ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា​200ដុល្លារ​នាំ​​ទៅ​ប្រ​គល់​ដល់​ដៃស្ត្រី​​អ​ភ័ព្វ​ប្តី​ធ្វើ​បាប

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ​​អាណិកជន​​ខ្មែរ​​នៅ​​សហ​រដ្ឋ​អា​មេរិក​​​​មួយ​រូប ​បាន​ឧ​ប​ត្ថម្ភ​​ថវិកា​ចំនួន​២០០​ដុល្លារ ​ដល់​ស្ត្រី​មេ​ម៉ាយ​​​មាន​កូន​៥​នាក់ ដែល​ត្រូវ​​​ប្តី​វាយ​ធ្វើ​បាប​​ និង​ចុះ​ចោល​​​ជា​បន្ត​បន្ទាប់​ ហើយ​ថវិកា​នេះ​ត្រូវ​បាន​ភ្នាក់​ងារ​​កោះសន្តិ​ភាព​​នាំ​យកទៅ​​ប្រ​គល់​​​ដល់​ដៃ​ស្ត្រី​រូប​នេះ​​ នៅ​ឯ​ផ្ទះ​ជួល​ដែល​នាង​​​ស្នាក់​នៅ​​ កាល​ពី​​​ព្រឹក​ ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១១ កន្លង​មក​ ដោយ​មាន​តំណាង​​របស់​លោក​​មេ​ភូមិ​​ត្រ​ពាំង​ថ្លឹង ​២នាក់ ​ចូល​រួម​ក្នុង​ពេល​ប្រ​គល់​នោះ​ផង​ដែរ ។

ថវិកា​​ចំនួន​​​ពីរ​​រយ​ដុល្លារនោះ គឺ​ជា​អំណោយ​របស់​លោក​ហ៊ីង សុ​ជាតិ ជា​សប្បុរសជន​ខ្មែរ​រស់​នៅ​រដ្ឋ​​​អូ​ហៃ​យ៉ូ​ សហរដ្ឋ​អា​មេរិក ដែល​បាន​​ផ្ញើ​​តាម​រយៈ​លោក​ណុប ច័ន្ទ​តារា សហ​ការី​​កោះ​សន្តិ​ភាព​ប្រចាំ​​​​ក្រុង​ឡង​ប៊ិច​​ ក្នុង​ទឹក​ចិត្ត​អាណិត​​អា​សូរ និង​​ជា​ការ​ជួយ​​រំលែក​​នូវ​ការ​​ខ្វះ​ខាត​​​ និង​ទុក្ខលំបាក​របស់​ស្ត្រី​រូ​ប​នេះ​ ដែល​ខំ​​រក​ស៊ី​​ទាំង​លំ​បាក​ចិញ្ចឹម​កូន​ស្រី​៥​នាក់ នៅ​ក្នុង​បន្ទុក ។

