ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧកញ៉ា​​​​អូស្មាន ហាស្សាន់ ​ប្រគល់​​វិញ្ញា​បនបត្រ​​​​​ក្នុង​ឱកាស​​​បិទវគ្គ​​បណ្តុះបណ្តាល​គ្រូអ៊ិស្លាម​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ កាលពី​​​ព្រឹក​​ថ្ងៃទី​​​២០ ធ្នូ ​ លោក​ឧកញ៉ា​​​​អូស្មាន​ ហាស្សាន់  រដ្ឋលេខាធិការ​​​​ក្រសួង​​ការងារ​និងបណ្តុះ​បណ្តាល​​​វិជ្ជា​ជីវៈនិង​ជា​​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​​មូស្លីម​​​កម្ពុជា បាន​​អញ្ជើញ​​ជាអធិបតីភាព​​​ក្នុង​​​ឱកាស​​​​បិទ​វគ្គ​​​​បណ្តុះ​បណ្តាល​​​គរុកោសល្យ​​​​និង​​ចែក​វិញ្ញាបន​បត្រ​​​​​ដល់​​គ្រូ​អ៊ិស្លាម​ចំនួន​​​២០០​នាក់ ​​​នៅភូមិ​​​រកា សង្កាត់​សំបួរមាស ក្រុង​​កំពង់​​ចាម ។

វគ្គ​បណ្តុះ​បណ្តាល​​​​គរុកោសល្យ​​​​គ្រូអ៊ិស្លាម​​ ដែល​​ធ្វើ​​ពិធី​​បិទ​​​​នៅពេល​នេះ​​ជា​វគ្គ​​ទី​២​ហើយ​ ក្នុង​គម្រោង​​បណ្តុះបណ្តាល​​ចំនួន​៥វគ្គ​​ដែល​​បាន​បង្កើត​ឡើង​​ដោយ​​មូលនិធិ​អភិវឌ្ឍន៍​មូស្លីម​​​កម្ពុជា​​ សហការ​ជាមួយ​​​គណៈ​ដឹកនាំ​​ជាន់​ខ្ពស់​​​នៃ​សាសនា​​​​​អ៊ិស្លាម​​កម្ពុជា​ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​លោក​ Dato Aidit Bin Ghazali  សមាជិក​​​នៃក្រុម​ប្រឹក្សា​​​សាសនា​អ៊ិស្លាម ស្ថាប័ន​​ហ្សាកាត់​​នៅ​រដ្ឋ​​  Selangor នៃ​ប្រទេស​ម៉ាឡេ​ស៊ីអស់​ថវិកា​ចំនួន​​​៧១.២០០​ដុល្លារ ​​សម្រាប់​​​​បណ្តុះ​បណ្តាល​​​​គ្រូ​អ៊ិស្លាម​​​​ទូទាំង​ប្រទេស​​​ចំនួន​​​៨០០​ នាក់ ។

លោក​​​ស៊ឹម ​​សុព្រី អភិបាល​​​រង​ខេត្ត​​​​​ ​បាន​ថ្លែង​​​​​ថា  យើង​​ជាគ្រូ​បង្រៀន​​​ត្រូវ​មាន​​​សមត្ថ​ភាព​​បច្ចេកទេស​​​ក្នុង​ការ​បង្រៀន​ និង​មាន​​សីល​ធម៌​​រស់​នៅ​​ល្អ​​​​ អត្តចរិត​ល្អ ធ្វើ​ជា​គំរូ​​ល្អៗ ដល់​សិស្ស​​ទើប​ការ​​​សាប​ព្រោះ​​ចំណេះ​ដឹង​​ដល់​​​​​សិស្ស​​​​ទទួល​បាន​​លទ្ធផល​​​​ល្អ ។ 

លោក​​ Dato Aidit Bin Ghazali ​ថ្លែង​ថា​​បន្ទាប់​ពីបញ្ចប់​​​វគ្គ​បណ្តុះ​បណ្តាល​​​​​គរុកោសល្យ​​គ្រូបង្រៀន​​​នៅ​ក្នុង​​​​ខេត្ត​​​​កំពង់​​ចាម​​ នេះ​ ​នៅ​ថ្ងៃ​ទី​​២៦ ធ្នូ គណៈ​​ប្រតិភូ​​​​របស់​លោក​​​​​ដែល​​​ជាគ្រូ​​បង្គោល​​​​នឹង​​បន្ត​ដំណើរ​​​ទៅ​បើក​​វគ្គ​​​បណ្តុះ​បណ្តាល​​​​នៅ​ខេត្ត​​​ក្រចេះ​​ទៀត ហើយ​បើតាម​​​គម្រោង​​មាន​គ្រូៗ​អ៊ិស្លាម​​ចំនួន​២០០​​នាក់​ចូលរួម​ដើម្បី​​ក្រេប​យក​​​​ចំណេះ​ដឹង​​គរុកោសល្យ​​​គ្រូបង្រៀន ។

