ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អធិការ​ខណ្ឌ​ពោធិ៍សែន​ជ័យ​ណែនាំ​ដល់​យុវសិស្ស​កុំភ្លើត​ភ្លើន​នឹង​ស្នេ​ហា

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​លោក​វរសេនីយ៍​ទោ ប៊ន សំអាត អធិការ​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ណែ​នាំ​ដល់​សិស្សា​នុសិស្ស​ទាំង​អស់នៅ​វិទ្យាល័​យ​​ហ៊ុន សែន ជម្ពូវ័ន​ ផ្នែក​នារី​ឱ្យ​ស្លៀក​ពាក់​ និង​កាត់​សក់​ឱ្យបាន​សម​រម្យ​ កុំ​លាប​ពណ៌​ហាយ​ឡាយ​ កុំ​ស្លៀក​ពាក់​ខើច​លើ​ខើច​ក្រោម ឯ​សិស្ស​ប្រុស​ៗ​កុំ​ទុក​សក់​វែង​ ឬ​ពាក់​ក្រវិល​​ ។ លើស​​ពី​នេះ​ទៅ​ទៀត​ត្រូវ​ចៀស​​ចេ​ញ​ឱ្យ​ឆ្ងាយ​ពី​បញ្ហា​គ្រឿង​ញៀន ល្បែង​ស៊ីសង​គ្រប​់​ប្រភេទ​ ជា​ពិសេស​កុំ​មាន​ស្នេហា​ពេល​កំពុង​សិក្សា​ដែល​នាំ​ឱ្យ​រៀន​មិន​ចូល​ខូច​អនាគត ព្រោះ​បើ​ភ្លើត​ភ្លើន​នឹង​រឿង​ស្នេ​ហា​ប្រាកដ​ជា​ភ្លេច​ការ​សិក្សារ​រៀន​សូត្រ​មិន​ខាន​ ។

លោក​អធិការ​មាន​ប្រសាសន៍​បែបនេះ នៅ​ក្នុង​ពេល​​​​​អញ្ជើញ​ជា​អធិបតី​ក្នុង​​យុទ្ធ​នាការ​​ផ្សព្វ​ផ្សាយ​ស្តី​ពី​វិធាន​ការ​បង្ក្រាប​ទប់​ស្កាត់​និង​បង្ក្រាប​​​ក្រុម​ក្មេង​ទំនើង​ដែល​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨ ព្រឹក​ថ្ងៃ​ទី​២៧ ​មករា ឆ្នាំ ​២០១២​ នៅ​​វិទ្យា​ល័យ​​ ហ៊ុន សែន ជម្ពូវ័ន​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំ​ពេញ ។

អញ្ជើញ​ចូល​រួម​ក្នុង​ឱកាស​នោះ​មាន​លោក​អនុសេនីយ៍​​ទោ គិត វណ្ណៈ អធិការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រ​ហ្ម​ទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​អនុសេនីយ៍​ឯក សើន កែវ​វណ្ណធី មេបញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ លោកភួង ផា មន្ត្រី​ក្រុម​ប្រឹក្សា​សង្កាត់​ចោម​ចៅ លោក​អនុ​សេនីយ៍​ទោ ម៉ម ហោ នាយ​ប៉ុស្តិ៍​ចោមចៅ ព្រម​ទាំង​លោក​នាយក​-នាយក​រង​ លោក​គ្រូ-​អ្នក​គ្រូនិង​សិស្សា​នុសិស្ស​ នៅ​​​វិទ្យាល័យ​នោះ​ផង​ដែរ ។

លោក​វរសេនីយ៍ទោ ប៊ន សំអាត អធិការ​ខណ្ឌ​ពោធិ៍សែន​ជ័យ​ បាន​​ណែ​នាំ​ដល់​សិស្សា​នុសិស្ស​​ថា «ក្មួយៗ​ទាំង​អស់​មិ​ន​ត្រូវ​បណ្តែ​ត​បណ្តោយ​ខ្លួន​ឱ្យ​ក្លាយ​ទៅ​ជា​ក្មេង​ទំ​នើង​​ទេ ព្រោះ​បញ្ហា​ក្មេង​ទំ​នើង​នេះ​ ​ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា ក៏​ដូច​ជា​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ និង​ស្នង​ការ​រាជធា​នីភ្នំពេញ​ ចេញ​បញ្ជា​ដាច់​ខាត​បង្ក្រាប​ឱ្យ​​​ដូច្នេះ​ក្មួយៗ​ស្ថិត​នៅ​ក្នុង​វ័យ​សិក្សា​គឺត្រូវ​តែ​ធ្វើ​ខ្លួន​ឱ្យ​បាន​ល្អ​ ។

