រាជធានីភ្នំពេញ ៖ អាជ្ញាធរសង្កាត់ចោមចៅដឹកនាំដោយលោកចៅសង្កាត់សុទ្ធ សាធ បានធ្វើការស្ថាបនាផ្លូវលំថ្មីពីរខ្សែប្រវែងជាង១ពាន់ម៉ែត្រ ដែលកន្លងមកទីនោះមិនដែលមានផ្លូវទេ វាជាប្រឡាយទឹកចាស់ហើយបច្ចុប្បន្នចំណុចខាងលើកំពុងមានការអភិវឌ្ឍត្រូវការឱ្យមានផ្លូវខ្វាត់ខ្វែង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផង និងងាយស្រួលពេលមានបញ្ហាអាក្រក់កើតឡើងដូចជាអគ្គិភ័យជាដើមផង ។ មិនតែប៉ុណ្ណោះបើមិនមានការគិតគូរទេប្រឡាយទាំងនោះ នឹងត្រូវបាត់បង់មិនខានឡើយ ។
ផ្លូវលំទាំងពីរខ្សែនោះមានប្រវែងសរុបជាង១ពាន់ម៉ែត្រ ដែលជំហានដំបូងស្ថាបនាដោយការចាត់ដីធម្មតាសិន ព្រមទាំងកាប់ដីធ្វើជាប្រឡាយអមសងខាងផ្លូវដើម្បីឱ្យទឹកហូរ ហើយប្រជាពលរដ្ឋក៏អាចយកទឹកនោះស្រោចស្រពស្រូវ ស្រែ ឬដំណាំកសិកម្មផ្សេងៗទៀតបានផងដែរ ។ លោកសុទ្ធ សាធ ចៅសង្កាត់ចោមចៅបានឱ្យដឹងថា ការស្ថាបនាផ្លូវទាំងពីរខ្សែនេះបានចាប់ផ្តើមធ្វើឡើងរយៈពេល៥ថ្ងៃមកហើយដោយបានចលនាសប្បុរសជននានាចូលរួម ជាពិសេសប្រជាពលរដ្ឋដែលមានដីនៅអមសងខាងផ្លូវ ដើម្បីបរិច្ចាគដីខ្លះៗសម្រាប់ផលប៉ះពាល់ ។ ម្យា៉ងទៀតផ្លូវដែលកំពុងស្ថាបនាឡើងនេះគឺជាផ្លូវថ្មីសន្លាងតែម្តង ដែល១ខ្សែមានប្រវែង៨៦០ម៉ែត្រ តភ្ជាប់ពីផ្លូវកៅស៊ូ៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹងឆ្ពោះទៅវត្តព្រៃស្ពឺ ភូមិព្រៃស្ពឺ និងផ្លូវ១ខ្សែទៀតប្រវែងជាង២០០ម៉ែត្រ តភ្ជាប់ពីផ្លូវកៅស៊ូ៣០ម៉ែត្រដូចគ្នាឆ្ពោះទៅភូមិព្រៃកំបុត សង្កាត់ចោមចៅ ហើយអនាគតផ្លូវទាំងពីរខ្សែនេះនឹងក្លាយទៅជាផ្លូវបេតុង ឬកៅស៊ូតែម្តង ។
លោកសុទ្ធ សាធ បានបន្តទៀតថា ក្រៅពីការស្ថាបនាផ្លូវលំខាងលើ លោករួមជាមួយសប្បុរសជននានាបានរួមគ្នាកសាងនូវដងទង់ចំនួន២ដើមនៅក្នុងវត្តព្រៃស្ពឺនោះ ព្រោះវត្តនេះមិនទាន់មានដងទង់នៅឡើយ ។ ឯការចំណាយក្នុងការសាងសង់ផ្លូវ និងដងទង់ផងសរុបជាថវិកាអស់ចំនួន១៦.០០០ដុល្លារ ហើយថវិកាទាំងនេះទៀតសោតបានមកពីការចូលរួមចំណែកពីសប្បុរសជនរួមមានលោកសាំ ពិសិដ្ឋ ប្រធានក្រុមការងារចុះជួយសង្កាត់ចោមចៅចំនួន១ពាន់ដុល្លារ លោកអ៊ាវ ម៉េង ធ្វើបង្គោលភ្លើង៣.៥០០ដុល្លារលោកសុខ ចំរើន ប្រធានក្រុមហ៊ុនផលិតធុងជ័រចំនួន៣.០០០ដុល្លារ និងរូបលោកផ្ទាល់ចំនួន៨.៥០០ដុល្លារ ។ ទន្ទឹមនឹងនេះ លោកសូមអរគុណយ៉ាងខ្លាំងដល់សប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋានសង្កាត់ចោមចៅ ឱ្យមានការរីកចម្រើនស្របពេលដែលប្រទេសជាតិយើងកំពុងបោះជំហានទៅមុខជាលំដាប់ក្រោមការដឹកនាំប្រកបដោយគតិបណិ្ឌតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានោះ ៕ ចោមចៅ


ចែករំលែកព័តមាននេះ