រាជធានីភ្នំពេញ ៖ អំណោយជាគ្រឿងឧបភោគបរិភោគសម្រាប់ប្រើប្រាស់ និងថវិកាមួយចំនួនត្រូវបានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ រួមជាមួយសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន១០គ្រួសារ រស់នៅសង្កាត់បាក់ខែង ខណ្ឌឫស្សី កែវ។
ពិធីប្រគល់អំណោយនេះបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី២ មករា ឆ្នាំ២០១២ នៅក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ដោយមានការនិមន្ត និងអញ្ជើញចែកដោយផ្ទាល់ពីសំណាក់លោកនុត ពុធដារ៉ា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែវ និងព្រះតេជគុណសុវណ្ណ ជោតិ ខឹម សម្បត្តិ ប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងជាចៅអធិការវត្តញាណរង្សី ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ និងសមាជិក សមាជិកាអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវយ៉ាងច្រើនកុះករ។
អំណោយដែលនាំទៅចែកជូនក្នុងឱកាសនោះ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចំនួន១៨មុខទៀត និងថវិកាចំនួន១៥ម៉ឺនរៀល ។ អំណោយទាំងនេះបានមកពីការចូលរួមគ្នារបស់សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ។
លោកនុត ពុធដារ៉ា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បានឱ្យដឹងថា ការនាំអំណោយមកចែកជូនដល់បងប្អូនងាយរងគ្រោះចំនួន១០គ្រួសារនៅពេលនេះ គឺបញ្ជាក់ពីការយកចិត្តទុកដាក់ពីសំណាក់ព្រះសង្ឃជាចៅអធិការវត្ត និងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដែលបានរួមគ្នាមកចែកជូនដល់បងប្អូននៅពេលនេះ។ នៅក្នុង១ឆ្នាំកន្លងទៅនេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បាននាំអំណោយយកមកចែកជូនបងប្អូនងាយរងគ្រោះចំនួន១៨លើកមកហើយ ស្មើនឹង១៨០គ្រួសារ ដែលគិតជាទឹកប្រាក់អស់ជាង១ម៉ឺនដុល្លារ ដែលការចែកអំណោយបានធ្វើឡើងរាល់ខែ ហើយខែខ្លះមានរហូតដល់៤ដង ក៏មានដែរ។
លោកនុត ពុធដារ៉ា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកជំទាវតែងតែគិតគូរយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋងាយរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស និងបានណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ឱ្យចុះសាកសួរសុខទុក្ខ និងនាំអំណោយចែកជូនដល់មូលដ្ឋាន។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយសម្រួលដល់ការលំបាកជានិច្ច។
លោកនុត ពុធដារ៉ា បានបន្តទៀតថា ថ្ងៃនេះជាថ្ងៃចុងក្រោយហើយដែលរូបលោកបាននាំអំណោយមកចែកជូនបងប្អូនរស់នៅក្នុងខណ្ឌឫស្សីកែវ ព្រោះនៅថ្ងៃទី៣ មករា លោកត្រូវបានប្រកាសតែងតាំងជាអភិបាលខណ្ឌដង្កោ ។ ទោះបីជាយ៉ាងណា យើងនៅមានមន្ត្រីកាកបាទក្រហមខណ្ឌឫស្សីកែវ ចុះជួយដល់បងប្អូនបន្តទៀត។ លោកបានផ្តាំផ្ញើដល់បងប្អូនដែលផ្ទុកមេរោគអេដស៍ត្រូវយកចិត្តទុកដាក់ពីសុខភាព និងនាំគ្នាទៅបើកថ្នាំពន្យារលេបឱ្យបានទៀងទាត់ ៕ ជលធា
ចែករំលែកព័តមាននេះ