ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​​បើក​បរ​មិនយោគ​យល់​​គ្នា​​ស្ទាក់​​វាយ​​ទាំង​មនុស្ស​​ និង​រថ​យន្ត​​

14 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ ​ក្រុម​ក្មេង​ស្ទា​វ​ស្រវឹង​ស្រា​៤​នាក់​​​បាន​ស្ទាក់​វាយ​​បំ​ផ្លាញ​​រថ​យន្ត​​​ដឹក​ទំ​និញ​ និង​​អ្នក​បើក​បរ​​​ឱ្យ​រង​របួស​​​ដោយ​ចោទ​ថា​ បើក​បរ​មិន​ចេះយោគយល់​គ្នា​​​ទៅ​វិញ​ទៅ​មក​​ ។ ​​​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​ថ្ងៃទី​​២២ មករា​ ​វេលា​ម៉ោង​​​៣​និង​៤០​នាទី​​​រសៀល​នៅ​ចំ​ណុច​ភូមិ​​ប៉ាង​​រលឹម​​​ សង្កាត់​​អូរ​តា​វ៉ៅ​​ ក្រុ​ង​បៃ​លិន​ ។ ចំពោះ​ករណី​នេះ​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​​ប៉ៃ​លិន​​​ដែល​​នៅ​ជិតនោះ​​​ ចុះ​​​ទៅ​ពិនិត្យ​​​ហេតុ​ការ​​ណ៍​ភ្លាម​​ៗ​ ទើប​ឈាន​ដល់​ការ​ឃាត់​ខ្លួន​​ជន​បង្ក​បញ្ជូន​​ទៅ​តុលាការ​ ។

ឈ្មោះ​​ឈួន ណារ៉ា​ ភេទ​ប្រុស អាយុ​​២២ឆ្នាំ​​ មានទី​លំ​នៅ​​​ក្នុង​ភូមិអូរ​​​ចា​រ​ សង្កាត់​​អូរ​ចារ ​​ក្រុង​បាត់​ដំ​បង ​បាន​បញ្ជាក់​ថា ​ខ្លួន​បាន​​​បើ​ក​រថ​យន្ត​​មួយ​គ្រឿង​​​ម៉ាក​​ហ្វុយ​ហ្សូ ​និង​ឈ្មោះ​​វិន បូរ៉ា​ ភេទ​ប្រុស អាយុ៣២​ឆ្នាំ​​ ជា​ព្រូ​ឡាន​ ដឹក​កា​ហ្វេ​​ពី​ស្រុក​​​មេ​មត់ ខេត្ត​​កំ​ពង់​ចាម ​យក​ទៅ​លក់​​នៅ​ព្រំ​ដែន​​ថៃ​​ក្នុង​ខេត្ត​ប៉ៃ​លិន ។ ​ពេល​មក​ដល់​ចំណុច​​ខាង​លើ​​ក្រុម​ស្ទាវ​​​ទាំង​នោះ​​​បាន​ចត​​រ​​ថ​​យន្ត​​កណ្តា​ល​ផ្លូវ​​ ហើយ​ពួក​នេះនាំ​គ្នា​ចុះ​ពីលើ​​រថ​យន្ត​​មួយ​បាំង​កន្លះម៉ាក​តាកូម៉ា​​ ពណ៌​ខ្មៅ​ ដោយ​មាន​កាន់​ដែក​បំ​ពង់​ទីប​​​ និង​ដំ​បង​មក​វាយ​​​លើ​ខ្លួន​​​របួស​ដៃ  និង​ក្បាល​​ ។ ដោយ​សារ​តែ​រង​នូវ​ការ​វាយ​ប្រ​ហា​នេះ​​​​​ខ្លួន​ និង​​ព្រូ​ឡាន​​​បាន​រត់​ចោល​រថ​យន្ត​​​​ ស្រាប់​តែ​ក្រុម​ទាំង​​នោះ​​​បន្ត​វាយ​បំបែក​កញ្ចក់​​រថ​យន្ត​​​ ​ដឹក​ទំ​និញ​ផ្នែក​ខាង​មុខ​​ឱ្យ​ខូ​ច​ខាត​ ​ទើប​​​នាំ​គ្នា​ឡើង​រថ​យន្ត​របស់​គេ​​បើក​ចេញ​ទៅ​ ។ ចំណែក​​​ខ្លួន​ជា​ជន​រ​ង​គ្រោះ​​បាន​រត់​ទៅ​ប្តឹង​​ប៉េ​អឹម​​នៅជិត​​នោះ​​ឱ្យ​ជួយ​​ទើប​​មាន​ការ​​​ស្រាវ​ជ្រាវ​​​​ចាប់​​បាន​ចំ​នួន​​​៣​នាក់​​ ឯ​ម្នាក់​ទៀត​​​រត់​គេច​​ខ្លួន​ ។

