ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​​បាន​ទទួល​អំណោយ​ពី​អង្គ​ការ​ជីវិត​ថ្លៃ​ថ្នូរ​

14 ឆ្នាំ មុន

ខេត្តបាត់​ដំបង​ ៖ ​ជា​បន្ត​បន្ទាប់​អង្គ​ការ​ជីវិត​ថ្លៃ​ថ្នូ​រ​បាន​នាំ​អំណោយ​ចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន​៣​ស្រុក ស្មើនឹង​២.៣៦៤​គ្រួសារ។
ដោយ​ឡែក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ២០១១ ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ចំនួន​២៤៩​គ្រួសារ​ទៀត​បាន​ទទួល​អំណោយ​​ក្រោម​អធិបតី​ភាព​​លោក​ប្រាជ្ញ ចន្ទ អភិ​បាល​ខេត្ត​ និង​លោក​ចាន់ វិបុល ប្រធាន​កម្ម​វិធី​នៃ​អង្គ​ការ​ជីវិត​ថ្លៃ​ថ្នូរ​ និង​ជា​ម្ចាស់​ដៃ​គូ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ ព្រម​ទាំងមាន​ការ​ចូល​រួម​ពី​​មន្ត្រី​រាជ​ការ​ ស្ថាប័ន​នានា​ជុំវិញ​ខេត្ត​ អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ និង​ប្រជា​ពល​រដ្ឋ​ដែល​មក​ទទួល​អំណោយ​យ៉ាង​ច្រើន​កុះ​ករ​។

លោក​ចាន់​ វិបុល ​មាន​ប្រសាសន៍​ថា ជំនួយ​​យក​មក​ចែក​ជូន​ដល់​គ្រួសារ​ចំនួន​២៤៩​គ្រួសារ​​​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ក្នុង​ឃុំ​កំពង់​ព្រះ ស្រុក​សង្កែ​នេះ​​មាន​អង្ករ​៥០​គីឡូ​ក្រាម​ ប្រេង​ឆា​១​លីត្រ​ អំបិល​អ៊ីយ៉ូត​១​គីឡូ​ក្រាម​ សា​ប៊ូ​ម្សៅ​៩០០​ក្រាម​ ថ្នាំ​បន្សុទ្ធ​ទឹក​ស្អាត​៣០​គ្រាប់​ និង​ថ្នាំ​បំបាត់​រាក១​កញ្ចប់​។ ជំនួយ​ទាំង​នេះ​បាន​មក​ពី​អង្គ​ការ​ដៃ​គូ​នានា​ ដែល​ក្នុង​នោះ​ផ្តល់​ដោយ​នាយក​ដ្ឋាន​ជំនួយ​មនុស្ស​ធម៌​របស់​សហ​គមន៍​អឺរ៉ុប​ ពី​អង្គ​ការ​ឌី​ស៊ីអេ ស៊ីអេ​ និង​អង្គ​ការ​ជីវិត​ថ្លៃ​ថ្នូរ​។

លោក​ប្រាជ្ញ​ ចន្ទ​ បានថ្លែង​អំណរ​គុណ​​អង្គ​ការ​ជីវិត​ថ្លៃ​ថ្នូរ​ និង​បាន​អំពាវ​នាវ​ដល់​សប្បុរស​ជន​​ និង​បណ្តា​អង្គ​ការ​នានា​សូម​បន្ត​សកម្ម​ភាព​ជា​ដៃ​គូ​ផ្តល់​ជំនួយ​ និង​បន្ត​ការ​ឃ្លាំ​មើល​ពី​ការ​លំបាក​របស់​ប្រជា​ពល​រដ្ឋ​​ដែល​បង្ក​ឡើង​ដោយ​គ្រោះ​ធម្ម​ជាតិ​ផ្សេងៗ​ជាមួយ​អាជ្ញា​ធរ​ខេត្ត​បាត់​ដំបង​សម្រាប់​ថ្ងៃ​ខាង​មុខ​ទៀត​ ៕       កញ្ចក់​ទិព្វ