ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប់​ទារិកាអភ័ព្វ​ប៉ង​សម្លាប់​គេរើស​មក​ចិញ្ចឹម

14 ឆ្នាំ មុន

រាជធានីភ្នំពេញ  ៖ ​ ទារិកា​​​​ម្នាក់​ទើប​ប្រសូត​​ថ្មីៗ​​ត្រូវ​​បាន​ក្មេង​​​​ឃ្វាល​​​​គោ​​ប្រទះ​ឃើញ​​​​​នៅ​​ក្នុង​ព្រៃ​​​​របោះ​​មួយ​កន្លែង​​​ ស្ថិត​នៅ​ក្នុង​ភូមិ​​បោះអង្កាញ់​​ សង្កាត់​​​​​ព្រែក​​ឯង​ ខណ្ឌ​​​មាន​ជ័យ  កាលពី​រសៀល​​​ថ្ងៃទី​​​​​២៧  មករា ឆ្នាំ​២០១២​ ហើយ​​​ក៏នាំគ្នា​​ភ្ញាក់​ផ្អើល​​​​​និង​រើស​មកចិញ្ចឹម​​ ។ ទារិកា​​នេះ​ជា​​កូន​​ដ៏ស្រស់​​​​ស្អាតទ្រលុក​គួរ​ឱ្យ​ស្រឡាញ់​​ ដែល​​​នរណា​ៗ​​ក៏​ចង់​​​បាន​ដែរ ។

លោកគឹម ​ភាព អាយុ​​៤៩ឆ្នាំ ជា​​​កសិករ​រស់​នៅ​​​​ភូមិ​សង្កាត់​​ខាង​លើ​​បាន​រៀប​រាប់​​ប្រាប់​អ្នក​​​យក​ព័ត៌​មាន​​​កោះ​សន្តិភាព​​ស្តីពី​​ការប្រទះ​​ឃើញ​​ទារិកា​​ដ៏​​អភ័ព្វ​​នេះ​ថា ដំបូង​​​​ឡើយ​​មាន​​ក្រុម​ក្មេង​​ឃ្វាល​គោ​​ប្រាប់​ថា ពួកគេ​​បាន​​ឮ​សូរ​​សំឡេង​​ក្មេង​​យំ ។  ពេល​ឮ​​ដូច្នេះ​ លោក​គឹម ​ភាព ក៏​​ដើរ​សំដៅ​​ទៅរក​​​កន្លែង​​ក្មេងយំ​​ហើយ​​ប្រទះឃើញ​​​ទារិកា​​​​ដ៏​តូច​​​​ច្រឡឹង​ខំប្រឹង​​​​បម្រះ​​​ស្រវេស្រវា​​​​​កាយ​​ដី​ចេញ​​ពី​​​មុខ​​មាត់​​ដែល​​​​ជន​មិន​​​ស្គាល់​មុខ​​​​យក​​​​​​ទៅ​​កប់​​ចោល​​ទាំង​រស់​ក្នុង​ដី​​អាចម៍​​បំណាស់​​ ដែល​​កាយ​​កប់​​សើៗ​ ។  លោក​​​គឹម ​ភាព ​បាន​បន្ត​​ថា ពេល​​​​ឃើញ​​ដូច្នេះគាត់​​​មាន​​ក្តី​​​ក្តុក​​ក្តួល​​ ហើយ​​​ស្ទុះ​​​ទៅ​កាយ​​ដី​​ចេញ​​​​​​​​ លើក​ទារិកា​នោះ​​សំដៅ​​​​មក​ផ្ទះ​​​ឱ្យ​ប្រពន្ធ​​របស់​គាត់​​​​​​​​លាង​ទឹក​​សម្អាត​ដើម្បី​​​​ចិញ្ចឹម​​បី​បាច់ ដែល​​មាន​​អ្នក​ស្រុក​​ក្មេង​​ចាស់​មក​​ចោម​រោម​​​មើល  ។

