ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពលរដ្ឋ​122​គ្រួសារ​សុំ​ឱ្យ​អាជ្ញា​ធរ​ខេត្ត​ជួយ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី

13 ឆ្នាំ មុន

ខេត្តព្រៃវែង ៖​ បញ្ហា​ទំនាស់ដីធ្លី​​​បាន​ក្លាយ​ជា​ជំងឺ​រ៉ាំ​រ៉ៃ​​​ដែល​ភាគច្រើន​​កើតឡើង​​ ទៅលើ ប្រជាពលរដ្ឋ​​​ស្លូត​ត្រង់ ​​​ទន់ខ្សោយ ​ក្រីក្រ ​ហើយ បើ​កើត​ហើយ​មិន​​​ងាយព្យា​បាល​​​ឱ្យ​​សះស្បើយ​​ភ្លាម​ៗ​បានទេ ដែល​ករណី​​នេះ កំពុង​​រាត​ត្បាត​​ស្ទើរ​គ្រប់​​ទីកន្លែង ។​ ជាក់ស្តែង​ប្រជា​ពលរដ្ឋ​​​​ចំនួន​​១២២​គ្រួសារ ​​​រស់​នៅក្នុងភូមិ​​តាហ៊េល«ខ» ឃុំ​រា​ធរ

ខេត្តព្រៃវែង ៖​ បញ្ហា​ទំនាស់ដីធ្លី​​​បាន​ក្លាយ​ជា​ជំងឺ​រ៉ាំ​រ៉ៃ​​​ដែល​ភាគច្រើន​​កើតឡើង​​ទៅលើ ប្រជាពលរដ្ឋ​​​ស្លូត​ត្រង់ ​​​ទន់ខ្សោយ ​ក្រីក្រ ​ហើយ បើ​កើត​ហើយ​មិន​​​ងាយព្យា​បាល​​​ឱ្យ​​សះស្បើយ​​ភ្លាម​ៗ​បានទេ ដែល​ករណី​​នេះ កំពុង​​រាត​ត្បាត​​ស្ទើរ​គ្រប់​​ទីកន្លែង ។​ ជាក់ស្តែង​ប្រជា​ពលរដ្ឋ​​​​ចំនួន​​១២២​គ្រួសារ ​​​រស់​នៅក្នុងភូមិ​​តាហ៊េល«ខ» ឃុំ​រា​ធរ ស្រុក​​​ព្រះ​ស្តេច​ រង​នូវ​ការលំបាក​​ ហើយ​បាត់​បង់​ផ្លូវសាធា​រណៈ ដោយ​សារតែ​​​បុគ្គល​ម្នាក​់​​រំលោភ​​​យកធ្វើ​ជា​​​កម្មសិទ្ធិ ។ ​​បើ​​ទោះ​ជា​អាជ្ញាធរ​ភូមិ​-ឃុំ-ស្រុក ​​​ធ្លាប់​បាន​ចុះជួយដោះ​ស្រាយ​​​ឱ្យ​​មួយលើក​ជា​​​ពីរ​លើក​​ទៅហើយ​​នៅ​តែ​ពុំ​​​មានលទ្ធ​ផល រហូត​ពួក​គាត់​បានដាក់ពាក្យ​​បណ្តឹង​ទៅ​​សាលា​ដំបូង​ខេត្ត​ព្រៃវែង ​​អភិបាល​ខេត្ត ​​និង​ទៅប្រធានរដ្ឋសភាជាតិ ក៏​​នៅតែពុំ​ទាន់​​មាន​​លទ្ធ​​ផលនៅ​ឡើយ​ ​​​។

ដីដែល​មានទំនាស់​នេះ​​តូចសោះ ​និង​ជា​ដី​​ទ.ទឹកដែលមានទំហំ​​​​ទទឹង​​​៣ម៉ែត្រ បណ្តោយ​៧០៥មែ៉ត្រ​ជា​សម្បត្តិ​សាធារណៈ​​ក្នុង​សហគមន៍​សម្រាប់​ធ្វើ​ផ្លូវ​ដឹក​កសិ​ផល​​​ពីស្រែ​​​​​មក​លំ​នៅ​​ឋាន​ហើយ​​​សម្រាប់​​ធ្វើផ្លូវទឹក​​​​ផងដែរ ។ ​ឥឡូវ​ត្រូវ​បាន​បុគ្គល​ម្នាក់​​ឈ្មោះ​​​ឡឹង ​សុវណ្ណ ​រំលោភ​​​​យកធ្វើ​​ជា​​កម្មសិទ្ធិ​​​របស់​ខ្លួន​ ពួកគាត់​បាននាំគ្នា​ឈរ​ដាំ​​​ជា​បង្គោល​​២ជួរ ​​លើ​ទំហំ​ដីដែល​ពួកគាត់​សុំទាមទារ​​​ឱ្យ​​​​រក្សាទុក​ជា​សម្បត្តិ​​​​សាធារណៈ កាលពីថ្ងៃទី​​​២១ ​​ធ្នូ ​​​ដើម្បីជា​ការបញ្ជាក់​​​បង្ហាញ​នូវ​​​ការរំ​លោភ​​​បំពាន​ដក​បង្គោល​ កាប់​​​គល់​រាំង​​បំបាត់​​ភស្តុ​តាងពី​សំណាក់​​​អ្នក​​​ដែលព្យាយាម​​​​យក​។

