រាជធានីភ្នំពេញ ៖ អនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែវ រួមជាមួយចៅអធិការវត្ត និងសាខាសហគមន៍មូលនិធិនគរកាយព្រះពុទ្ធសាសនាកម្ពុជាប្រចាំខណ្ឌឫស្សីកែវកាលពីព្រឹកថ្ងៃទី២១ ធ្នូ បាននាំអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនយកទៅចែកជូនគ្រួសារក្រីក្រ និងផ្ទុកមេរោគអេដស៍ចំនួន១០គ្រួសាររស់នៅសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ។
អំណោយដែលនាំយកទៅឧបត្ថម្ភក្នុងឱកាសនោះក្នុង១គ្រួសារទទួលបានអង្ករ៣៥គីឡូក្រាម គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ចំនួន១៨មុខទៀត និងប្រាក់ចំនួន១៦មឺុនរៀល។ អំណោយទាំងនេះបានមកពីការចូលរួមគ្នារវាងសាខាសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា និងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ។ ដោយឡែកថវិកាបានមកពីការចូលរួមពីភិក្ខុ កន្តវីរោ ចាន់ ធឿន ចៅអធិការស្តីទីវត្តទួលសន្តិវ័ន១គ្រួសារ២ម៉ឺនរៀល សាខាសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនា៤ម៉ឺនរៀល និងកាកបាទក្រហមខណ្ឌឫស្សីកែវ១០ម៉ឺនរៀល សរុបទាំងអស់១៦ម៉ឺនរៀល។
លោកអឿ សីុផុន ចៅសង្កាត់ស្តីទីសង្កាត់ព្រែកតាសេកឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្រ និងផ្ទុកមេរោគអេដស៍ចំនួន១០គ្រួសារដែលជ្រើសចេញពីតាមភូមិចំនួន៥ក្នុងសង្កាត់បានទទួលការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ។ នៅក្នុងសង្កាត់ព្រែកតាសេកមានប្រជាពលរដ្ឋក្រីក្រចំនួន១២០នាក់ ជនពិការចំនួន២២នាក់ និងអ្នកផ្ទុកមេរោគអេដស៍មួយចំនួនទៀត តែយើងជ្រើសរើសតែអ្នកក្រីក្រខ្លាំង និងយ៉ាប់យឺុនចំនួន១០គ្រួសារ ហើយនាំអំណោយចែកជូននៅពេលនេះ។
លោកនុត ពុធដារ៉ា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលលោកជំទាវតែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសទីណាមានការលំបាក មានកាកបាទក្រហមកម្ពុជា នាំអំណោយចែកជូនបងប្អូនដើម្បីជួយសម្រួលការលំបាក។
លោកនុត ពុធដារ៉ា បញ្ជាក់ថា អំណោយដែលនាំទៅចែកជូនដល់ប្រជាពលរដ្ឋនៅពេលនេះបានមកពីការចូលរួមពីព្រះសង្ឃ ពុទ្ធបរិស័ទ និងសប្បុរសជននានាដែលជារៀងរាល់ខែអនុសាខាកាកបាទក្រហមខណ្ឌឫស្សីកែវរួមជាមួយព្រះសង្ឃជាចៅអធិការវត្ត សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងផ្ទុកមេរោគជាបន្តបន្ទាប់ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬពូជសាសន៍ឡើយ។
ប្រភពដដែលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ សប្បុរសជនដែលតែងតែផ្តល់អំណោយតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវដើម្បីនាំយកទៅចែកជូនដល់ជនរងគ្រោះដល់មូលដ្ឋាន។
នៅក្នុងឱកាសនោះ លោកនុត ពុធដារ៉ា បានផ្តល់អំណោយបន្ថែមទៀតចំនួន១២ម៉ឺនរៀល និងអាវពោងចំនួន១ដល់គ្រួសារ លោកប៉ា តាំង និងអ្នកស្រី ព្រឿង ណា ក្នុងចំណោម១០គ្រួសារដែលជាគ្រួសារក្រីក្រ មានកូន១០នាក់ដើម្បីយកទៅសងថ្លៃអង្ករដែលជំពាក់គេ៕ ជលធា


ចែករំលែកព័តមាននេះ