លោក​​គឹម ភាព  បាន​បន្ត​ថា ការ​​លើក​ទារិកា​​នេះ​ចេញ​​​ពីរណ្តៅ​​ គឺ​​រូប​ទារិកា​​នោះ​​មាន​ជាប់​ទាំង​​ទង​សុក​​​ម្តាយ​​និង​​​ផ្សិត​​ផង​ដែល​​សភាព​​​បែប​​​នេះ ​បញ្ជាក់​​​ថា រូប​​នាង​​ទើប​​នឹង​​កើត​​​​ចេញពី​​ផ្ទៃ​ម្តាយ​​ភ្លាមៗ​​​ ហើយ​​ត្រូវ​​គេ​យក​​ទៅ​​កប់​​ដី​​ប្លុង​​ចោល​​តែម្តង ។ ​
មិន​មាន​ព័ត៌​មាន​លម្អិត​​​បញ្ជាក់​​​ថា ជា​​​ម្តាយ​​បង្កើត​​បាន​​បង្កើត​កូន​​ហើយ​​យក​ទៅ​​កប់​​ចោល​​ឬ​​​ក៏អ្នក​ផ្សេង​​​នាំ​យក​ទៅ​​កប់​​ចោល​​ទាំង​រស់​នោះ  ​ទេ ។  ​លើស​ពីនេះ​​ទៅ​ទៀត​​​អ្នក​ស្រុក​​នៅ​ជុំ​វិញ​​​កន្លែង​​​​កើត​ហេតុ​​ក៏​គ្មាន​​​នរណា​​ មាន​​ផ្ទៃ​ពោះ​គ្រប់​ខែ​ដែរ ។ តាម​ការ​ស្ទង់​ស្ទាប​បែប​នេះ​ បញ្ជាក់​ថា ទារិកា​នេះ​អាច​ជន​មិន​ស្គាល់​មុខ​នាំ​យក​ពី​តំបន់​ផ្សេង​ទៅ​ប្លុង​ចោល​ ចំណុច​ខាង​លើ​ ។ ប៉ុន្តែ​អ្ន​ក​ស្រុក​បញ្ជាក់​ថា នៅ​តំបន់​នោះ​គ្មាន​ផ្លូវ​រថយន្ត​ ឬ​ម៉ូតូ​ចូល​ទៅ​បាន​ទេ គឺ​មាន​តែ​ថ្មើរ​ជើង​ប៉ុណ្ណោះ ។ ចំពោះ​បញ្ហា​នេះ​ក៏​ជា​ប្រធាន​បទ​មួយ​ដែល​ទាម​ទារ​ឱ្យ​សមត្ថ​កិច្ច​មូលដ្ឋាន​ គួរ​តែ​ចុះ​តាម​ដាន​អំពី​ចរិត​មនុស្ស​ចាស់​ដ៏​សាហាវ​ដែល​យក​ទារិកា​ទៅ​កប់​ទាំង​រស់​នោះ​ផង ។

លោក​គឹម ភាព និង​ភរិយា​​បាន​និយាយ​ថា គាត់​សុខ​ចិត្ត​ចិញ្ចឹម​ទារិកា​នេះ​ហើយ​ ទោះ​ជា​បែបណា​ក៏​ដោយ​ ព្រោះ​ទារិកា​នោះ​មាន​និស្ស័យ​ជា​មួយ​គាត់​ ។ អ្នក​ស្រុក​អ្នក​ភូមិ​នាំ​គ្នា​ចង់​បាន​ទារិកា​នេះយក​​ទៅ​ចិញ្ចឹម​គ្រប់​ៗ​គ្នា ព្រោះ​រូប​នាង​​មាន​ព្រលឹង​​ខ្លាំង​ណាស់​​សម្បុរស​គួរ​ឱ្យ​ស្រឡាញ់។

ជាមួយ​គ្នា​នោះ​ដែរ ​ក្រុម​​អ្នក​ស្រុក​អ្ន​ក​ភូមិ​នាំ​គ្នា​ចូល​រួម​ជា​ថវិកា តាម​សទ្ធា​ជ្រះ​ថ្លា​សម្រាប់​លោក​គឹម ភាព ទិញ​ទឹក​ដោះ​គោ​ចឹញ្ចឹម​ទារិកា​ដ៏​អភ័ព្វ​នោះ ។ ទន្ទឹម​នឹង​ក្តី​អាណិត​អាសូរ​នេះ​ដែរ​លោក​ម៉ម វ៉ាន អ្នក​យក​ព័ត៌​មាន​កោះ​សន្តិភាព​ក៏​បាន​ជួយ​ឧបត្ថ​ម្ភ​ថវិកា​២​មឺុន​រៀល​សម្រាប់​ចូល​រួម​ផ្គត់​ផ្គង់​ការ​ចិញ្ចឹម​បី​បាច់​ទារិកា​នេះដែរ ៕