ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នយោបាយ​ការបរទេស​ ៖ ប្រមុខ​ការ​ទូត​កម្ពុជា​ផ្តល់​អនុសាសន៍​ចំនួន៣​ដល់​ឯក​អគ្គ​រាជ​ទូត​ និង​អគ្គ​កុង​ស៊ុល

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង រដ្ឋមន្ត្រី​​ការបរទេស និង​​​សហ​ប្រតិបត្តិការ​​​អន្តរជាតិ នាព្រឹកថ្ងៃទី​​​២៣ មករា ឆ្នាំ​២០១២ ​​បានអញ្ជើញ​​​​ឯកអគ្គ​រាជ​ទូត​​​​កម្ពុជា​ចំនួន​​​​២៦រូប​ និង​អគ្គ​កុងស៊ុល​ចំនួន​៨រូប​ ដែល​​​បំពេញ​​បេសក​កម្ម​​ការទូត​ប្រចាំ​​​បណ្តា​ប្រទេស​​​​នៅលើ​​ពិភព​​លោក​ ​​មក​ប្រជុំ​​​ ដើម្បីផ្តល់​​​​អនុសាសន៍​​​ និង​ធ្វើ​​​ការណែនាំ​ ដោយសារ​​នៅឆ្នាំ​​​២០១២​នេះ ​​នយោ​បាយ

រាជធានីភ្នំពេញ​​​​ ៖ ​លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង រដ្ឋមន្ត្រី​​ការបរទេស និង​​​សហ​ប្រតិបត្តិការ​​​អន្តរជាតិ នាព្រឹកថ្ងៃទី​​​២៣ មករា ឆ្នាំ​២០១២ ​​បានអញ្ជើញ​​​​ឯកអគ្គ​រាជ​ទូត​​​​កម្ពុជា​ចំនួន​​​​២៦រូប​ និង​អគ្គ​កុងស៊ុល​ចំនួន​៨រូប​ ដែល​​​បំពេញ​​បេសក​កម្ម​​ការទូត​ប្រចាំ​​​បណ្តា​ប្រទេស​​​​នៅលើ​​ពិភព​​លោក​​​មក​ប្រជុំ​​​ ដើម្បីផ្តល់​​​​អនុសាសន៍​​​ និង​ធ្វើ​​​ការណែនាំ​ ដោយសារ​​នៅឆ្នាំ​​​២០១២​នេះ ​​នយោ​បាយ​​​ការបរទេស​​​​របស់​រាជ​រដ្ឋាភិបាល​​កម្ពុជា​ប្រឈម​នឹង​បញ្ហា​សំខាន់​ៗ​ចំនួន​៣​។

លោក​កុយ គួង​ អនុរដ្ឋលេខាធិការ​ក្រសួង​​ការ​បរទេស និង​​​សហប្រតិបត្តិការ​​​​អន្តរជាតិ​​ និង​ជាអ្នកនាំពាក្យ​​​បានប្រាប់​​ឱ្យដឹង​ថា ​​ទី​១-​ការ​បក​ស្រាយ​​​របស់​តុលាការ​​​យុត្តិធម៌​អន្តរជាតិ​​​ទៅ​លើ​​សាល​ក្រម​ឆ្នាំ​​​​១៩៦២ ទាក់ទង​​ទៅនឹង​​ប្រាសាទ​ព្រះវិហារ និង​តំបន់ជុំវិញ​​​​ប្រាសាទ​។​ ទី​​២-​ឆ្នាំ​​​២០១២​នេះ ​​គឺជា​​​​ឆ្នាំដែលត្រូវ​បោះឆ្នោត​​​​នៅ​អង្គ​ការ​​​​សហប្រជាជាតិ​​សម្រាប់​​​​​​​កម្ពុជា ដែល​​ឈរ​ជា​បេក្ខភាព​​​សមាជិក​មិន​អចិន្ត្រៃយ៍នៃក្រុមប្រឹក្សា​​​​​សន្តិសុខ​អង្គ​ការ​សហ​​​ប្រជាជាតិ​​​ អាណត្តិ​​​​​​ឆ្នាំ​២០១៣-២០១៤ ​ហើយ​​ឆ្នាំ​​​២០១២ ​នេះគឺជា​​​​ការ​​បោះឆ្នោត​​ជ្រើស​រើស​​​ហើយ​។​ ទី​​៣-​ឆ្នាំ​​​២០១២​​នេះ ​គឺជា​ឆ្នាំ​​​ដែល​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ ធ្វើជាប្រធាន​​អាស៊ាន​​ ដូច្នេះ​​​ធ្វើ​យ៉ាង​ណា​​ឱ្យ​កម្ពុជា​​​ធ្វើ​ជាប្រធានអាស៊ាន​​​បានប្រកប​​ដោយ​ជោគ​ជ័យ ​​​ហើយក៏​ជា​​​​​កិត្តិយស​​​មួយ​សម្រាប់​​កម្ពុជាដែរ​។