លោក​នង​ វ៉ាន់​នី​ មន្ត្រី​កង​រាជ​អា​វុធ​ហត្ថ​​ខេត្ត​ប៉ៃ​លិន​បាន​ញ្ជាក់​ថា ​មូលហេតុ​​ដំ​បូង​​​ រថ​យន្ត​ទាំង​​ពី​​រ​គ្រឿង​​បើ​ក​ពី​​​កើ​ត​មក​​​លិច​​ស្រប​ទិស​គ្នា​ ហើយ​​​​​រថ​យន្ត​ម៉ាក​តូយ៉ូ​តា​​ តា​កូម៉ា​​​ ពណ៌​ខ្មៅ​​ មួយ​​បាំង​កន្លះ​​​បាន​បើក​វ៉ា​​​រថ​យន្ត​ធំ​ដឹក​ទំ​និញ​​​​មិ​ន​ទាន់​ផុត​ផង​​ ក៏​បួង​ចង្កូតងាក​មក​ចូល​ស្តាំ​​​ដៃ​វិញ​ ​ធ្វើ​ឱ្យ​រ​ថ​យន្ត​ធំជាន់​ហ្រ្វាំង​​ទាំង​បង្ខំ​​ ព្រោះ​ខ្លាច​​បុក​ពី​ក្រោយ​ ហើយ​អ្នក​បើក​រថ​យន្ត​​ធំ​​នោះ​លើក​ដៃ​ចង្អុល​​ទៅ​ក្រុម​អ្នក​ជិះ​​​​រថ​យន្ត​តាកូ​ម៉ា​ ទើប​​ធ្វើ​ឱ្យពួក​គេ​​​ខឹង​សម្បាបញ្ឈប់​​​រថ​យន្ត​​រួច​​ចុះ​មក​​សួរ​នាំ​​​ និង​ប្រកែក​គ្នា​​យក​ត្រូវ​រៀង​​ៗ​ខ្លួន​ តែ​ដោយ​ក្រុម​​ជិះ​រថ​យន្ត​​​តា​កូ​ម៉ា​​​​មាន​ជាតិ​ស្រ​វឹង​​នៅ​ក្នុង​​ខ្លួន​​​ផង​​​​​ ទើប​បង្ក​ឱ្យ​មាន​​​ការ​ប្រើ​​អំ​ពើ​ហិង្សា​​​ ។ ក្រុម​ជន​ដែល​ត្រូវ​ឃាត់​ខ្លួ​ន​ ១-ឈ្មោះ​​អ៊ុច​ សុ​វណ្ណា​រ៉ា​ ​ភេទ​ប្រុស​ ​អា​យុ​២០​ឆ្នាំ ​ជា​មេ​ការ​ឃ្លាំង​​ទទួល​ទំ​និញ​​កសិ​ផល​​នៅ​ភូមិ​​ក្រចាប់​ ​ រស់​នៅភូមិ​​ប៉ាង​រលឹម​ សង្កាត់​អូរ​តាវ៉ៅ​ ក្រុង​ប៉ៃ​លិន ២-ឈ្មោះ​​ឯម វុទ្ធី​ ភេទ​ប្រុស​​ អា​យុ​២៣ឆ្នាំ ​​ជា​កម្ម​ករ​​ ៣-​ឈ្មោះ​​ជុត​ ដែន​ ហៅ​​ធីម អ​ាយុ​​៣៤​​ឆ្នាំ​​ ជា​កម្ម​ករ​ និង​​៤-ឈ្មោះ​​រើន​ បាន​រត់​គេ​ច​ខ្លួន​​ ទោះ​បី​ជា​​បែប​ណា​​ពួក​គេ​​ទាំង​​៣​នាក់ត្រូវ​បាន​​​ដោះ​លែង​វិញ​ ។

កោះ​សន្តិ​ភាពមិនអាច​សុំ​ការ​បំ​ភ្លឺ​​​ពីជន​បង្ក​ហេតុ​​បាន​​ទេ ​និង​ព្យា​យាម​​សុំ​កា​រ​បំភ្លឺ​​​ពី​ស្ថា​ប័ន​​​​អ្នក​​ច្បាប់ស្តីពី​ការ​ដោះ​លែង​​អ្នក​បង្ក​ហេតុ​​ទាំង​​៣​នាក់​​នោះ​ក៏​ពុំ​បាន​ដែរ​ ​នៅ​រសៀល​​ថ្ងៃទី​​​២៥ មករា​​​នៅ​មិន​ទាន់​ទទួល​បាន​​​​ការ​រក​ខុ​ស​ត្រូវ​​ដោះ​ស្រាយ​​សំណង​​នៅ​​ឡើយ ។

នៅ​ព្រឹក​​ថ្ងៃទី​​២៧ មករា ​​លោក​ជឹម​ តារា ​មេធា​វី​​ការ​ពារ​ក្តី​​ឱ្យ​ជន​រង​គ្រោះ​​បានបង្ហាញ​​​ឯក​សារ​​ពី​ចៅ​ក្រម​​ និង​ព្រះ​រាជ​​អ​ា​ជ្ញា​​ខេត​្ត​ប៉ៃ​លិន ​បញ្ជាក់​ថា ​អ្វី​ៗ​​ត្រូវ​អនុ​វត្ត​​ទៅ​តាម​​ផ្លូវ​ច្បាប់​​អំ​ពី​​ករណី​បទ​ល្មើស​​ជាក់​ស្តែង​នេះ​​ តែ​អាច​ឱ្យ​នៅ​ក្រៅ​ឃុំ​​បាន ដោយ​ជន​បង្ក​​​ហេតុ​​​យក​ប្រាក់​មក​តម្កល់​ទុក​នៅ​ក្នុង​តុលា​ការ​​ចំ​នួន​១.០០០​ដុល្លារ​​​ ​​ និង​ត្រូវ​បង្ហាញ​​ខ្លួន​ក្នុង​​២​សប្តាហ៍​​ម្តង​​​នៅប៉ុស្ត​ិ៍​រដ្ឋ​បាល​ឃុំ​​​អូរ​តា​វ៉ៅ ​និង​​ចូល​​បំភ្លឺ​​​តា​មដី​កា​កោះ​​ហៅ​របស់​តុ​លាការ​​ ព្រោះ​យល់​ថា ភាគី​​ទាំង​សង​ខាង​​​​សុទ្ធ​តែ​ជា​អ្នក​រក​ស៊ី​​ដូច​គ្នា​​​​​ចៀស​វាង​ការ​បាត់​បង់​​ពេល​វេលា​​ និង​ខូច​​ផលប្រយោជន៍​​ ​៕