ស្ត្រី​អភ័ព្វ​រូ​ប​នេះ​ឈ្មោះ​ឡាំង បុ​ប្ផា អា​យុ​៣៥​ឆ្នាំ មាន​ស្រុក​​កំណើត​​​នៅ​ភូមិ​កំពង់​ភ្នំ ឃុំ​ក្បាល​​​ជ្រោយ ស្រុក​លើ​ក​ដែក ខេត្ត​កណ្តាល ។ នាង​បាន​រៀប​​​ការ​ជាមួយ​ប្តី​ទី​១​ឈ្មោះ​​ស៊ឺ លី​ហៀង ​បច្ចុប្បន្ន​អាយុ​៦១​ឆ្នាំ កាល​ពី​ឆ្នាំ​​១៩៩៥ ​បាន​កូន​ស្រី​​៥​នាក់ ​​តែ​ដល់​ឆ្នាំ​២០០៧ ក៏​បែក​បាក់​គ្នា​ ដោយ​ប្តី​​ទៅ​មានស្រី​ថ្មីទៀត ។ ​ក្រោយ​មក​ នាង​មករក​ស៊ី​​នៅ​ភ្នំពេញ​មាន​ប្តី​ទី​២​​ ឈ្មោះ​កែវ រដ្ឋា ​អាយុ៤៤​ឆ្នាំ​​ ​តែ​ចាប់​ដៃ​គ្នា​បាន​រយៈ​ពេល​​ជាង​៥​ខែ ប៉ុណ្ណោះ​ក៏​​បែកបាក់​គ្នា​​ទៀត ​ហើយ​ប្តី​ក្រោយ​នេះ​បាន​​វាយ​ធ្វើ​បាប​ឥ​ត​​ត្រា​ប្រ​ណី​​បណ្តាលឱ្យ​​នាងមាន​​របួស​ធ្ងន់ធ្ងរ​​ រហូត​មក​​ដល់​ពេល​នេះ​​មិនទាន់​​​ជា​សះ​ស្បើយ​នៅ​ឡើយ​ទេ​ ឯ​ប្តី​​កំណាច​​នោះ​​ក៏​បាន​ចាក​​​​ចេញ​ចោល​នាង​បាត់​ទៀត ។

ស្ត្រី​ឈ្មោះ​ឡាំង បុបា្ផ ​បាន​និយាយ​​​រៀប​រាប់​​​​ទៀតថា ​ប្តីទី​១ របស់​នាង​ឈ្មោះ​ស៊ឺ លី​ហៀង ​កាល​ពី​នៅ​​ជុំ​គ្នា​មិន​ដែល​​វាយ​ធ្វើ​បាប​​​ទេ គឺ​គាត់​ស្រ​ឡាញ់​​នាង​ខ្លាំង​ណាស់ ឯ​នាង​វិញ​ក៏​ស្រ​ឡាញ់​​គាត់​ណាស់​ដែរ ។​ ប៉ុន្តែ​​បន្ទាប់​ពី​ចាប់​ដៃ​គ្នា​បាន​រយៈ​ពេល​១៣​ឆ្នាំ ប្តី​​ចាប់​ផ្តើម​បែក​ចិត្ត​​ផិត​ក្បត់​​​ទៅមាន​ស្រី​ថ្មី ដែល​ស្រី​ម្នាក់​នោះ​គឺ​​ជា​​ប្អូន​​ជី​ដូន​មួយ​​នេះ​​តែម្តង​​មិន​មែន​អ្នក​​សាច់ឆ្ងាយ​​ឡើយ រួច​ប្តី​របស់​នាង​​ក៏​ពង្រត់​ប្អូន​ស្រី​ជី​ដូន​មួយ​របស់​នាង​​ទៅ​បាត់​ស្រ​មោល​​ចោល​នាង​​ និង​កូនស្រី​ទាំង​៥​នាក់ ​​ដែល​កាល​​ណោះ​​កូន​​​ទី​៥ មិន​ទាន់​​កើត​នៅ​ឡើយ​ទេ ។ ក្រោយ​ពី​ប្តី​​​យក​ប្អូនជី​ដូន​មួយ​នាង​​​ធ្វើ​ជា​ប្រ​ពន្ធចុះ​ចោល​រូប​នាង​បាត់​​​ នាង​​ក៏​សម្រេច​ចិត្ត​​​ចាក​ចេញពី​ស្រុក​កំណើត​​មក​រក​ស៊ី​​នៅភ្នំេពញ​ ធ្វើ​ជា​សន្តិ​សុខ​​យាម​រោង​ចក្រ​​​រក​ប្រាក់​​ចិញ្ចឹម​​កូន​ស្រី​ទាំង​​៥​នាក់ ។ រហូត​ដល់​ឆ្នាំ​​២០១១ ​នាង​បាន​​ជួប​បុរស​ពោះ​ម៉ាយ​ម្នាក់​ឈ្មោះ​កែវ រដ្ឋ​ា អាយុ​​៤៤​ឆ្នាំ ហើយ​​បុរស​នោះ​​ធ្វើ​ខ្លួន​ជា​​មនុស្ស​​សុភាព​រាប​សាគួរ​ឱ្យ​អាណិត​​​មក​សុំ​ស្នេហា​ពី​រូ​ប​​នាង ។