លោក​យោគ ឌី​ ជា​​អភិបាល​រង​​ស្រុកព្រះ​ស្តេច ​​និង​ជា​អភិ​​បាល​ស្តីទីបាន​ឱ្យកោះសន្តិភាព​ដឹង​ថា កន្លង​មក​ ​លោក​បាន​​បង្កើតគណៈ​កម្មការ​​​ដែលមាន​រូប​​លោក​ជា​ប្រធាន​ចុះទៅដោះស្រាយ​​ឱ្យប្រជា​ពល​រដ្ឋ​​ទាំង​​​១២២​គ្រួសារ​​ ជាមួយ​​អ្នក​ទំនាស់​​​ ​តែពុំ​ទទួល​បាន​​លទ្ធផល ​។ លោកបាន​និយាយ​​​ពី​ប្រវត្តិ​​ដី​ទំនាស់​នោះ​ថា ​​ដំបូង​ដីស្រែ​ប្រាំង​​ និង​ដី​​ទ.ទឹក​នេះ​​​​ជា​ដី​​​​​របស់​ឈ្មោះ​ស្រ៊ុន ​ស្រឿន​។ ​​មក​ដល់​ឆ្នាំ​​​១៩៩៩ ​ឈ្មោះស្រ៊ុន ស្រឿន​ ​លក់ដី​ស្រែ​នេះ​​​ឱ្យទៅឈ្មោះអ៊ុច ខេង ក្នុងតម្លៃ​​​​៣តម្លឹង ​​តែ​មិន​លក់​​​ទ.ទឹក​​​ដែលជាប់​នឹង​​ព្រំដីខាង​ជើង​ទេ ដោយ​គាត់​ទុក​ជា​សម្បត្តិ​​សាធារណៈ ។ ដល់ថ្ងៃទី​​​២០ មេសា ឆ្នាំ​​​២០០៩ អ៊ុច ខេង ​លក់​ដី​ស្រែ​នេះ​​ឱ្យទៅ​​ឈ្មោះ​​ឡឹង សុវណ្ណ ក្នុងតម្លៃ​​​១០តម្លឹង​៨​ជី​៥ហ៊ុន​​ ​​ហើយ​ក៏​មិន​បានលក់​ដី​​​ទ.ទឹក​​​ដែល​ជា​សម្បត្តិសាធារណៈ​នោះដែរ ​។ ក្រោយ​មក ​បែរ​ជា​​ឡឹង សុវណ្ណ បានទៅភ្ជួរ​​​​វាល​​យក​ដីទ​​​​ទឹក​​ធ្វើ​ជាស្រែ​​​​សាបព្រោះស្រូវ ហើយ​​ហាម​​​មិន​​ឱ្យ​​ប្រជា​ពលរដ្ឋ​​​​យកដីទ.ទឹក​​ធ្វើជា​ផ្លូវ​ដឹក​ជញ្ជូន​​កសិ​ផល​​តទៅទៀតឡើយ ​​​ទើប​ការទំនាស់​​ផ្ទុះ​ឡើង ។

លោក​បន្ត​ថា ​​ប្រឈម​មុខ​​​នឹង​បញ្ហា​នេះ ​​លោក​បាន​​ហាម​ប្រជា​ពលរដ្ឋ​​​​សុំ​កុំ​ឱ្យ​ប្រើ​​អំ​ពើ​ហិង្សា​​​​ក្នុង​ទំនាស់​គ្នានេះ​ឱ្យ​សោះ ​​​ទុក​ឱ្យ​អាជ្ញាធរ​​​ដោះស្រាយជូន ​តែ​ការ​ដោះ​ស្រាយ​នោះ​ពុំ​​ទទួល​បាន​លទ្ធ​ផល​​​ជូន​ប្រជា​ពលរដ្ឋ​​នៅ​ឡើង​ទេ ។

