ខេត្តរតនគិរី ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការភូមិកុមារSOS រតនគិរី នាព្រឹកថ្ងៃទី២១ ធ្នូ ឆ្នាំ២០១១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ភូមិ៤ សង្កាត់ការចាញ ក្រុងបានលុង សម្តែងការកោតសរសើរ និងថ្លែងជូនចំពោះលោកហែល មុតគូទីន ក៏ដូចជាអង្គការអេសអូអេស (SOS) ដែលបានផ្តល់ជំនួយដ៏សប្បុរសសម្រាប់ការកសាងនូវសមិទ្ធផលនានា និងថ្លែងជូនចំពោះលោកម៉ាត ហ្រេ្វតគិស ដែលបានផ្ញើមកនូវទឹកប្រាក់១.២៨០.៤៩៧,៧៨ ដុល្លារអាមេរិក ដើម្បីកសាងភូមិកុមារនៅទីនេះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថានេះជាទឹកចិត្តរបស់មនុស្សដែលមានសប្បុរសធម៌គ្មានព្រំដែនទេ ទោះបីជាតិសាសន៍ស្បែកលឿង-ស្បែកស ឬស្បែកខ្មៅ គឺយើងមានឈាមក្រហមដូចគ្នា ។ ដូច្នេះហើយពីកន្លែងមួយទៅកន្លែងមួយ លើពិភពលោកនេះ ប្រធានអង្គការអេសអូអេស តែងតែបានធ្វើដំណើរគ្រប់ទិសទី ដើម្បីកសាងភូមិកុមារ ។
ទាក់ទិននឹងតម្រូវការសាងសង់សាលារៀនភូមិកុមារអេសអូអេស រតនគិរីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសកាត់យកដីពីក្រសួងកសិកម្មចំនួន២ហិកតាសម្រាប់សង់សាលារៀនភូមិកុមារនេះ ដើម្បីជាផលប្រយោជន៍នៅក្នុងទីរួមខេត្តរតនគិរីតែម្តង ។
ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍយុទ្ធសាស្រ្តត្រីកោណកម្ពុជា-វៀតណាម-ឡាវ គឺតំនប់កន្ទុយនាគ មានផ្លូវមួយខ្សែសំខាន់ ដើម្បីតភ្ជាប់ពីរតនគិរី ទៅដល់មុម៣ កន្ទុយនាគតំបន់ត្រីកោណ ។ នេះជាចំណុចដែលមានការវិវឌ្ឍ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានក្តីសង្ឃឹមថា បើយឺតបំផុតនៅឆ្នាំ២០២០ តំបន់ឦសាន នឹងក្លាយជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀតគឺប៉ូលសេដ្ឋកិច្ចទី៤ ។ កម្ពុជាកំពុងមានប៉ូលសេដ្ឋកិច្ច៣ ប៉ូលទី១ នៅទីក្រុងភ្នំពេញ ប៉ូលទី២នៅក្រុងព្រះសីហនុ ប៉ូលទី៣ នៅខេត្តសៀមរាប ។ ឆ្នាំ២០២០ នឹងកើតបាននៅប៉ូលសេដ្ឋកិច្ចទី៤នៅភូមិភាគឦសានដែលក្របដណ្តប់ដោយខេត្តរតនគិរី បណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ និងព្រះវិហារផងដែរ ។
នេះគឺជាតំបន់ឧស្សាហកម្ម និងតំបន់អភិវឌ្ឍធនធានរ៉ែ ដែលមិនទាន់បានប្រើប្រាស់ ។ នោះគឺជាការប្រឹងប្រែងដើម្បីពង្រីកច្រកកំណើនសេដ្ឋកិច្ចកម្ពុជា ។ ពេលនេះស្ថានភាពមិនខុសគ្នាឆ្ងាយពេករវាងទីក្រុងភ្នំពេញ ជាមួយទីរួមខេត្ត ទីប្រជុំជន ឬក៏ជនបទនានាដែរ ។ ទន្ទឹមនឹងនេះទំនាក់ទំនងពីទីកន្លែងមួយទៅកន្លែងមួយក៏កាន់តែងាយស្រួល ។ ពិតមែនហើយចំពោះការជ្រើសរើសវិស័យដទៃទៀតក៏ឱ្យមានការជ្រើសរើសតិចតួច ប៉ុន្តែវិស័យពេទ្យ និងវិស័យអប់រំមានការប្រើប្រាស់ច្រើន ។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការអេសអូអេសកម្ពុជា មានប្រសាសន៍ថា ភូមិកុមារអេសអូអេសកម្ពុជា ខេត្តរតនគិរី គឺជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាជាមួយអង្គការភូមិកុមារអេសអូអេសអន្តរជាតិ។