ស្ត្រី​​មេ​ម៉ាយ​នេះ​​​រៀប​រាប់​ទៀត​ថា ​ដោយ​ឃើញ​​ចរិត​​គួរ​ឱ្យ​រាប់​អាន​ និង​អាច​ពឹង​ពាក់​បានទើប​នាង​យល់​ព្រម​ និង​បាន​ចាប់​ដៃ​គ្នា​ជា​ប្តី​ប្រ​ពន្ធ​ ប៉ុន្តែ​អ្វី​ដែល​ស្មាន​មិន​ដល់​​នោះ​ គឺ​ប្តី​នាង​ក្រោយ​នេះ មិន​គិត​គូរ​រក​ស៊ី​អ្វី​ទេ គិត​តែ​ដើរ​​​ផឹកស្រ​វឹង​​រួច​រក​​រឿង​វាយ​​​ធ្វើ​បាប​​នាង​ឥត​ស្រាក​ស្រាន្ត​ ។ មិន​តែ​ប៉ុណ្ណោះ​ ប្អូន​​​ថ្លៃ​របស់​នាង​​ក៏​បានជួយ​បង​ប្រុស​​របស់​គេ​វាយ​នាង​ដែរ ហើយ​នៅ​លើក​ចុង​ក្រោយ​ ខណៈនាង​មានផ្ទៃ​ពោះ​២ខែ ដោយ​​​​មើល​ឃើញ​​ចរិត​​​មិន​គួរ​ឱ្យ​ទុក​​ចិត្ត​ទើប​នាង​សម្រេច​​ចិត្ត​​យក​កូន​​ចេញ ។

ពេល​យក​កូន​ចេញ​បាន​តែ​រយៈ​ពេល​៤​ថ្ងៃ​ប៉ុណ្ណោះ​ ក៏​ត្រូវ​​ប្តី និង​ប្អូន​ថ្លៃ​ស្រី​​ឈ្មោះ​កែវ សុភ័ក្ត្រ ​​អាយុ​២៥​ឆ្នាំ ព្រួត​គ្នា​​វាយ​ធ្វើ​បាប​​​ធ្វើ​ឱ្យ​នាង​ទាស់​សរសៃ​ឈឺ​យ៉ាង​ធ្ងន់​ធ្ងរ​ ។ ​សព្វ​ថ្ងៃ​នាង​​ជួល​ផ្ទះគេ​ស្នាក់​នៅ​បន្ទប់​លេខ​១៧​J ប្លុក​ឡ​ឥដ្ឋ ភូមិ​ត្រ​ពាំង​ថ្លឹង សង្កាត់​ចោមចៅ​ ខណ្ឌ​ដង្កោ រាជ​ធានីភ្នំពេញ​ហើយ​ដោយ​​​​ជី​វភាព​លំ​បាក​ពេ​ក​​ទោះ​បី​មិនទាន់​ជា​​​​​សះ​ស្បើយ​​​នៅ​ឡើយ​​ក្តី​​​ ក៏​នាង​បាន​ចូល​ធ្វើ​ការ​​នៅ​រោង​ចក្រ​​​​ ។ ចំណែក​កូន​ស្រី​ទី​១​របស់​នាង​អាយុ​​១៥ឆ្នាំ ​​ទៅ​ស៊ី​ឈ្នួល​លក់​កា​ហ្វេ​​ឱ្យ​គេ​នៅផ្សារ​​កាណា​ឌី​យ៉ា កូន​ស្រីទី​២​អាយុ​១៣​ឆ្នាំ ​​ជួល​លក់​បង្អែម​​ឱ្យ​គេ​ កូន​ស្រី​ទី​៣​អាយុ​១១​ឆ្នាំ ឱ្យ​ទៅ​​​​នៅ​ជា​មួយ​ម្តាយ​​នាង​ឯ​ស្រុក​​​ ហើយ​ឮ​អ្នក​​ជិត​ខាង​​​ប្រាប់​ថា ម្តាយ​របស់​នាង​ធ្វើ​បាប​កូន​​នាង​ខ្លាំង​ណាស់​ ។ រីឯកូន​ស្រី​ទី​៤​​អាយុ​៨​ឆ្នាំ ​ត្រូវ​​អ្នក​ជិត​ខាង​យកទៅ​ចិញ្ចឹម​ទំនុក​​បម្រុង​ឱ្យ​រៀន​​សូត្រ និង​កូន​ទី​​​៥​ទើប​អាយុ​​៤​ឆ្នាំប៉ុណ្ណោះ ​រស់​នៅ​ជា​មួយ​នាង​ ។