លោកអនុរដ្ឋ​លេខាធិការ​​​បាន​បន្ត​ថា ​ដោយ​សារ​​នយោបាយ​​​​ការបរទេស​​​របស់​រាជរដ្ឋាភិ​បាល​​កម្ពុជា​ប្រឈម​នឹង​​ការ​ងារ​សំខាន់​ៗ ចំនួន​​​៣នេះ​​​​​ហើយ​ទើប​មានការ​ចាំបាច់​ធ្វើ​ការ​អញ្ជើញ​​អស់​លោក​ឯកអគ្គ​រាជទូត និងអគ្គ​កុងស៊ុល​កម្ពុជាប្រចាំ​​នៅ​ក្រៅប្រទេសមក​ចូលរួម​ប្រជុំ​ ​​​ដើម្បី​​​ឱ្យ​យល់​​ដឹង​អំពី​​​​នយោបាយ​​​​ការបរទេស​​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​​ក្នុង​ការ​បន្តអនុវត្ត​​នយោ​បាយ​​​​​ការបរទេស​​​របស់​រាជ​រដ្ឋាភិបាល​​កម្ពុជា​​ឱ្យ​បាន​ល្អ​​​ជាអតិបរមា​​​ ហើយ​និង​​​ស៊ីសង្វាក់​​​​ជាមួយ​នឹង​​ការ​ងារ​ក្រសួង​ការបរទេស​។

ក្នុង​ឱកាស​នោះ​​ លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​​ក៏​បានណែនាំ​​​​នូវការងារ​​ជាក់ស្តែង​​​​​អំពីកាតព្វ​កិច្ច​​ និងភារកិច្ច​​​​របស​់ឯកអគ្គ​​​រាជ​ទូត ​​​និង​អគ្គកុងស៊ុលកម្ពុជា ជាពិសេស​​​ទាក់ទង​​​ទៅ​នឹង​​​គោលនយោបាយ​​​សំខាន់​ៗ​​​ទាំង​បី​​ខាងលើ​។​​ជាពិសេស ​ត្រូវ​​ធ្វើការ​​តាមដាន​​នូវ​សភាព​ការណ៍​​​​ ឬ​ស្ថានការណ៍​​​នៅ​ក្នុងប្រទេស​ដែល​​ខ្លួន​​​នៅ​ប្រចាំ​ប្រទេសនោះ​ ​ហើយត្រូវ​តាមដាន​នូវ​ការ​រីក​ចម្រើន​​​លើគ្រប់​វិស័យ​​​របស់​ប្រទេស​កម្ពុជា​​ខ្លួន​ឯង​។ ត្រូវធ្វើការ​ផ្សព្វផ្សាយ​​អំពី​ការ​​​រីក​ចម្រើន​​របស់​កម្ពុជា​​ឱ្យបានទាន់ពេល​វេលា ​​និង​​ឱ្យ​បាន​​​សម​ស្រប​។ ​​ត្រូវខិតខំ​​​ស្វែង​រក​ទីផ្សារ​​​ ជាពិសេស​​​​​ទីផ្សារ​របស់​​​​ផលិត​ផល​​​​​ស្រូវ​របស់​ខ្មែរ​​យើង ហើយ​​​​ខិតខំទាក់ទាញ​អ្នក​​​វិនិយោគ​​​ទុន និង​ភ្ញៀវ​​​ទេសចរ​​​​ឱ្យ​បាន​​កាន់តែ​​​ច្រើន​។

ជាពិសេស​ឯកអគ្គ​រាជ​ទូត​​​ និង​អគ្គកុង​​ស៊ុល​​​​​​ប្រចាំ​នៅ​​​ប្រទេស​មួយ​ចំនួន ដែល​មាន​​​ពល​ករ​​ខ្មែរ​ធ្វើ​​ការ​ដូច​​ជាប្រទេស​​​​ម៉ាឡេស៊ី ​​​ប្រទេស​ថៃ ​ប្រទេសកូរ៉េ ​​ហើយ​និង​​ប្រទេសជប៉ុន​…​​​ត្រូវ​​ខិត​​ខំយកចិត្តទុកដាក់​​ឱ្យ​​ខ្លាំង ដើម្បី​​​ការពារ​​សិទ្ធិ​សេរី​ភាព​ពលករខ្មែរ​​​​ដែល​​បំពេញការងារ​នៅ​​ប្រទេស​នោះ ។ ត្រូវ​រាយការណ៍​​​ឱ្យទាន់ពេល​​មក​ក្រសួង​វិញ ​​​បើសិនជាមានបញ្ហាអ្វី​​មួយនោះ​។​ សូម​បញ្ជាក់​​ថា ​នៅពេលអនាគត​​ កម្ពុជា​នឹង​​បញ្ជូន​​​ពលករ​ទៅប្រទេស​​គុយវ៉ែត ​​និង​ប្រទេស​កាតា ​បន្ថែមទៀត​​​​។

លោក​ឧប​នាយក​រដ្ឋមន្ត្រី​​​ហោ ណាំហុង ​​ក៏​បាន​​ណែនាំ​​ដល់​​​​ឯកអគ្គ​រាជ​​ទូត និង​​អគ្គកុងស៊ុល​​​​ផងដែរ ​​​ឱ្យបង់​ប្រាក់​​​​ចំណូល​ដែល​រក​បាន​​​ពីការ​​ចេញ​​​ទិដ្ឋា​ការ​​​​ចូលក្នុង​​ថវិកា​​​ជាតិ​ឱ្យ​បានទៀង​ទាត់ ​​​និង​ផ្តល់​​​​ទិដ្ឋាការ​​​​​ដល់​ភ្ញៀវ​​​​​ទេសចរ​​បរទេស​ឱ្យ​បានទាន់ពេលវេលា​ និង​​​​ឆាប់​បំផុត ​​​ដើម្បីជា​​​​​ផ្នែក​មួយ​​​ក្នុងការ​​​ជំរុញ​​​ដល់​ការវិនិយោគ​ ហើយ​​​និង​វិស័យ​​ទេសចរណ៍​​ផងដែរ ៕