រាជធានីភ្នំពេញ ៖ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី៩ មករា លោកជំទាវអាន្នី សុខ អាន អនុប្រធានទី១កាកបាទក្រហមកម្ពុជា បានទទួលជួបសវនាការ និងទទួលអំណោយពីលោកត្រាន់ ហ័ន នាយកក្រុមហ៊ុនភូរម៉ាឌីគ្រុបជាទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ។
លោកត្រាន់ ហ័ន បានជម្រាបជូនលោកជំទាវអនុប្រធានទី១ ពីសកម្មភាពការងាររបស់ក្រុមហ៊ុន ដែលបានអនុវត្តនៅពេលកន្លងមក ជាពិសេសក្រុមហ៊ុនលោកបានមកចាប់ដៃអភិវឌ្ឍន៍ដំណាំកៅស៊ូជាមួយក្រុមហ៊ុនអាន ម៉ារឌី នៅកម្ពុជា ។ លោកបានជម្រាបជូនលោកជំទាវថា ក្រុមហ៊ុនលោកនឹងបន្តជួយកាកបាទក្រហមកម្ពុជានៅគ្រប់កាលៈទេសៈក្នុងពេលដែលកាកបាទក្រហមកម្ពុជាត្រូវការ ។
លោកជំទាវអាន្នី សុខអាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះលោកត្រាន់ ហ័ន ព្រមទាំងបុគ្គលិកក្រុមហ៊ុនទាំងអស់ ។ ជាមួយនេះ ក៏បានថ្លែងនូវការកោតសរសើរ និងអំណរគុណក្រុមហ៊ុនភូម៉ារឌីគ្រុប ដែលបានរួមចំណែកជាមួយបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ។ ថវិកានេះ កាកបាទក្រហមកម្ពុជានឹងប្រើប្រាស់លើគោលដៅជួយដល់ជនងាយរងគ្រោះឱ្យទាន់ពេលវេលាក្នុងនោះមានជនរងគ្រោះដោយទឹកជំនន់ ស្រ្តីមេម៉ាយ ចាស់ជរា កុមារកំព្រា ជនពិការ និងគ្រួសារផ្ទុកមេរោគអេដស៍ ។
លោកជំទាវអនុប្រធានទី១កាកបាទក្រហមកម្ពុជា បានលើកឡើងពីការរីកចម្រើនលើគ្រប់វិស័យរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ហើយកាកបាទក្រហមកម្ពុជា គឺជាជំនួយការរបស់រាជរដ្ឋាភិបាលក្នុងវិស័យមនុស្សធម៌ជួយដល់ជនងាយរងគ្រោះ ។ កាកបាទក្រហមកម្ពុជាប្រមូលបាននូវកម្លាំងមនុស្សធម៌ពីគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ។ លោកជំទាវក៏បានជម្រាបជូនភ្ញៀវផងដែរ អំពីបេសកកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះដោយទឹកជំនន់កាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសហការពីគ្រប់កម្លាំងរបស់រាជរដ្ឋាភិបាល ក្នុងនោះកាក បាទក្រហមកម្ពុជាជួយដល់ជនរងគ្រោះសរុបបានចំនួន៣៥០.០០០គ្រួសារ ។
លោកជំទាវអាន្នី សុខអាន បានសំណូមពរដល់ក្រុមហ៊ុនភូម៉ារឌីគ្រុបឲ្យជួយដល់កាកបាទក្រហមកម្ពុជាលើការងារបណ្តុះបណ្តាលធនធានមនុស្សទាំងថ្នាក់កណ្តាល និងថ្នាក់សាខា ដើម្បីជំរុញការកសាងអភិវឌ្ឍន៍ស្ថាប័ន ក៏ដូចជាការបំពេញបេសកកម្មមនុស្សធម៌ទទួលបានជោគជ័យ ៕


ចែករំលែកព័តមាននេះ