រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១០ មករា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបានដាក់តាំងបង្ហាញមនុស្សយន្ដ ឧទ្ធម្ភាគចក្រ រថយន្ដប្រើថាមពលពន្លឺព្រះអាទិត្យ និងការប្រកួតមនុស្សយន្ដទាត់បាល់ដែលសមិទ្ធផលទាំងអស់នេះ ជាស្នាដៃផលិតរបស់និស្សិតវិទ្យាស្ថានបច្ចេកទេសកម្ពុជាផ្នែកអេឡិចត្រូនិក និងអគ្គិសនី សហការជាមួយ Korea University of Technology and Education (KUT)។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោកប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោកសាស្ដ្រាចារ្យវិទ្យាស្ថាន និងសាស្ដ្រាចារ្យអញ្ជើញមកពីសាធារណរដ្ឋកូរ៉េរួមជាមួយនិស្សិតមួយចំនួនទៀត ព្រមទាំងនិស្សិតវិទ្យាស្ថានចូលរួមទស្សនា ចំនួន១៣០០នាក់ផងដែរ។ លោកប៊ុន ភារិន បានថ្លែងថា វិទ្យាស្ថាននេះបានកើតឡើងតាំងពី៣០ឆ្នាំ មុនរហូតមកដល់បច្ចុប្បន្ននេះ ។ ជាបន្តបន្ទាប់មកទៀតវិទ្យាស្ថានមានទំនាក់ទំនងជាមួយសាធារណរដ្ឋកូរ៉េដោយបានចុះអនុស្សរណៈយោគយល់ផ្ទេរបច្ចេកវិទ្យាគ្នាទៅវិញទៅមក។ លើសពីនេះទៀត ការដាក់តាំងបង្ហាញពីមនុស្សយន្ដ ឧទ្ធម្ភាគចក្រ រថយន្ដប្រើថាមពលពន្លឺព្រះអាទិត្យ និងមនុស្សយន្ដទាត់បាល់ដែលជាស្នាដៃផលិតរបស់និស្សិតមហាវិទ្យាល័យអេឡិចត្រូនិក និងអគ្គិសនីជាលើកទីមួយ និងជាមោទនភាពមួយដែលនិស្សិតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាអាចផលិតគ្រឿងយន្ដទាំងនេះបាន។
លោកសាស្ដ្រាចារ្យវិទ្យាស្ថានជាតិពហុបច្ចេកកម្ពុជា ផ្នែកអេឡិចត្រូនិក ឃឹម សៅគុណ មានប្រសាសន៍ថា ការដាក់តាំងបង្ហាញមនុស្សយន្ដដែលជាស្នាដៃទីមួយរបស់និស្សិតរួមសហការជាមួយសាស្ដ្រាចារ្យនិងនិស្សិតកូរ៉េ (KUT) លើកនេះ រួមមាន ១-Mini Robot Stiquito រូបរាងដូចសត្វមូស, ២-Robot មនុស្សយន្ដដែលបញ្ជា ដោយប្រើតេឡេអាចធ្វើចលនាត្រាប់តាមមនុស្ស និងមានលក្ខណៈធម្មជាតិពិតៗអាចដើរដោយខ្លួនឯងរំកិលទៅមុខថយក្រោយលើដៃហាត់ប្រាណជាដើម។ ៣- Mini Solar Car រថយន្ដប្រើដោយថាមពលពន្លឺព្រះអាទិត្យ ដែលផលិតពីបន្ទះសូឡា កាលណាត្រូវពន្លឺថ្ងៃគ្រប់គ្រាន់វាអាចបំលែងទៅមុខបានដោយខ្លួនឯង និងទី៤-Soccer Robot មនុស្សយន្ដបាល់ទាត់ដែលអាចប្រកួតបាត់ទាល់ជាមួយគ្នាដណ្ដើមយកឈ្នះចាញ់បាន ។
មនុស្សយន្ដទាំងអស់នេះជាលើកទីមួយដែលនិស្សិតមហាវិទ្យាល័យអេឡិចត្រូនិក និងអគ្គិសនី អាចផលិតបានហើយដាក់តាំងបង្ហាញឱ្យសាធារណជនបានឃើញពីស្នាដៃរបស់ខ្លួន ៕




ចែករំលែកព័តមាននេះ