លោកបន្ត​ថា​លោក​ ​​​​បានចុះទៅ​​​សម្រប​សម្រួល​​ម្តង​​ទៀត​ជា​​លើកទី​​២ ​ដោយ​ឱ្យឈ្មោះ​​​​អ៊ុច ខេង ​យល់​ព្រម​​​​ចេញ​​ថ្លៃ​ដី​ត្រង់​​កន្លែង​​ទ.ទឹក​ចំនួន​​១ជី​មាស ​​​​ឱ្យទៅ​​​ឈ្មោះ​ឆេង ​ឆន ​ដែល​ឈ្មោះ​​ឡឹង សុវណ្ណ ​​ផ្ទេរ​សិទ្ធិ​​​ឱ្យទៅ​​ឆេង ឆន ​​ចូល​​​រួម​​ដោះ​ស្រាយ​​ទំនាស់​។ ​​តែភាគី​​ឆេង ឆន ​មិន​​ព្រម​​​​ទទួល​យក​​​​ទេ គឺ​​សុខចិត្ត​​​​ឱ្យប្រជា​ពលរដ្ឋ​ទាំង​​១២២​គ្រួសារ​​​ដែលបាន​​​ផ្តិត​មេ​ដៃ​​​ឱ្យស្បថ​ថា ​ពី​មុន​មក​​ដី​ទ.ទឹក​​​នេះ​​​​ពិតជាមាន​​មែន ​ហើយ​ការ​​ស្បថ​នេះ​​ខ្វះតែមួយ​នាក់​ក៏មិន​ព្រម​ដែរ ស្បថ​​​​ឱ្យ​គ្រប់​​គ្នាទើប​ប្រគល់​​ឱ្យ​​ ។ ​​​ទោះជាយ៉ាង​នេះ​ក្តី ​​​ភាគី​​ខាង​ឈ្មោះ​​​ឡឹង សុវណ្ណ ​​បែរជា​​មិនព្រម​​​​​​ ថែម​​ទាំង​ដក​បង្គោល​ថ្ម​កំណត់​​​ព្រំ​ដី កាប់​គល់​រាំង​ចោល បំបាត់​​​ភស្តុតាង​ថែមទាំង​​​ជេរ ប្រមាថ​​ដល់​អាជ្ញា​ធរ​ភូមិ​-ឃុំ​​-ស្រុកថែមទៀត ។

លោក​ក៏​បាន​​បញ្ជូន​សំណុំរឿង​​​នេះ​ទុក​ឱ្យថ្នាក់​ខេត្តជា​អ្នក​ដោះ​ស្រាយ​​ម្តង​។ ​ដោយ​រង់ចាំ​​ការ​ចុះ​ដោះស្រាយ​​​ថ្នាក់​ខេត្ត​​យូរពេក ពួកគាត់​ទាំង​​១២២គ្រួសារ​​​បានធ្វើ​ពាក្យបណ្តឹង​​​ទៅ​គណៈ​កម្ម​ការ​​​​​សិទ្ធិ​មនុស្ស​​ទទួល​ពាក្យ​បណ្តឹង​​ អង្កេត​​​ និង​ទំនាក់ទំនង​​រដ្ឋសភា​​​ ព្រឹទ្ធសភា ​តាមរយៈ លោក​ងួន ញ៉ិល ​​ប្រធាន​រដ្ឋ​សភាស្តី​ទី​​ ហើយ​ក៏​បាន​ចេញ​លិខិត​​លេខ​​​០៤៨ រស.គ១ ចុះថ្ងៃទី​​​២ មីនា ឆ្នាំ​២០១១ ​​ដែលក្នុង​លិខិត​​នោះ​បាន​​បញ្ជាក់​ថា សុំ​ឱ្យ​​​​​​លោកអភិបាល​​ខេត្តព្រៃវែង ​​ជួយពិនិត្យ​​​ និង​ដោះស្រាយ​​ជូន​ប្រជាពលរដ្ឋ​​អំពីករណី​​នោះ ។ ប៉ុន្តែ​​​​រហូត​មក​ដល់​​ពេលនេះ នៅ​​តែពុំទទួល​បានលទ្ធផល​​​​ដដែល ។ ធ្វើ​ឱ្យប្រជា​ពលរដ្ឋ​​មានការ​​​​ព្រួយ​បារម្ភ​​​​បំផុត​ព្រោះ​​ជិត​ដល់​ពេល​ដែល​ត្រូវដឹក​ជញ្ជូន​​​​​កសិ​ផលហើយ ៕​           ចក្រី