១- អត្ថប្រយោជន៍របស់កាហ្វេ
*ជំនួយដល់ខួរក្បាល ៖ ការសិក្សាបាន បញ្ជាក់ឲ្យដឹងថា ការផឹកកាហ្វេក្នុងបរិមាណល្មមគឺពី១ទៅ៥ពែងក្នុង១ថ្ងៃ អាចជួយកាត់បន្ថយភាពវិកលចរិត (dementia) ការចុះខ្សោយនៃការចងចាំ (Alzheimer’s disease) និងជំងឺញ័រញាក់ (Parkinson’s disease) បាន។ ពួកអ្នកជំនាញបានពន្យល់ថា អង់ទីអុកស៊ីដង់របស់កាហ្វេអាចជួយបង្ការមិនឲ្យកោសិកាខួរក្បាលខូចខាតទៅបាន ហើយអាចជួយជំរុញសកម្មភាពរបស់ណឺរ៉ូត្រង់ស្មីទ័រ (neurotra-nsmitters) ដែលមានការពាក់ព័ន្ធដល់មុខងារស្គាល់ឬដឹង។ ការសិក្សាខ្លះបានបញ្ជាក់ថា កាលណាគេផឹកកាហ្វកាន់តែច្រើន អត្រានៃឧប្បត្តិហេតុកើតជំងឺមហារីកខួរក្បាល (glioma) ក៏ថយចុះទៅដែរ ។ ម្យ៉ាងទៀត កាហ្វេក៏អាចធ្វើឲ្យមានការជួសជុលប្រូតេអ៊ីនឌីអិនអេនៅក្នុងកោសិកា (DNA-repairing protein in cells) ផងដែរ ជួយបង្ការមិនឲ្យមានការខូចខាតឌីអិនអេ ដែលធ្វើឲ្យកោសិកាក្លាយទៅជាមហារីកនោះ ។
*ជំនះជំងឺទឹកនោមផ្អែម ៖ ការសិក្សាបានផ្សារភ្ជាប់ការផឹកកាហ្វេ (៤ពែងក្នុង១ថ្ងៃ) ទៅនឹងហានិភ័យថយចុះនៃការកើតជំងឺទឹកនោមផ្អែមប្រភេទ២ ។ គេនិយាយថា អង់ទីអុកស៊ីដង់របស់កាហ្វេគឺ cholorogenic acid និង quin-ides អាចជំរុញឲ្យកោសិកាមានវេទយិតជាមួយនឹងអាំងស៊ុយលីន ដែលជាអ្នកចាត់ចែងជាតិស្ករនៅក្នុងឈាម ។ ហេតុការណ៍នេះរឹតតែមានប្រសិទ្ធភាពខ្លាំងឡើងថែមទៀត កាលណាគេបានដកយកជាតិកាហ្វេអ៊ីនចេញ (decaf) ។
*អត្ថប្រយោជន៍ចំពោះបេះដូង ៖ មានការសិក្សាខ្លះបង្ហាញថា អ្នកដែលផឹកកាហ្វេក្នុងកម្រិតល្មមៗ គឺពី១ទៅ៣ពែងក្នុង១ថ្ងៃ មានអត្រាកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (stroke) តិចជាងអ្នកដែលមិនផឹកកាហ្វេសោះ។ នេះគឺដោយសារអង់ទីអុកស៊ីដង់របស់កាហ្វេបានជួយបំបាត់ការរលាករបស់សរសៃអាទែរ (arteries) ហើយបង្កើនសកម្មភាពរបស់ nitric oxide ដែលធ្វើឲ្យសរសៃឈាមរីកធំឡើង ម៉្លោះហើយក៏ធ្វើឲ្យសម្ពាធឈាមថយចុះទៅ ដែរ ។