លោករដ្ឋមន្ត្រីបន្តថា រយៈពេល១០ឆ្នាំកន្លងមក គិតពីថ្ងៃទី២២ មករា ឆ្នាំ១៩៩៩ រហូតមកដល់ពេលនេះ អង្គការភូមិកុមារអេសអូអេស អន្តរជាតិ បានអនុវត្តគម្រោងចំនួន៧ គឺស្ថិតនៅ៤រាជធានី-ខេត្តរួមមាន គម្រោងទី១-ភូមិកុមារអេសអូអេសភ្នំពេញថ្មី នៅរាជធានីភ្នំពេញ ទី២-ភូមិកុមារអេសអូអេសអង្គរ ខេត្តសៀមរាប ទី៣-សាលារៀនអេសអូអេស ហ័រម៉ាន ទី៤-ភូមិកុមារអេសអូអេស ខេត្តបាត់ដំបង ទី៥-សាលារៀនអេសអូអេសហ័រម៉ាន ម៉ៃន័រ បាត់ដំបង ទី៦-សាលាអេសអូអេសហ័រម៉ានម៉ៃន័រភ្នំពេញ និងទី៧-ភូមិកុមារអេសអូអេសរតនគិរី ដាក់សម្ពោធថ្ងៃនេះ។
ភូមិកុមារអេសអូអេសរតនគិរីបានចាប់ផ្តើមសាងសង់ពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០១០ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៨ សីហា ឆ្នាំ២០១១ ដែលមានទំហំផ្ទៃដី១៩.៨៨៩ម៉ែត្រការ៉េ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៧៨ ភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដែលចំណាយលើការសាងសង់ និងបំពាក់សម្ភារចំណាយទឹកប្រាក់អស់១.២៨០.៤៩៧,៧៨ដុល្លារអាេមរិក ជាថវិការបស់អង្គការអេសអូអេសអន្តរជាតិ ។ ឧបត្ថម្ភដោយលោកវេជ្ជបណ្ឌិតម៉ានហ្វ្រេតគិស ជនជាតិស៊ុយអែត។
លោករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី អង្គការអេសអូអេសអន្តរជាតិ បានប្តេជ្ញាបន្តគម្រោងជាច្រើនទៀតនៅកម្ពុជា។ គម្រោងទី៨-សាងសង់កុមារអេសអូអេសនៅខេត្តក្រចេះ ដែលគ្រោងសាងសង់នៅ លើផ្ទៃដីទំហំ៩១ម៉ែត្រគុណនឹង១១០ម៉ែត្រ ដែលគ្រោងអនុវត្តសាងសង់នាដើមឆ្នាំ២០១២ខាងមុខនេះ ។
លោកហែល មុតគូទីន ប្រធានអង្គការភូមិកុមារអេសអូអេសអន្តរជាតិបានថ្លែងថា ដោយមានកិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ចនិងអង្គការអេសអូអេសជាគំរូមួយដ៏ល្អ ដែលឈានឱ្យយើងបានសម្រេចលទ្ធផលធំៗនៅពេលខាងមុខនេះ។
លោកប្រធានអង្គការភូមិកុមារបន្តថា យើងនឹងពួតដៃគ្នាដើម្បីផ្តល់ផលប្រយោជន៍ឱ្យកុមារ ហើយនៅពេលខាងមុខនេះ យើងនឹងមានភូមិកុមារពីរទៀត នៅខេត្តក្រចេះ និងខេត្តកំពត។ មិត្តភក្តិនៅប្រទេសស៊ុយអែត បានយល់ព្រមឱ្យយើងសាងសង់ភូមិកុមារទាំង២នេះទៀត ។
បន្ទាប់មកសម្តេចតេជោក៏បានបំពាក់គ្រឿងឥស្សរិយយសជូនដល់លោក លោកស្រីជាសប្បុរសជនអន្តរជាតិ និងជាតិ ដែលបានឧបត្ថម្ភ និងមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ។
មេដាយជាតូបការ និងមេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍៕ ច័ន្ទថា
ចែករំលែកព័តមាននេះ