រាជធានីភ្នំពេញ ៖ សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានព្រមព្រៀងគ្នាបង្កើនទំនាក់ទំនងទ្វេភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។ លោកឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា ក្រោយជំនួបពិភាក្សាការងារនារសៀលថ្ងៃទី២៦ មករា នៅទីស្តីការគណៈរដ្ឋមន្រ្តីរវាងលោក Seyed Javad Chavam Shahidi ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ជាមួយលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្តឱ្យមានទំនាក់ទំនងទ្វេភាគី រវាងអ៊ីរ៉ង់ និងកម្ពុជា និងទាក់ទាញអ្នកវិនិយោគិនអ៊ីរ៉ង់មកកាន់ប្រទេសកម្ពុជា ។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ឥឡូវនេះទ្វីបអាស៊ីក្លាយជាទ្វីបទីមួយកាន់តែមានសារសំខាន់សម្រាប់ប្រទេសអ៊ីរ៉ង់ ។ ពីរឆ្នាំកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យប្រេងកាត ឧស្ម័ន សហប្រតិបត្តិការលើវិស័យវប្បធម៌ និងអប់រំ ។ សាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់មានបទពិសោធន៍លើវិស័យប្រេង ទន្ទឹមនេះដែរ អ៊ីរ៉ង់ មានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ។
លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ង់ និងរាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើតគម្រោងណាមួយទុកជានិមិត្តរូបដើម្បីបង្ហាញពីការបង្កើនទំនាក់ទំនងរវាងកម្ពុជា និងអ៊ីរ៉ង់ ដូចជាគម្រោងផ្នែកប្រេង និងឧស្ម័ន ផ្នែកកសិកម្ម ឬក៏វិស័យអប់រំក៏បាន ។ អីុរ៉ង់មានមជ្ឈមណ្ឌលស្រាវជ្រាវ ហើយប្រទេសកម្ពុជាអាចបញ្ជូនមន្ត្រីជំនាញទៅសិក្សាស្រាវជ្រាវនៅប្រទេសអ៊ីរ៉ង់ ព្រោះអ៊ីរ៉ង់មានជំនាញច្រើនផ្នែកបច្ចេកវិទ្យា ។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍បន្តថា សាធារណរដ្ឋអ៊ិស្លាមអីុរ៉ង់ គាំទ្របេក្ខភាពរបស់កម្ពុជាជាសមាជិកមិនអចិន្ត្រៃយ៍ក្នុងក្រុមប្រឹក្សាអង្គការសហប្រជាជាតិនៅឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ។
លោកបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ថា អ្វីដែលលោកឯកអគ្គរដ្ឋទូតបានលើកឡើង គឺជាចំណុចវិជ្ជមានដែលបង្ហាញឱ្យឃើញពីការបង្កើនចំណងទាក់ទងទ្វេភាគីរវាងកម្ពុជា និងអ៊ីរ៉ង់ ។ រាជរដ្ឋភិបាលកម្ពុជា នឹងធ្វើការពិចារណាដើម្បីបញ្ជូនអ្នកជំនាញរបស់ខ្លួនពីបណ្ឌិតសភាកម្ពុជា ទៅធ្វើការស្រាវជ្រាវនៅប្រទេសអ៊ីរ៉ង់។
ទន្ទឹមនឹងនោះ លោកបណ្ឌិតសភាចារ្យ សុខ អាន សូមអញ្ជើញអ្នកវិនិយោគិនប្រទេសអីុរ៉ង់មកវិនិយោគនៅប្រទេសកម្ពុជាលើវិស័យសុខាភិបាល ដូចជាការបង្កើតមន្ទីរពេទ្យ សាកលវិទ្យាល័យ ឬមជ្ឈមណ្ឌលស្រាវជ្រាវនៅកម្ពុជា ។
លោកបណ្ឌិតសភាចារ្យ សុខ អាន បានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែខ្លាំងឡើង រវាងកម្ពុជា និងអ៊ីរ៉ង់ ។ ក្នុងនោះអាចមានក្រុមហ៊ុនចិនបង្កើតឱ្យមានការវិនិយោគរួមគ្នានៅកម្ពុជា ហើយក្រុមហ៊ុននោះអាចនាំប្រេងឆៅពីប្រទេសអ៊ីរ៉ង់មកចម្រាញ់នៅប្រទេសកម្ពុជាសម្រាប់នាំទៅលក់នៅប្រទេសចិន ។
បន្ទាប់មកនៅរសៀលថ្ងៃដដែលលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារជាមួយលោក Noe Albano Wong ឯកអគ្គរដ្ឋទូតហ្វ៊ីលីពីនប្រចាំនៅកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
លោកបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ថា នេះជាលើកទី១ដែលរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យមានការហោះហើរដោយត្រង់ពីព្រលានយន្តហោះទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន មកកាន់ខេត្តសៀមរាបតែម្តង ។ ក្នុងមួយសប្តាហ៍ មានការហោះហើរ៤លើក គឺថ្ងៃអង្គារ ថ្ងៃព្រហស្បត៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។ ការហោះហើរនេះនឹងចាប់ផ្តើមដំណើរការនៅចុងខែមីនា ឆ្នាំ២០១២ខាងមុខ ដោយក្រុមហ៊ុនអាកាសចរណ៍ CEBU PACIFIC-AIR ។ ការហោះហើរត្រង់ពីប្រទេសហ្វ៊ីលីពីន មកខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជានេះមានសារសំខាន់ណាស់ គឺជួយបង្កើនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត មិនត្រឹមតែជនជាតិហ្វ៊ីលីពីនប៉ុណ្ណោះទេ ឱ្យមកទស្សនាប្រាង្គប្រាសាទដ៏មហិមារបស់ព្រះរាជាណាចក្រកម្ពុជា ជាបេតិកភណ្ឌពិភពលោក ។
នេះគឺជាការបើកចំហជើងមេឃដ៏ល្អមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីទាក់ទាញអ្នកទេសចរពិភពលោក ឱ្យមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ក៏ដូចជាការបង្កើតការងារឱ្យប្រជាជនកម្ពុជា ៕
ចែករំលែកព័តមាននេះ