និងបើកទ្វារយករថយន្តម៉ូតូ និងសម្ភារលុយកាក់អស់គ្មានសល់ ។ ទោះបីជាយ៉ាងណា គេពុំដឹងថា ក្រុមចោរមានបក្សពួកប៉ុន្មាននាក់ និងធ្វើសកម្មភាពនៅពេលណានោះឡើយ ។ តាមព័ត៌មានឱ្យដឹងថា ក្រុមចោរដែលធ្វើសកម្មភាពនោះ គឺមានគ្នាយ៉ាងតិចពីរនាក់ ដែលក្នុងនោះក៏មានសន្តិសុខរបស់ក្រុមហ៊ុន CSP ម្នាក់ឈ្មោះយ៉ែម វ៉ាន់ដា ភេទប្រុស អាយុ៣០ឆ្នាំ ដែលក្រុមហ៊ុនជួលឱ្យមកយាម ត្រូវបាត់ខ្លួនដែលសង្ស័យថា ត្រូវរ៉ូវគ្នាជាមួយចោរ ។
បន្ទាប់ពីភ្ញាក់ផ្អើលគេឃើញអាវសន្តិសុខរូបនោះបានបន្សល់ទុក ហើយបានគេចខ្លួនបាត់ ។ នៅក្នុងការធ្វើសកម្មភាពនេះក្រុមចោរបានយកស្កុតបិទមុខកាមេរ៉ាសន្តិសុខផ្នែកខាងក្រៅក្រុមហ៊ុន ហើយបានធ្វើសកម្មភាពយករណារអារកាត់សោសូឡិច និងចាក់សោទ្វារចំនួន២ជាន់ចូលទៅខាងក្នុងធ្វើសកម្មភាពលួចយករបស់របរតាមចិត្ត និងលួចយកកុំព្យូទ័រដែលបំពាក់មើលកាមេរ៉ាសុវត្ថិភាពទៅជាមួយផងដែរ ។
តាមព័ត៌មានបន្តទៀតថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី៣០ មករា បុគ្គលិកក្រុមហ៊ុនផ្នែកគណនេយ្យបានធ្វើដំណើរទៅធ្វើការ ហើយរៀបចំចាក់សោក៏មានការភ្ញាក់ផ្អើលតែម្តង បន្ទាប់ពីសោត្រូវចោរកាត់ផ្តាច់អស់ទៅហើយនោះ ។ បន្ទាប់ពីភ្ញាក់ផ្អើលក្រុមហ៊ុនក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ហើយនាំគ្នាចុះធ្វើការត្រួតពិនិត្យ ។
នៅកន្លែងកើតហេតុមុខក្រុមហ៊ុនសមត្ថកិច្ចរកឃើញដង្កាប់១ និងរណារអារដែកចំនួន៤ និងមេសោដែលត្រូវចោរអារដាច់បន្សល់ទុក ។ តាមសន្តិសុខក្រុមហ៊ុន CSP ឈ្មោះងួន ថេត ភេទប្រុស អាយុ៤៥ឆ្នាំ ដែលយាមពេលថ្ងៃបានឱ្យដឹងថា នៅវេលាម៉ោង១១យប់ថ្ងៃទី២៩ មករា បន្ទាប់ពីរត់ម៉ូតូឌុប រូបគាត់បានធ្វើដំណើរទៅដេកនៅមុខក្រុមហ៊ុន ហើយត្រូវសន្តិសុខយាមយប់ឈ្មោះយ៉ែម វ៉ាន់ដា ដែលទើបមកយាមថ្មីមិនឱ្យដេកដូចសព្វដងហើយគាត់ក៏បានធ្វើដំណើរចេញទៅ ។ លុះព្រឹកឡើងថ្ងៃទី៣០ មករា ក៏មានការភ្ញាក់ផ្អើលចោរគាស់កាត់ទ្វារក្រុមហ៊ុនតែម្តង ហើយសន្តិសុខម្នាក់នោះគេចខ្លួនបាត់ សល់តែអាវ ។
តាមព័ត៌មានឱ្យដឹងថា សម្ភារដែលចោរកាត់សោរចូលលួចនោះ ការបាត់បង់រួមមាន រថយន្តម៉ាកឡិចសីុស RX300 ពណ៌ខ្មៅ មួយគ្រឿង ម៉ូតូធុន C100 កូរ៉េ ពណ៌ក្រហមមួយគ្រឿង កុំព្យូទ័រចំនួន៦គ្រឿង ដែលក្នុងនោះកុំព្យូទ័រលេបថបចំនួន៣គ្រឿង និងកុំព្យូទ័រលើតុចំនួន៣គ្រឿង , កុំព្យូទ័របំពាក់ប្រព័ន្ធកាមេរ៉ាការពារសុវត្ថិភាពមួយកំប្លេក និងប្រាក់ចំនួន៣៨.៥០០ដុល្លារ ដែលជាប្រាក់របស់គណនេយ្យទុកក្នុងទូ។
ទោះបីជាយ៉ាងណាកោះសន្តិភាពពុំទទួលបានការបំភ្លឺណាមួយពីតំណាងក្រុមហ៊ុនឡើយ ។ នៅព្រឹកថ្ងៃទី៣០ មករា សមត្ថកិច្ចបច្ចេកទេសរួមទាំងសមត្ថកិច្ចមូលដ្ឋានដឹកនាំដោយព្រះអាជ្ញារងមាស ច័ន្ទពិសិដ្ឋ បានចុះពិនិត្យកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកក្រុមចោរដែលគេអះអាងថា មានគ្នាប្រមាណ៣ទៅ៤នាក់ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។
គួរបញ្ជាក់ថា នៅក្នុងក្រុមហ៊ុនមានស្រាជាច្រើនកេស និងសម្ភារមានតម្លៃជាច្រើនទៀត រួមទាំងទូដែករបស់នាយកក្រុមហ៊ុនដែលចោរពុំលួចយកទៅជាមួយទេ ។
នេះជាទង្វើមួយដែលកំពុងធ្វើឱ្យមានការមិនទុកចិត្តចំពោះមុខរបរសន្តិសុខឯកជន ។ ជាការពិតណាស់មនុស្សខិលខូចមិនច្រើនទេ តែអាចធ្វើឱ្យមនុស្សច្រើននាក់ដែលមានមុខរបរធ្វើជាសន្តិសុខយាមកាមតាមក្រុមហ៊ុននានា ឬតាមទីកន្លែងផ្សេងៗអាចនឹងរងគ្រោះ ដោយសារតែភាពមិនស្មោះត្រង់របស់ជនខិលខូចមួយក្តាប់តូចនេះ ៕
ចែករំលែកព័តមាននេះ