ស្ត្រី​រូប​នេះ ​បាន​បញ្ជាក់​ថា មូល​ហេតុ​ដែល​ប្តី​ក្រោយ​របស់​នាង​​ផឹក​ស្រា​​ស្រ​វឹង​រួច​​រក​រឿង​វាយ​តប់​រហូត​នោះ គឺ​ដោ​យ​សារ​តែ​រូប​នាង​​ឱ្យ​កូន​ស្រី​ច្បង​​​អាយុ​១៥​ឆ្នាំ ទៅ​លក់​កា​ហ្វេ​ឱ្យ​គេ​​ហើយ​ទំនង​ប្តីក្រោយ​មាន​គំនិត​អា​ក្រក់​​​លើ​កូន​ស្រី​នាង​ ទើប​​ខឹង​​នាង​ ។ ម្យ៉ាង​ទៀត​​ នាង​មើល​ទៅ​​ចិត្ត​​ប្តី​មិន​ស្មោះ​ត្រង់​លើកូន​ស្រី​ ទើប​នាង​ឱ្យកូន​ស្រី​ទៅ​ស៊ី​ឈ្នួល​លក់​កា​ហ្វេ​​ឱ្យ​គេ​បែប​នេះ​​ ៕

សេច​ក្តីជូនដំណឹង

សូមជម្រាប​ជូនដល់​បង​ប្អូន​​ជនរួមជាតិ​ដែលកំពុង​រស់នៅ​ក្រៅប្រទេស​ ឱ្យបានជ្រាប​ថា ​លោក​ណុប ច័ន្ទ​​ដារា រស់នៅក្រុង​​​ឡូស​អេន​ចឺឡេស ទូរស័ព្ទ​លេខ ​៥៦២ ​៣១៣​ ៣៦៩៩ អ៊ីម៉ែល ៖ cnop@juno.com គឺ​ជាអ្នក​ទទួល​រាល់ប្រាក់​អំណោយ​សប្បុរសធម៌​នានា ដែលបង​ប្អូន​មានបំណង​​ចង់ផ្ញើ​មក​ជួយដល់​​ជន​រួមជាតិ ​តាមរយៈ​​​សារ​ព័ត៌មាន​កោះសន្តិភាព ដោយ​យើង​ខ្ញុំ​​សន្យា​​​ថា​នឹង​ពាំនាំ​​ទៅប្រគល់​ដល់​​ដៃ​ជន​ទុរគត​​ ជនក្រីក្រ ឬ​ជន​​ជួបគ្រោះថ្នាក់​​​ផ្សេងៗ មិន​ឱ្យខុសបំណង​នោះទេ ។
ទូរស័ព្ទ​ទាក់ទង​លេខ​ ​(៨៥៥) ១៧៤៤៩០១៧ ឬអ៊ីម៉ែល ៖ News@kspg.co ឬ ads@kspg.co ៕