អ្នកវិទ្យាសាស្ត្របាននិយាយថា ការលួងលោម បបោសអង្អែលប្រលោមឱ្យដេកជាមួយនឹងការច្រៀងបំពេដ៏ស្រទន់របស់ស្ត្រីដែលជាអ្នកម្តាយពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងល្អចំពោះកូនតូចៗក្នុងជីវិតទៅថ្ងៃខាងមុខ ហើយទាំងអស់នេះនឹងជួយការពារឱ្យពួកគេគេចផុតពីបណ្តាជំងឺធ្ងន់បាន។ យោងតាមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Brandeis University នៅទីក្រុងបូស្តុនរដ្ឋម៉ាសាឈូសេតសហរដ្ឋអាមេរិកបានរកឃើញថា ការថែទាំដោយក្តីទន់ភ្លន់របស់អ្នកម្តាយនឹងជួយកាត់បន្ថយការប្រឈមរបស់កូនទៅនឹងជំងឺទឹកនោមផ្អែមក៏ដូចជាជំងឺបេះដូងនៅពេលធំពេញវ័យ ។ មានសុខភាពល្អ គឺមានសុភមង្គល ។
ផ្ទុយមកវិញ ក្មេងៗដែលធំឡើងក្នុងបរិស្ថានគ្រួសារពោរពេញទៅដោយភាពតានតឹងដែលអ្នកម្តាយជ្រួញចិញ្ចើមដាក់កូនជានិច្ចនឹងប្រឈមការកើតមានជំងឺធ្ងន់ៗមានដូចជា ទឹកនោមផ្អែម សម្ពាធឈាមឡើងខ្ពស់ក្នុងពេលធំពេញវ័យ។ សាស្ត្រាចារ្យចិត្តវិទ្យាលោកស្រី Margie Lachmanបញ្ជាក់ថា រឿងហេតុទាំងឡាយដែលកើតមានក្នុងវ័យកុមារភាពបានបន្សល់ទុកជា«កាកសំណល់ជីវសាស្ត្រមួយ»ទៅលើសុខភាពរបស់កុមារពេលពួកគេពេញវ័យ។ លោកស្រីបន្តថា៖«ការពិតដែលយើងមើលឃើញនូវផលប៉ះពាល់ដ៏វែងឆ្ងាយពីកុមារភាពចូលដល់វ័យពាក់កណ្តាលជីវិតគឺជាល្ខោនដ៏ល្អមួយ»។
ក្រុមអ្នកវិទ្យាសាស្ត្របានស្នើឡើងថា វាគួរតែបញ្ចូលគ្នានូវការយល់ចិត្ត និងបង្រៀនក្មេងៗនូវវិធីដោះស្រាយភាពតានតឹង។ ធ្វើបែបនេះនឹងមិនប៉ះពាល់ដល់សុខភាពរបស់ពួកគេឡើយ។ លោកស្រីLachmanបញ្ជាក់ថា ការរកឃើញនៅពេលនេះវាអាចជាព័ត៌មានដែលជួយផ្តល់ដំបូន្មានសម្រាប់ឪពុកម្តាយទាំងឡាយក្នុងការដោះស្រាយភាពតានតឹងរបស់ខ្លួនក៏ដូចជាកូនៗរបស់គេ ព្រមទាំងចេះគ្រប់គ្រងលើជោគវាសនារបស់ខ្លួនឯង ។ លទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រ Psychological Science ៕


ចែករំលែកព័តមាននេះ