ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចិញ្ចឹមត្រីឆ្តោប្រើប្រាស់រថយន្តស៊ីរ៉ែនទាហានបន្លាចជលផល

14 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​​​រថយន្ត​បំពាក់​​ស៊ីរ៉ែន​​ពណ៌ ត្រេអ៊ី​ ពាក់​ស្លាក​លេខ​ខេម​រភូមិន្ទ​មួយ​​គ្រឿង​ កំពុង​​ធ្វើ​សកម្ម​ភាព​​ដឹកជញ្ជូន​​ត្រី​ឆ្តោ​ខុស​ច្បាប់​​ជារៀង​រាល់​​ថ្ងៃ​ពី​ស្រុក​កោះ​ធំ ​និង​​ពី​ក្រុង​តា​ខ្មៅ ដើម្បី​មក​​លក់​ចែក​ចាយ​​នៅ​រាជ​ធានី​ភ្នំពេញ ហើយ​​សមត្ថ​កិច្ច​ជំនាញ​ជល​ផល​​ក៏​មិន​ហ៊ាន​​អនុ​វត្តច្បាប់​​របស់​ខ្លួន​ឡើយ បើ​ទោះ​បី​ជា​ការ​នាំ​ត្រី​ឆ្តោ​នោះ​ខុស​ច្បាប់​ក្តី ។

ជាក់ស្តែង​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​​​មក​ហើយ​​រហូត​មក​ដល់​ថ្ងៃទី​២៦ មករា គេ​ឃើញ​រថយន្ត​ស៊ីរ៉ែន​​ខាងលើ​នេះ ចូល​ដឹក​​ត្រីឆ្តោ​​របស់​មន្ត្រី​យោធា​​ម្នាក់​ឈ្មោះ​​ផាត់ សឿង ​ហៅ​វិចិត្រ ​ដែល​មា​នត្រីឆ្តោ​​រាប់​មឺុន​ក្បាល​ចិញ្ចឹម​​នៅ​ក្នុង​ស្រះ​​ខាង​លិច​​ផ្លូវ​ជាតិ​លេខ​​២១B ​ស្ថិត​ក្នុងភូមិ​ព្រែក​​សំរោង សង្កាត់​​តា​ខ្មៅ ក្រុង​​តាខ្មៅ ។ ​មន្ត្រី​យោធា​​រូប​នោះ​បាន​លួច​លាក់​​ចិញ្ចឹម​​ត្រី​ឆ្តោ ​ដែល​​ច្បាប់​ហាម​​ឃាត់​រាប់​ម៉ឺន​​​ក្បាល​នៅ​​ក្នុង​ស្រះ​ ស្ថិត​ក្នុងភូមិ​ព្រែក​​សំរោង ​សង្កាត់​តា​ខ្មៅ ​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ហើយ​សមត្ថ​កិច្ច​ជំនាញ​​មិន​បាន​​កៀរ​ដួស​​យក​ទៅ​ចាក់​​ចោល​​​ដូច​ស្រះ​ដទៃទេ គឺ​បាន​ត្រឹមតែ​ចុះ​ទៅ​​​អើត​មើល​ក៏​ស្ងាត់​​ទៅ​វិញ ​។ រហូត​​ដល់​ត្រី​ល្មម​លក់ ​ម្ចាស់​​ស្រះ​នេះ ​​ក៏​យក​រថយន្ត​ស៊ីរ៉ែន​​ពណ៌​ត្រេអ៊ី​ បន្លាច​​មន្ត្រី​ជល​ផល ដើម្បី​ដឹក​ជញ្ជូន​​យក​ទៅ​​លក់​នៅ​ភ្នំពេញ យ៉ាង​រលូន​ទៀត ។