លោក​ឧកញ៉ា​​​អូស្មាន​ ហាស្សាន់ ​បាន​​​ថ្លែង​​អំណរគុណ​​យ៉ាង​ជ្រាល​​ជ្រៅ​​​ចំពោះ​​​ស្ថាប័ន​​ហ្សាកាត់  រដ្ឋ​ Selangor ​ប្រទេស​​ម៉ាឡេស៊ី​ ​ដែល​​​តែងតែ​ជួយឧបត្ថម្ភ​គាំទ្រ​​សហគមន៍​​អ៊ិស្លាម​​នៅ​កម្ពុជា​​ ជាពិសេស​ជួយ​​បណ្តុះ​បណ្តាល​​​​ធនធាន​មនុស្ស​​ ។​ ​រាជរដ្ឋា​ភិបាល​​កម្ពុជា ក្រោមការ​​​ដឹកនាំ​​របស់​​​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​​​ហ៊ុន សែន ​បាន​ធ្វើ​​ឱ្យ​​ប្រទេស​​​មាន​ស្ថិរភាព​ និងការ​អភិវឌ្ឍ​​លើ​គ្រប់​​​​វិស័យ​​ ហើយ​​គ្រប់​​សាសនា​​​ទាំងអស់​​​រស់​​នៅ​ជាមួយ​​​គ្នា​​​យ៉ាង​​​​សុខ​ដុម​រមនា​ ។

លោក​ឧកញ៉ា​​ ក៏​បាន​​​ផ្តាំផ្ញើ​​​ដល់​​លោក​​​គ្រូ​អ្នក​គ្រូ​​ទាំងអស់់​​​ ត្រូវ​​យក​​ចំណេះដឹង​​​ដែល​​​ទទួល​​បាន​​ពីវគ្គ​បណ្តុះ​បណ្តាល​​​​គរុកោសល្យ​​​​នេះ ទៅ​​​​​បង្ហាត់​​​បង្រៀន​​​ដល់​សិស្ស​​នៅ​​តាម​មូល​ដ្ឋាន​​​​របស់​ខ្លួន​​ ឱ្យ​​​ពួកគេ​​​ក្លាយ​ជាសិស្ស​​​ល្អ ​​មិត្ត​ល្អ កូន​ល្អ​ និង​ជា​​​​ពល​​រដ្ឋ​​​ល្អ នៅក្នុង​សង្គម​ជាតិ​​ ដើម្បី​​រួម​ចំណែក​​អភិវឌ្ឍ​ន៍​ប្រទេស​ជាតិ​​​ឱ្យ​កាន់​តែ​រីក​​​ចម្រើន​​​ថែមទៀត​ ​ក្រោមការ​​​ដឹកនាំ​​​របស់​​​សម្តេច​អគ្គ​​មហា​​សេនា​បតី​តេជោ​​ហ៊ុន សែន ។ ​លោក​​ឧកញ៉ា​​​អូស្មាន​​​ ហាស្សាន់ ​រួម​ជាមួយ​​​គណៈ​ប្រតិភូ​​​ប្រទេស​​​ម៉ាឡេស៊ី​ ក៏​បាន​​​ចែក​​​​វិញ្ញា​បនបត្រ​​​​ជូន​​​ដល់លោក​​គ្រូ អ្នក​គ្រូ​​ចំនួន​​​២០០​នាក់​​ ​​មកពី​​ខេត្ត​កំពង់​ចាម ​​ខេត្ត​​​កំពង់ធំ ​​និងខេត្ត​​​សៀមរាប​ ដែល​បាន​​​បញ្ចប់​​វគ្គ​បណ្តុះ​​បណ្តាល​​នេះ​ និង​បាន​​​ឧបត្ថម្ភ​​​​​ថវិកា​សម្រាប់​​ធ្វើ​ដំណើរ​​​​ក្នុង​ម្នាក់ៗ​ចំនួន​១២​ម៉ឺន​​រៀល​​ ដែល​​សរុប​​​ទាំងអស់​​​២៤​លាន​​រៀល ៕ ជលធា