ខេត្តកណ្តាល ៖ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី ២១ ធ្នូ ឆ្នាំ២០១១ ប្រតិភូកាកបាទក្រហមកម្ពុជា សាខាខេត្តកណ្តាលដឹកនាំដោយលោកឈុន ស៊ីរុន សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ប្រធានកិត្តិយសសាខាខេត្តនិងជាអភិបាលខេត្តកណ្តាល លោកឧកញ៉ាហាក់ប៊ុនធឿន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាននាំកម្លាំងសមាជិកសមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត សមាជិកទ្រទ្រង់ និងមន្ត្រីរាជការជុំវិញខេត្តចុះជួយច្រូតកាត់ប្រមូលផលស្រូវរដូវវស្សាជូនប្រជាពលរដ្ឋដែលខ្វះខាតកម្លាំងពលកម្មស្ថិតនៅភូមិត្បូងក្តី ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ។ ការចុះជួយនេះ ក្នុងបំណងពន្លឿនការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមប្រសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
ក្នុងឱកាសចុះជួយប្រមូលផលស្រូវប្រជាពលរដ្ឋនេះ គេសង្កេតឃើញវត្តមានអស់លោក លោកជំទាវ លោកស្រី ក្នុងជួរក្រុមប្រឹក្សាខេត្ត ជួរគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរ អង្គភាពជុំវិញខេត្ត និងស្រុក កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី ឃុំ-ភូមិ អ្នកស្ម័គ្រចិត្តកាកបាទក្រហម ក្មួយៗយុវជនកាកបាទក្រហម កាយរិទ្ធ សមាគមយុវជនស្រុកកណ្តាលស្ទឹង សរុប៧២០នាក់ ។
លោកឈុន ស៊ីរុន បានមានប្រសាសន៍លើកឡើងថា នេះជាប្រពៃណីទំនៀបទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើងសម្រាប់ជួយរំលែករាល់ការលំបាករបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ ដូចជាក្រុមគ្រួសារទីទ័លក្រខ្វះកម្លាំងពលកម្មព្រមទាំងស្រ្តីមេម៉ាយ ចាស់ជរា ឬជនពិការជាដើម ។ ជាងនេះទៅទៀត ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ គប្បីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវទទួលភារកិច្ចជួយសម្រាលដល់បន្ទុកប្រជាពលរដ្ឋ ទោះបីមានឧបសគ្គយ៉ាងណាកើតឡើងក៏ដោយ ក៏មិនត្រូវរុញរាឡើយ ។
លទ្ធផលដែលប្រតិភូបានចុះជួយច្រូតកាត់ប្រមូលផលស្រូវនាឱកាសនេះ បានអនុវត្តលើផ្ទៃដីចំនួន៥ហិកតាកន្លះ ហើយបានសម្រេចជាស្ថាពរនៅវេលាម៉ោង១១ថ្ងៃត្រង់ ។ ប្រជាពលរដ្ឋម្ចាស់ស្រែមានសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងអនេកប្បការចំពោះថ្នាក់ដឹងនាំ ពិសេសឯកលោកអភិបាលខេត្តប្រធានកិត្តិយសសាខា ដែលតែងតែយកចិត្តទុកដាក់ជួយរំលែកទុក្ខលំបាករបស់ប្រជាកសិករជារៀងរហូតមកក្នុងទូទាំងខេត្តកណ្តាល ៕
សហការី
ចែករំលែកព័តមាននេះ