*ជួយការពារថ្លើម ៖ គេសង្កេតឃើញថា កាលណាគេផឹកកាហ្វកាន់តែច្រើន ឧប្បត្តិហេតុនៃការក្រិនថ្លើមក៏ថយចុះទៅដែរ ។ ការវិភាគលើការសិក្សាចំនួន៩ បានរកឃើញថា ការផឹកកាហ្វេ២ពែងក្នុង១ថ្ងៃ បានកាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើមបានដល់ទៅ៤៣% ។ គេពន្យល់ថា នេះគឺមកពីជាតិកាហ្វេអ៊ីន និង chlorogenic and caffeic acids បានជួយបង្ការមិនឲ្យថ្លើមរលាក និងជួយលុបបំបាត់កោសិកាមហារីកចេញ ។
២- ផលអាក្រក់របស់កាហ្វេ
*ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចធ្វើឲ្យយើងឆាប់ខឹងឬថប់អារម្មណ៍បាន បើផឹកកាហ្វេច្រើនពេក ៖ ពីព្រោះថា កាហ្វេអ៊ីននេះវាដូចគ្នាខ្លាំងណាស់ទៅនឹង adenosine ដែលជាសារជាតិគីមីម្យ៉ាងដែលធ្វើឲ្យខួរក្បាលថមថយចុះ ហើយមានការទាក់ទងដោយផ្ទាល់ជាមួយនឹងដំណេកនិងការបន្ធូរសរសៃឈាម ។ កាហ្វេអ៊ីនត្រូវបានចងជាប់ទៅនឹង adenosine នៅលើសរសៃប្រសាទ ហើយមិនបានលែង adenosine ទៅវិញទេ ដែលជាហេតុធ្វើឲ្យសរសៃប្រសាទមានសកម្មភាពកើនឡើង ហើយសរសៃឈាមក៏កន្ត្រាក់ញាប់ឡើងដែរ ។ ម្យ៉ាងទៀត បើសិនជាអ្នកផឹកកាហ្វេជាប់រាល់ថ្ងៃអ្នកអាចនឹងបង្កើតភាពអត់ឱន (tolerance) ចំពោះកាហ្វេអ៊ីន ហើយត្រូវផឹកកាហ្វេឲ្យគ្រប់កម្រិតទើបអាចមានសភាពរហ័សរហួនបាន។ បើមិនបានផឹកកាហ្វេទេ នោះវាហាក់ដូចជារសេះរសោះមិនស្រួលក្នុងខ្លួនទេ ។
*ធ្វើមិនឲ្យងងុយដេក ៖ ជាទូទៅកាហ្វេអ៊ីនអស់ឥទ្ធិពលទៅក្នុងពេល៦ម៉ោងក្រោយមក ។ ដូច្នេះបើសិនជាអ្នកមានបញ្ហាក្នុងការដេក សូមផឹកកាហ្វេតែនៅពេលព្រឹកបានហើយ ។ ឥទ្ធិពលរបស់កាហ្វេទៅលើដំណេកនេះកាន់តែធ្ងន់ធ្ងរទៅៗ កាលណាអ្នកកាន់តែចាស់ទៅៗ ។
*ធ្វើឲ្យកើនកូលេស្តេរ៉ូល ៖ កាហ្វេមានជាតិ cafestol ដែលធ្វើឲ្យកម្រិតកូលេស្តេរ៉ូលមិនល្អ (LDL – “bad” cholesterol ) កើនឡើង ។
*ឥទ្ធិពលទៅលើគភ៌និងការបំបៅកូន ៖ បើតាមសាលា American College of Obstetrics and Gynecology ស្ត្រីមានផ្ទៃពោះអាចផឹកកាហ្វេបានតិចតួច (មិនលើសពី ២ពែងក្នុង១ថ្ងៃ ) ហើយវាហាក់ដូចជាថាការផឹកកាហ្វេច្រើនអាចនឹងធ្វើឲ្យកូនរលូតបាន ។ ម្យ៉ាងទៀត ស្ត្រីបំបៅដោះកូនមិនត្រូវផឹកកាហ្វេច្រើនទេ ព្រោះវាអាចជ្រាបចូលទៅក្នុងទឹកដោះបាន ៕
ចែករំលែកព័តមាននេះ