ខេត្តកំពង់ចាម ៖ បុរសពោះម៉ាយម្នាក់ឈ្មោះផាន សុផា អាយុ៣០ឆ្នាំ រស់នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងព្រីង ចាប់ខ្លួនពីបទចាប់នាងក្រមុំម្នាក់អាយុ១៩ឆ្នាំ រំលោភសេពសន្ថវៈកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៥ មករា ខណៈពេលនាងត្រឡប់មកពីទិញក្រូចឆ្មារវិញ ។
ពាក់ព័ន្ធនឹងករណីនេះ លោកវរសេនីយ៍ត្រីលឿង រដ្ឋា អធិការនគរបាលស្រុកតំបែរ បានឱ្យដឹងថា ក្រោយពីហេតុការណ៍កើតឡើងឪពុកម្តាយនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងព្រីងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមចាប់ជនសង្ស័យឈ្មោះ ផាន សុផា ដែលបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកូនស្រីរបស់ពួកគាត់នៅក្នុងចំការដំឡូងអ្នកភូមិម្នាក់ ។
លោកអធិការនគរបាលស្រុកតំបែរ បានបន្តឱ្យដឹងយោងតាមការបំភ្លឺរបស់នារីរងគ្រោះថា នៅមុនពេលកើតហេតុនារីរងគ្រោះត្រូវបានម្តាយប្រើឱ្យទៅទិញក្រូចឆ្មារនៅក្នុងភូមិ ពេលនាងដើរត្រឡប់មកផ្ទះវិញបានចម្ងាយប្រហែល ២០ម៉ែត្រពីកន្លែងលក់ នាងបានជួបឈ្មោះសុផា នៅតាមផ្លូវនិងបានសួរនាំគ្នាទៅវិញទៅមក។ គ្រាន់តែនិយាយចប់ ស្រាប់តែជននេះបានស្ទុះមកចាប់អោបនាងពីខាងក្រោយខ្នង និងចាប់អូសនាងចូលទៅក្នុងព្រៃចំការដំឡូងមីព្រមទាំងយកអាវយឺតមកខ្ទប់មាត់នាងមិនឱ្យស្រែកហើយយកកាំបិតកៃដាក់ត្រង់ក.នាងគំរាមថា បើសិននាងហ៊ានស្រែកគេនឹងចាប់អារ.កសម្លាប់ចោល។ ដោយភ័យខ្លាចពេកទើបនាងមិនហ៊ានស្រែក ហើយជននោះក៏បានចាប់រំលោភសេពសន្ថវៈ លើនាងរហូតបានសម្រេច រួចទើបលែងនាងឱ្យត្រឡប់មកផ្ទះវិញ និងបានគំរាមនាងទៀតថា បើនាងប្រាប់រឿងនេះឱ្យគេដឹងរូបគេនឹងសម្លាប់នាងចោល ។
ទោះជាយ៉ាងណា ពេលនាងទៅដល់ផ្ទះវិញនាងបានប្រាប់អ្នកផ្ទះឱ្យដឹងទើបឪពុកម្តាយនាងទៅប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនឈ្មោះផាន សុផា ធ្វើការផ្តន្ទាទោសតាមច្បាប់និងទាមទារសំណងជំងឺចិត្តចំនួន៥.០០០ដុល្លារ ។
ជនសង្ស័យឈ្មោះផាន សុផា បានសារភាពថា រូបគេពិតជាបានចាប់រំលោភសេពសន្ថវៈលើនារីនោះប្រាកដបានសម្រេចនៅក្នុងព្រៃចំការដំឡូងប្រាកដមែន ។
នៅព្រឹកថ្ងៃទី២៧ មករា ជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