កន្លង​មក​គេឃើញ​​សកម្ម​ភាព​ចុះ​បង្ក្រាប​​របស់​មន្ត្រី​ជំនាញ​​ទៅលើ​ស្រះចិញ្ចឹម​​ត្រីឆ្តោ​របស់​ប្រជា​ពល​រដ្ឋ​​មាន​ភាព​សកម្ម​បំផុត​ គឺ​មិន​មាន​ការ​​លើក​​លែង​ឡើយ​ ថែម​ទាំង​ធ្វើ​កិច្ចសន្យា​​ឈប់​ឱ្យចិញ្ចឹម​​​លើក​ក្រោយៗ​ទៀត​ផង។ ​ចំណែក​រថយន្ត​ស៊ីរ៉ែន​​ពណ៌​​ត្រេអ៊ី ​ពាក់ស្លាក​លេខ​ខេមរ​ភូមិន្ទមួយ​​គ្រឿង​នេះ​ ​គេ​តែង​តែ​ឃើញ​ដឹក​ត្រី​ឆ្តោពី​ស្រុក​កោះ​ធំ ​តាម​ផ្លូវ​ជាតិ​ត្រើយ​ខាង​​កើត​ទន្លេ​បាសាក់ សំដៅ​​ចូល​រាជ​ធានីភ្នំពេញ ជាញឹក​ញាប់។ ការ​ប្រើ​ប្រាស់​​រថយន្ត​ពណ៌ត្រេអ៊ី បំពាក់​​ស៊ីរ៉ែនដឹក​​ត្រី​ឆ្តោ​ខុស​ច្បាប់​នេះ​​ទំនង​ជា​កាក់​កប​ណាស់ ព្រោះ​យក​ស្បែក​ខេមរភូមិន្ទ​មក​ប្រើ​ប្រាស់​ ដើម្បី​បន្លាច​សមត្ថ​កិច្ច​ជំនាញ​ជល​ផល ។ គេ​មិន​ដែល​ឃើញ​មន្ត្រីជល​ផល​​​ឃាត់​រថយន្ត​មួយ​គ្រឿង​នេះ​សួរ​នាំ​ពីច្បាប់​​ទម្លាប់​ក្នុង​ការ​ដឹក​​ជញ្ជូន​ត្រី​​ឆ្តោ​​ខុស​ច្បាប់​​នោះ​ទេ បើ​​ទោះ​បីជា​ដឹង​ថា ​មាន​​ដឹក​ត្រី​ឆ្តោ​​​ពី​ប្រទេស​វៀតណាម​ចូល​មក​រាជធានី​ភ្នំពេញ ​ក៏ដោយ ។ ​ប៉ុន្តែ​បើ​​ឈ្មួញ​​រក​សីុ​ដឹក​រថយន្ត​ធម្មតា​វិញ គឺ​គេច​មិន​ផុត​ពីការ​ចាប់​រក​ច្បាប់​​ឡើយ ជួន​កាល​ក៏ធ្វើ​ការ​​ផាក​ពិន័យ​​​ ជួន​កាល​​ក៏​​ស្ងាត់​ស្ងៀម​​ក៏​មាន​ដែរ។

កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​​បាន​ប្រកាស​ជា​​​សាធារណៈ​ដល់​មន្ត្រី​​ ហាម​មិន​ឱ្យ​យក​រថយន្ត​អង្គភាព​ទៅ​ប្រើ​ប្រាស់​​ដឹក​ជញ្ជូន​​ទំនិញ​ផ្ទាល់​ខ្លួន​ឡើយ ។ ចំណែក​រថយន្ត​​ស៊ីរ៉ែន​មួយគ្រឿងនេះ​​ម្ចាស់​វា​​ក្លា​ហាន​​​ណាស់​យក​មក​ដឹក​ទំនិញ​ត្រីឆ្តោ​​ខុស​ច្បាប់​​ថែម​ទៀត ​ដែល​គេមិន​ដឹង​ថា រថយន្ត​មួយ​នេះ​​​ចេញ​ពី​អង្គភាព​ណា​មួយ​ពិតប្រាកដ​នោះ​ទេ ។
កោះ​សន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​​បានទេ ​សូម្បី​ថត​​​រូបភាព​ក៏​ប្រើ​ហ្ស៊ូម​ពី​ចម្ងាយ​ដែរ៕