ខេត្តព្រះសីហនុ ៖ ផ្ទះសង់អំពីថ្មប្រក់ហ្វីប្រូស៊ីម៉ង់ត៍មួយខ្នងចំណាយថវិកាអស់ជាង៣ពាន់ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានលោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ ធ្វើពិធីប្រគល់ជូនគ្រួសារអតីតយុទ្ធជនពិការ ហើយជួបបញ្ហាជីវភាពនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ដែលពិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ធ្នូ ដោយមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធានសង្គមកិច្ច លោកស្រីអភិបាលរងស្រុក លោកមេឃុំ មេភូមិ កម្លាំងប្រដាប់អាវុធស្រុក និងប្រជាពលរដ្ឋចូលរួមជាច្រើន ។
លោកសុខ សេរី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ផ្ទះមួយខ្នងនេះសង់ពីឥដ្ឋប្រក់ហ្វីប្រូស៊ីម៉ង់ត៍ ទំហំ៥គុណ៦ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់ជូនទៅឈ្មោះតាក បឿន អាយុ៤៦ឆ្នាំ អតីតយុទ្ធជន ហើយជាជនពិការជើងម្ខាងប្រពន្ធឈ្មោះទេប មឿន គ្រួសារនេះមានកូននៅក្នុងបន្ទុកចំនួន៥នាក់ ។ ក្នុងឱកាសនោះ លោកប្រធានមន្ទីរក៏បានមានមតិសំណេះសំណាលផ្តាំផ្ញើនូវការសួរសុខទុក្ខពីសម្តេចតេជោហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេច និងលោកជំទាវតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបន្តឧបត្ថម្ភគាំទ្រជារៀងរហូតមក ។
សុំបញ្ជាក់ថា គ្រួសារលោកតាក បឿន គឺជាគ្រួសារមួយដែលមានជីវភាពទន់ខ្សោយរស់ក្នុងខ្ទមតូចចង្អៀត រួចគ្រួសារនេះមានកូនចំនួន៥នាក់ ដែលកន្លងមកលោកគ្រូ អ្នកគ្រូតែងតែជួយឧបត្ថម្ភជាសៀវភៅប៊ិច ខ្លះ សម្រាប់ឱ្យកូនៗទាំងនោះបានមកសិក្សា ព្រោះក្នុងចំណោមកូនទាំង៥នាក់នោះសុទ្ធសឹងតែក្នុងវ័យសិក្សាទាំងអស់ ដែលជាបន្ទុកមួយយ៉ាងធ្ងន់ធ្ងរសម្រាប់ឪពុក ដែលជាជនពិការ ៕ ព្រៃនប់
ចែករំលែកព័តមាននេះ