ពេល​សិក្សា​កុំ​បង្កើត​ឱ្យ​មាន​ស្នេ​ហា​​ឱ្យ​សោះ​ និង​មិន​ត្រូវ​ដាក់​អាវុធ​ ដាក់​កាំ​បិត​ជា​ប់​ខ្លួន​​ទេ ហើយ​​ក៏​​មិន​ត្រូវ​គេច​សាលា​ទៅ​លេង​ល្បែង​ដូច​ជា​ហ្គេម​ជា​ដើម​ ព្រោះ​បញ្ហា​ទាំ​ង​នោះ​នាំ​ឱ្យ​​បាត់​បង់​ការ​សិក្សា​​ មាន​ទោស​ជាប់​ខ្លួន ​ព្រម​ទាំង​ល្មើស​​ទៅ​នឹង​គោល​នយោ​បាយ​ភូមិ-ឃុំ​​មាន​សុវត្ថិ​​ភាព​​ដែល​រាជ​រដ្ឋាភិបាល​ដាក់​ចេញ​» ។

លោក​អធិការ​​បន្ត​ថា បើ​មាន​ការ​លេង​​ហ្គេម​ ឬ​ល្បែង​ស៊ីសង​នៅ​ជិត​សាលា​រៀន​សូម​ជួយ​ផ្តល់​ដំណឹង​ដល់​លោក​ ឬ​ប៉ូលិស​ប៉ុស្តិ៍​ ដើម្បី​ចុះ​បង្ក្រាប​គឺ​មិននៅ​ស្ងៀម​ទុក​ឱ្យ​ហ្គេមទាំង​នោះ​ពង្វក់​សិស្ស​រហូត​ភ្លេច​ការ​រៀន​សូត្រ​ឡើយ ។ ដោយ​ឡែក​សិស្ស​មិន​ត្រូវ​បង្កើត​ក្រុម​ ឬ​បក្ស​ពួក​ចេញ​ពី​សាលា​ជម្ពូវ័ន​ទៅ​វា​យ​សិស្ស​នៅ​សាលា​ផ្សេង​ ឬ​បង្ក​ទំនាស់​ជា​មួយ​សិស្ស​សាលា​ផ្សេង​​ទេ ព្រោះ​បើ​មាន​ទំនាស់​គ្នា​ប្រាកដ​ជា​មាន​ការ​លើក​គ្នា​ទៅ​វាយ​ទៅវិញ​ទៅ​​មក​មិន​ចប់​ឡើយ ។

លោក​អធិការណែ​នាំ​សិស្សមិន​ឱ្យ​នាំ​គ្នា​ទៅ​អង្គុយ​សាសង​​ស្នេហា​នៅ​ទី​ងងឹត​ ឬ​កន្លែង​ស្ងាត់​​​ទេ​ ​ព្រោះ​វា​គ្រោះ​ថ្នាក់​ណាស់ ​ហើយ​កន្លង​មក​ធ្លាប់​​មាន​គូស្នេហ៍​រង​របួស​ និង​ស្លាប់​ដោយ​សារ​ចោរ​ប្លន់​វាយ​​ប្លន់​ម៉ូតូ​ពេល​កំពុង​អង្គុយ​សាសង​គ្នា​ ប៉ុន្តែ​ពេល​នេះ​ក្រុម​ចោរ​ត្រូវ​បក​ស្បែក​ហើយ​ដោយ​លោក​ដឹក​នាំ​កម្លាំង​ចាប់​បាន​​ដោយ​ផ្ទាល់​ហើយ​ការ​បង្ក្រាប​បាន​នោះ ក៏​ដោយ​សារ​មាន​ការ​ជួយ​ឧបត្ថ​ម្ភ​ជ្រោម​ជ្រែង​ពី​​លោក​គិត សុផា អភិបាល​ខណ្ឌ​ពោធិ៍​សែនជ័យ ផង​ដែរ ៕