រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា និងប្រពៃណីជាតិនៅគេហដ្ឋានលេខ២៧៩ ផ្លូវលេខ២៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ អស់ចំនួន៣ថ្ងៃរួចមក នៅព្រឹកថ្ងៃទី២៥ មករា ឆ្នាំ២០១២ គណៈកម្មការរៀបចំបុណ្យសព និងក្រុមគ្រួសារសពបានប្រារព្ធពិធីដង្ហែសពលោកជា សុទ្ធ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រឹទ្ធសមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២១ មករា ឆ្នាំ២០១២ វេលាម៉ោង១៧និង១៥នាទីក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ ចេញពីគេហដ្ឋានឆ្ពោះទៅឈាបនដ្ឋាននៅមុខវត្តបទុមវតីរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបូជាសព ។
ពិធីបូជាសពបានប្រព្រឹត្តទៅដោយមានការយាង និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេពវង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះមហាសុមេធាធិបតីនន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងឥស្សរជនដែលជាសមាជិកព្រឹទ្ធភា រដ្ឋសភា រាជរដ្ឋាភិបាល និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត ។
ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអាននូវព្រះរាជសាររំលែកទុក្ខរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជសាររំលែកទុក្ខរបស់ព្រះករុណាព្រះវររាជបិតាជាតិខ្មែរ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ជូនលោកជំទាវភរិយាសពលោកជា សុទ្ធ និងលោកងួន ញុិល អនុប្រធានទី១រដ្ឋសភាអានវិយោគកថា ។
បន្ទាប់មកសម្តេច លោកជំទាវ អស់លោក លោកស្រីទាំងអស់បានក្រោកឈរស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធ និងដាក់ផ្កាបូជាចំពោះសពជាកិច្ចគោរពចុងក្រោយ និងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកជា សុទ្ធ បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសនោះសម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា បានអញ្ជើញឱ្យភ្លើងបូជាសពលោកជា សុទ្ធ តាមប្រពៃណីសាសនា៕
ចែករំលែកព័តមាននេះ